ស្សាបាដានី៖ ក្រុមប្រឆំាងបាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាល បានសម្លាប់ប្រជាជន យ៉ាងហោចណាស់ ១៣នាក់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ម្សិលមិញនេះ រួមទាំងទាហាន ០៥នាក់បានស្លាប់ ខណៈពេលដែលពួកគេបានព្យាយាម រត់ក្នុងអំឡុងពេលមានការបាញ់ប្រហារគ្នានោះ ហើយប្រជាពលរដ្ឋ ០៥នាក់ត្រូវបាន គេបាញ់ស្លាប់នៅពេល ដែលកំពុងឈរនៅខាងមុខ ហាងនំបុ័ងជិតកន្លែងនោះផងដែរ។
យោងតាមគេហទំព័រ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ ២០១២ នេះថា យ៉ាងហោចណាស់មនុស្ស ២០នាក់ផ្សេងទៀតទទួលរងរបួស នៅពេលក្រុមទាហានស៊ីរី បានបោកគ្រាប់នៅផ្ទះប្រជាជន នៅទីក្រុង ដាម៉ាស្គូស ជាយក្រុង ស្សាបាដានី។ នេះបើយោងទៅតាម គណៈកម្មការសម្របសម្រួល ក្នុងតំបន់បាននិយាយនោះ។
ក្រុមអង្កេតការណ៍សិទ្ធិមនុស្សប្រចាំនៅប្រទេសស៊ីរី បាននិយាយថា ប្រជាជន ០៩នាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ។ បន្ថែមលើនេះទៅទៀត ក្រុមប្រឆាំងបាននិយាយថា ការបង្ក្រាបរបស់កងកម្លាំងសន្តិសុខ នៅសកលវិទ្យាល័យមួយនៅ អាលេបប៉ូ បានចាប់ខ្លួននិស្សិតចំនួន ០៩នាក់ កាលពីថ្ងៃចន្ទ ទី១៦ ម្សិលមិញនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក មូហាមេដ អាប៊ូល ហាមិដ អាល់អាវ៉េដ ដែលជាមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏ត្រូវបានក្រុមភេរវជនប្រដាប់ដោយអាវុធ បាញ់ប្រហារផងដែរ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅកន្លែងធ្វើការនោះ។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.