ម្សិលមិញនេះ ប្អូនប្រុស នាង ពេជ្រ សិរីរ័ត្ន បានបើកបរថយន្ត ប៉ះទង្គិចជាមួយអ្នកដំណើរម្នាក់ ក្នុងទឹកដីខណ្ឌសែនសុខ។ ក្រោយកើតរឿង ពេជ្រ សិរីរ័ត្ន ត្រូវបានគេ រិះញគន់ជាខ្លំាង ក្នុងកាតព្វកិច្ចអន្តរាគមន៍ជួយប្អូនប្រុសរបស់នាង ក៏ព្រោះតែនាងបានប្រើសម្តីអសុរោះដាក់សមត្ថកិច្ច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនក្នុងថ្ងៃនេះ។
ឆ្លើយតបនឹងការចុះផ្សាយទាំងនោះ អតីតពិធីការិនីទូរទស្សន៍បាយ័ន នាង ពេជ្រ សិរីរ័ត្ន បានអះអាងថា វាហួសហេតុ និងមានការពិតតិចតួចពេក។ តារាដែលមានរឿងអាស្រូវហូរហែតាំងពីចុងឆ្នាំ២០១១ រូបនេះ និយាយថា “ខ្ញុំទើបតែដឹង មុននេះបន្តិច តាមមិត្តភ័ក្តិគេអានឲ្យស្តាប់តាមទូរស័ព្ទ ហើយខ្ញុំគិតថា វាហួសហេតុពេកហើយ…”។
ដោយមិនទាន់បកស្រាយអ្វីដែលនាងយល់ថាហួសហេតុពេកនោះ ពេជ្រ សិរីរ័ត្ន និយាយពីហេតុការណ៍ម្សិលមិញនេះថា “នៅវេលាម៉ោងប្រហែល ជាម៉ោង១២ថ្ងៃត្រង់ម្សិលមិញ ប្អូនប្រុសរបស់ខ្ញុំ បើកឡានមកពីរៀនត្រឡប់មកផ្ទះ ហើយពេលមកដល់ ប្អូនប្រុសរបស់ខ្ញុំ ក៏បានបត់ចូលផ្ទះ ខណៈមានម៉ូតូមួយបើកបរដោយនារីម្នាក់ធ្វើដំណើរស្របទិសគ្នា ក្នុងបំណងវ៉ាឡាន ប្អូនប្រុសខ្ញុំ តែមិនផុត ក៏ប៉ះគ្នាទៅ។ ហើយក្រោយប៉ះទង្គិចគ្នានោះ បើនិយាយទៅ ឡានប្អូនខ្ញុំខូចខាតច្រើនជាងផង ខណៈម៉ូតូដូចជាមិនខូចខាតអីច្រើននោះទេ។ ប៉ុន្តែ មិនទាន់បាននិយាយរឿងសំណងអីផង ស្រាប់តែមានបុរសម្នាក់ ជាម្ចាស់កន្លែងបញ្ចាំរថយន្តដែលត្រូវជាមួយសមត្ថកិច្ច និងត្រូវជាថៅកែនារីរងគ្រោះ ចេញមកកាងហៅប៉ូលីសពីខាងណាខាងណីខ្លះទេ ដប់ម្ភៃនាក់មក។ ឃើញដូច្នេះ ខ្ញុំក៏និយាយថា តោះទៅដោះស្រាយនៅផ្ទះខ្ញុំទៅ ព្រោះផ្ទះខ្ញុំនៅក្បែរហ្នឹង…”។
