គុវ៉ាហាតិ៖ ក្រុមឧទ្ទាមបំបែកខ្លួនឥណ្ឌា ប្រមាណ៧០០នាក់ បានដាក់អាវុធចុះ មករួមរស់ជាមួយរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ក្នុងពិធីអបអរការចុះចូល ដែលរដ្ឋាភិបាលបានចាត់ទុកថា ជាការបញ្ចាប់សង្រ្គាមឆ្ពោះទៅកាន់ សន្តិភាពក្នុងតំបន់ដែលមានការ ប្រទាញប្រទង់គ្នា ជាយូរមកហើយ ។
យោងតាមគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១២ ថា រដ្ឋមន្រ្តីចាំផ្ទះ លោក P Chidambaram បានមានប្រសាសន៍ថា នេះជាលទ្ធផលនៃការពិភាក្សា ដើម្បីសន្តិភាព និងបទឈប់បាញ់គ្នា ដែលធ្វើឱ្យថយចុះ អំពើហិង្សា បន្ទាប់ពីច្រើនទសវត្សរ៍ នៃចលនាសកម្មប្រយុទ្ធដោយក្រុមកុលសម្ព័ន្ធ បំបែករដ្ឋឥណ្ឌា។
លោក P Chidambaram បានថ្លែងបន្តថា «ទុករឿងអតីតកាលឱ្យនៅខាងក្រោយខ្លួនយើង ហើយសម្លឹងទៅមុខប្រកបដោយ ភាពវិជ្ជមាន យើងសូមអះអាងថា បងប្អូនចុះចូលជាមួយរដ្ឋាភិបាលទាំងអស់ នឹងទទួលបានការរាប់អានស្មើៗគ្នា និងរស់នៅដោយភាពថ្លៃថ្នូ ព្រមទាំងមានកិត្តិយសដូចប្រជាជនទូទៅ» ។.
ទន្ទឹមនឹងការប្រកាសរបស់លោក រដ្ឋមន្រ្តីនេះដែរ ក្រុមឧទ្ទាមស្ថិតក្នុងឯកសណ្ឋានទ័ព ព្រៃពណ៌ខៀវ បានប្រគល់កាំភ្លើងវែង កាំភ្លើងយន្ត កាំភ្លើងខ្លីនៅចំពោះមុខ អ្នកថតរូបជាច្រើននាក់ ក្នុងសន្និសីទកាសែត។
គួរបញ្ជាក់ថា ឥណ្ឌាបានបែកបាក់ផ្ទៃក្នុង ដោយសារជម្លោះរបស់ក្រុមបំបែក រដ្ឋចាប់តាំងពីទទួលឯករាជ្យ ក្នុងឆ្នាំ១៩៤៧ ដែលកាលនោះកុបកម្មបង្ហូរឈាម មួយបានកើតឡើងនៅភាគពាយ័ព្យ នៃតំបន់ កាស្មៀ និងភាគឦសាន្ត ជាប់ព្រំដែន ជាមួយប្រទេសបង់ក្លាដេស ចិន និងមីយ៉ាន់ម៉ា ៕





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.