អ្នកជំនាញវិស័យកាត់ដេរ នឹងជួបបញ្ហាប្រឈមក្នុងឆ្នាំ ២០១២

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels: ,

  • នៅពេលវិបត្តិសេដ្ឋកិច្ចពិភពលោក មានសន្ទុះងើបឡើងវិញ បានធ្វើឱ្យ វិស័យ កាត់ដេរនៅក្នុងប្រទេសកម្ពុជាក៏ងើបឡើង វិញដែរហើយបើតាមអ្វីដែល អ្នកជំនាញធ្វើការកត់សម្គាល់នោះ នៅក្នុងឆ្នាំ ២០១១ ត្រូវបានគេចាត់ទុកថា ជាឆ្នាំដែល វិស័យកាត់ដេរមានសន្ទុះងើបឡើងខ្លាំងក្លាមែនទែន បើធ្វើការប្រៀប ធៀបនឹងឆ្នាំមុនៗ ។ ប្រាក់ចំណូលដែលបានមក ពីវិស័យកាត់ដេរនេះមានចំនួនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិបានមួយផ្នែកធំដែរ ប៉ុន្តែសម្រាប់ឆ្នាំ ២០១២ ក្រុមអ្នកជំនាញលើវិស័យនេះ បានប្រមើលមើលថា ជាឆ្នាំដែលវិស័យកាត់ដេរជួបបញ្ហាជាថ្មីម្តងទៀត ។


          ទីផ្សារសំខាន់សម្រាប់វិស័យកាត់ដេររបស់ កម្ពុជាគឺសហរដ្ឋអាមេរិក ដែលសហរដ្ឋ អាមេរិកបានផ្តល់កូតា ឬ អនុគ្រោះពន្ធសម្រាប់ ផលិតផលវាយនភ័ណ្ឌដែលនាំចេញពីប្រទេស កម្ពុជា ។ នៅក្នុងឆ្នាំ ២០១១ ជាឆ្នាំដែលមានការ បញ្ជាទិញផលិតផលវាយនភ័ណ្ឌចេញពីកម្ពុជា ច្រើន ហើយក៏ជាឆ្នាំដែលមិនមានរោងចក្រកាត់ ដេរបិទទ្វារដែរ បើទោះបីជាមានបាតុកម្ម ឬ កូដ-កម្មរបស់កម្មករ-ការិនីនៅតាមរោងចក្រមួយចំនួន ក្តី ។ លោក កាំង ម៉ូនីកា មន្ត្រីព័ត៌មានទូទៅនៃ សមាគមកាត់ដេរកម្ពុជាមានប្រសាសន៍ទាក់ទងនឹង វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាថា បរិយាកាសទូទៅនៃវិស័យកាត់ដេរនៅក្នុងឆ្នាំ ២០១១ មានលក្ខណៈល្អប្រសើរជាងមុន ច្រើនជាងឆ្នាំដែល មានការបញ្ជាទិញច្រើន បើប្រៀបធៀបកាលពី ឆ្នាំ ២០១០ មានការកើនឡើងជាង ៣០ ភាគរយ ក្នុងនោះធ្វើការនាំចេញទៅសហគមន៍អឺរ៉ុប និង ជប៉ុន មានការកើនឡើងច្រើនជាងគេ ។ ដោយ ទៅសហគមន៍អឺរ៉ុបកើនឡើង ៦០ ភាគរយ និង ទៅ ប្រទេសជប៉ុនកើនឡើង ១២៥ ភាគរយ បើប្រៀប ធៀបរយៈពេល ១០ ខែដូចគ្នាកាលពីឆ្នាំ ២០១០ ។ ទោះបីជាយើងមើលឃើញថា ការនាំចេញទៅ កាន់ប្រទេសជប៉ុនមានការកើនឡើង ១២៥ ភាគរយ ក៏ពិតមែន តែទំហំទឹកប្រាក់វាមិនធំដូចជាការនាំ ចេញទៅកាន់សហរដ្ឋអាមេរិក និង ទៅសហគមន៍អឺរ៉ុប នោះទេ ។ សម្រាប់ស្ថានភាពវិស័យកាត់ដេរនៅក្នុងឆ្នាំ ២០១២ ខ្ញុំមើលឃើញថា វានៅតែបន្តកើនឡើងដដែល ប៉ុន្តែភាគរយនៃការកើនឡើងនោះមិនមានសន្ទុះខ្លាំងក្លា ដូចឆ្នាំ ២០១១ នោះទេ ពីព្រោះដោយសារតែស្ថានភាព សេដ្ឋកិច្ចពិភពលោកទូទៅមិនសូវល្អ ពិសេសគឺវិបត្តិនៅ អឺរ៉ុបតែម្តង ។

          កន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់បានធ្វើការប្រកាស ផ្តល់ប្រាក់ឧត្ថម្ភចំនួន ៥ ដុល្លារ ដែលគេហៅថា “ប្រាក់ ឧបត្ថម្ភសុខភាព” បន្ថែមលើប្រាក់បៀវត្សរ៍របស់កម្មករ-ការិនី ដែលទទួលបានជារៀងរាល់ខែ ហើយអ្វីដែល គេព្រួយបារម្ភបន្ថែមទៀតសម្រាប់អនាគតវិស័យកាត់ ដេរនៅក្នុងប្រទេសកម្ពុជានោះគឺការទំនាក់ទំនងនយោបាយរវាងសហរដ្ឋអាមេរិក និង ប្រទេសភូមាកាន់តែ មានភាពល្អប្រសើរធ្វើឱ្យសហរដ្ឋអាមេរិកអាចផ្តល់កូតា ដល់ប្រទេសភូមា ពេលនោះរោងចក្រមួយចំនួននឹងរត់ ចេញពីប្រទេសកម្ពុជាទៅធ្វើនៅប្រទេសភូមា ដែលជា បញ្ហាប្រឈមសម្រាប់វិស័យកាត់ដេរនៅក្នុងប្រទេស កម្ពុជានាពេលអនាគត ។

          លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វិស័យ កាត់ដេរនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពពីរគឺ គុណសម្បត្តិ  និង គុណវិបត្តិ ដោយគុណសម្បត្តិវិស័យនេះនៅក្នុងឆ្នាំ ២០០៨ និង ២០០៩ មានការធ្លាក់ ចុះខ្លាំងមែនទែន តែនៅដើមឆ្នាំ ២០១០ វាបានចាប់ផ្តើមងើបឡើងវិញ ដែលមានការកើនឡើង រហូតដល់ពីរពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ដោយឡែកនៅក្នុងឆ្នាំ ២០១១ កន្លងទៅនេះ ចំណូល ដែលបានមកពីការនាំចេញផលិតផលវាយនភ័ណ្ឌទៅកាន់ទីផ្សារអន្តរជាតិមានចំនួនទឹកប្រាក់ កើនឡើងរហូតដល់បីពាន់លានដុល្លារ ។ កាលពីមុនយើងមានរោងចក្រកាត់ដេរ តែ ៣៤០រោង-ចក្រទៅ ៣៥០ រោងចក្រប៉ុណ្ណោះ តែក្នុងឆ្នាំ ២០១១ រោងចក្រកាត់ដេរបានកើនឡើងរហូតដល់ ៥០០ រោងចក្រ ហើយមិនមានរោងចក្រណាមួយត្រូវបានបិទទ្វារនោះទេ ។ ប៉ុន្តែបើយើងនិយាយ ពីគុណវិបត្តិវិញ នៅក្នុងឆ្នាំ ២០០៩ កម្មករ-ការិនី មានការខាតបង់ប្រាក់ជាច្រើនដោយសារវិបត្តិ សេដ្ឋកិច្ច បានធ្វើឱ្យក្រុមហ៊ុនរោងចក្រកាត់ដេរមួយចំនួននៅក្នុងប្រទេសកម្ពុជាត្រូវបិទទ្វារ ហើយ មិនបានទូទាត់សំណងជូនកម្មករតាមច្បាប់ ។ តែនៅក្នុងឆ្នាំ ២០១១ យើងពិនិត្យឃើញថា រោង-ចក្រកាត់ដេរមានការកើនឡើងច្រើនមែនទែន ប៉ុន្តែអ្វីដែលជាការប្រឈមសម្រាប់កម្មករកាត់ដេរ នោះគឺការធ្វើកិច្ចសន្យាការងារខ្លីៗ មានន័យថា ក្រុមហ៊ុនរោងចក្រទាំងអស់នោះមិនចង់ឱ្យ កម្មករ-កម្មការិនីមានកិច្ចសន្យារយៈពេលវែងឡើយ ។ គេមានធ្វើកិច្ចសន្យារយៈពេលខ្លីៗ ដូច្នេះ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់ចលនារបស់សហជីពដែលធ្វើឱ្យកម្មករ-ការិនីជួបការលំបាកក្នុង ការប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការទាមទារលក្ខខណ្ឌការងារទាមទារឱ្យមានការអនុវត្តច្បាប់ ។

          សម្រាប់វិស័យកាត់ដេរនៅក្នុងឆ្នាំ ២០១២ នឹងមានការប្រឈមខ្លាំង ដោយសារទីមួយ រដ្ឋាភិបាលមិនបានគិតគូរដល់ហានិភ័យជាច្រើនដូចជា តុលាការការងារមិនទាន់ត្រូវបានបង្កើត ប្រសិនបើយើងមានតុលាការការងារ វាអាចជួយឱ្យមានទំនុកចិត្តដល់អ្នកវិនិយោគ ។ ទីពីរ ខ្ញុំមើល ឃើញថា នយោបាយរបស់ប្រទេសសេរី និង ប្រទេសកុម្មុយនីស្តកំពុងតែមានទំនាក់ទំនងល្អជាមួយ គ្នាដូចដែលយើងបានឃើញស្រាប់ហើយ សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍នឹងប្រទេស ភូមា បើកាលណាអាមេរិកចាប់អារម្មណ៍ប្រទេសភូមា អាមេរិកអាចផ្តល់កូតាឱ្យទៅប្រទេសភូមា ហើយអ្នកវិនិយោគលើវិស័យកាត់ដេរអាចរត់ទៅធ្វើការវិនិយោគនៅប្រទេសចិន កាលណារោង ចក្រកាត់ដេររត់ទៅប្រទេសភូមា វិស័យកាត់ដេរក្នុងប្រទេសកម្ពុជានឹងជួបបញ្ហាវិបត្តិ បើប្រព័ន្ធ តុលាការមិនល្អ តុលាការការងារមិនទាន់មាន បញ្ហាអំពើពុករលួយនៅតែមាន ។ ដូច្នេះបើតាម ការមើលឃើញរបស់ខ្ញុំ វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២ នឹងមានហានិភ័យ ។

          បើយោងតាមតួលេខដែលទទួលបានពីសហគមន៍រោងចក្រកាត់ដេរកម្ពុជាបានឱ្យដឹងថា ក្នុង រយៈពេល ១០ ខែ ក្នុងឆ្នាំ ២០១១ ចំណូលដែលបានមកពីវិស័យកាត់ដេរមានចំនួនទឹកប្រាក់ ៣.២៦៤ លានដុល្លារ តែបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១០ ចំណូលដែលទទួល បានពីវិស័យនេះមានចំនួនទឹកប្រាក់ ២.៤៦៩ លានដុល្លារ គឺវាបានកើនឡើង ៣២ ភាគរយ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.