ពេជ្រ សិរីរ័ត្ន បន្តថា “បន្តិចក្រោយមក មានប៉ូលីសជាច្រើនបានមកព័ទ្ធផ្ទះខ្ញុំ ហើយពេលខ្ញុំសួរថាមកពីខាងណាខ្លះ គេអត់ប្រាប់ ខណៈម្តាយខ្ញុំបានហៅថា អូនអើយ មានរឿងអី ចូលមកក្នុងផ្ទះអ៊ុំមកដោះស្រាយគ្នា។ ប៉ុន្តែគេមិនចូល ថែមទាំងនិយាយថា កុំចូលផ្ទះវា ទុកឲ្យប៉ូលីសព្រហ្មទណ្ឌដោះស្រាយទៅ ព្រោះហៅមករួចហើយ។ ខ្ញុំសួរថា រឿងគ្រោះថ្នាក់ចរាចរណ៍ម៉េចទៅហៅដល់ប៉ូលីសព្រហ្មទណ្ឌ? តែយ៉ាងណាខ្ញុំមិនខ្វល់ ព្រោះខ្ញុំអត់ខុស ខ្ញុំមិនបានគេចវេសនោះទេ។ លុះប្រហែលកន្លះម៉ោងក្រោយមក ក៏មានប៉ូលីសមួយក្រុមទៀត ដែលអះអាងថាខាងខណ្ឌសែនសុខ មកដល់ ខណៈដប់ម្ភៃនាក់មុន បានដកថយម្តងម្នាក់ៗរហូតអស់ទៅ...”។
ពេជ្រ សិរីរ័ត្ន និយាយទៀតថា “ប៉ូលីសមកក្រោយ គាត់និយាយមានហេតុមានផលណាស់បង មិនដូចមួយក្រុមមុនទេ ប្រើអំណាចសុទ្ធសាធ ពោលគឺពួកគាត់មកក្រោយនិយាយថា ក្មួយអើយមើលទៅ វាដូចជាមិនធ្ងន់ធ្ងរអីទេ ខូចខាតទាំងអស់គ្នា តែធម្មតាយើងឡាន មានចំណែកខុសច្រើនជាងហើយ ដូច្នេះសម្រួលគ្នាទៅ។ ដូច្នេះ ខ្ញុំក៏សួរថា ពូឯងចង់បានប៉ុន្មាន គាត់ថា ៥០ដុល្លារ ខ្ញុំក៏ថា បើអ៊ីចឹងពូឯងមិននិយាយតាំងពីយូរ ហើយខ្ញុំក៏ដកលុយឲ្យគាត់បញ្ចប់រឿងទៅ”។
វិលមកការ ចុះផ្សាយព័ត៌មានរបស់សារព័ត៌មាននានា ដែលនាងយល់ថាហួសហេតុនោះ ពេជ្រ សិរីរ័ត្ន និយាយថា “ប្អូនប្រុសខ្ញុំអាយុ១៩ គេចុះថា ១៥ឆ្នាំ មិនសាកសួរឲ្យច្បាស់ ហើយរឿង ខ្ញុំប្រើពាក្យអសុរោះដាក់ប៉ូលីសនោះ គឺអត់ទេ បើទោះជានាងខ្ញុំខឹងខ្លះមែននឹងការអន្តរាគមន៍នោះ ដែលខាងជនរងគ្រោះហៅមក មានទាំងប៉ូលិសចរាចរណ៍ និងប៉ូលីសព្រហ្មទណ្ឌជាដើមនោះ ដែលមិននិយាយពីហេតុផល តែមកប្រុងគាប នាងខ្ញុំឲ្យសងតែម្តង ដែលដំបូងឡើយថា ជនរងគ្រោះបាក់ជើង យកទៅពេទ្យហើយ តែខ្ញុំចង់ជួប អត់ហ៊ានឲ្យជួប និងចោទខ្ញុំវិញថា ស្តាប់ច្រឡំខ្លួនឯង នោះ…”។
ទោះជាយ៉ាងណា ពេជ្រ សិរីរ័ត្ន បញ្ជាក់ថា នាងពិតបានប្រើពាក្យអសុរោះឆ្លងឆ្លើយខ្លះៗមែន តែមិនមែនជាមួយសមត្ថកិច្ចទេ គឺជាមួយអ្នកកាសែតម្នាក់ដែលមិនដឹងមកពីខាងណាមួយនោះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.