ក្រុងហ្សិនចិនៈ ក្រុមហ៊ុន ZTE Corp ដែលជាក្រុមហ៊ុនផលិតសម្ភារទូរស័ព្ទធំជាងគេទីពីររបស់ចិន បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន និងក្រុមហ៊ុន Ericsson AB បានឯកភាពគ្នាដកបន្តឹងទាក់ទងសិទ្ធិលើរបកគំហើញពិសេស ដែលបានប្តឹងចោទប្រកាន់គ្នាទៅវិញទៅមកហើយ។
ក្រុមហ៊ុន ZTE បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើរទៅកាន់ផ្សារហ៊ុន Shenzhen Stock Exchange នៅថ្ងៃទី១៩ ខែមករាថា ក្រុមហ៊ុនទាំងពីរ កំពុងរងចាំការឯកភាពពីតុលាការ ដើម្បីបញ្ចប់បន្តឹងនេះ។
ក្រុមហ៊ុន ZTE ក៏បានបដិសេធផងដែរថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវបានតុលាកាបញ្ជាឲ្យសងក្រុមហ៊ុន Ericsson នូវទឹកប្រាក់ចំនួន ៥០០លានអឺរ៉ូ (៦៤៧លានដុល្លារ)នោះ ព្រមទាំងត្រូវបានហាមមិនឲ្យចូលទៅកាន់ទីផ្សារអឺរ៉ុបទៀតផង។ រីឯក្រុមហ៊ុន Ericsson ដែលមានមូលដ្ឋាននៅទីក្រុង Stockholm វិញ ក៏បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតដែរថា ភាគីទាំងពីរ បានព្រមព្រៀងបោះបង់ចោលវិវាទផ្លូវច្បាប់ទាំងអស់ហើយ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណទៅវិញទៅមកផងដែរ។
ក្រុមហ៊ុន ZTE បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា៖ «បន្ទាប់ពីមានកិច្ចពិភាក្សា និងការប្រឹក្សាដ៏ទូលំទូលាយមក ក្រុមហ៊ុនទាំងពីរ បានព្រមព្រៀងគ្នា ដកពាក្យបន្តឹងផ្លូវច្បាប់ទាំងអស់ទាក់ទិននឹងសិទ្ធិពិសេសលើរបកគំហើញថ្មី ដែលបានប្តឹងចោទប្រកាន់គ្នាទៅវិញទៅមកនោះ»។ ការដកពាក្យបន្តឹងនេះ រួមមាន ពាក្យបន្តឹងដែលក្រុមហ៊ុន Ericsson ប្តឹងចោទប្រកាន់ក្រុមហ៊ុន ZTE នៅប្រទេសអង់គ្លេស នៅអាល្លឺម៉ង់ និងនៅប្រទេសអុីតាលី រួមទាំងពាក្យបន្តឹង ដែលក្រុមហ៊ុន ZTE បានប្តឹងចោទប្រកាន់ក្រុមហ៊ុន Ericsson នៅប្រទេសចិនផងដែរ៕ Bloomberg/BP
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.