បើទោះបីជាមធ្យោបាយក្នុងការប្រកាសដំណឹងជ្រើសរើសបុគ្គលិក មានច្រើនសម្បូរបែប យ៉ាងណាក្ដី ប៉ុន្តែសម្រាប់មុខតំណែងជាអ្នកជំនាញខាងIT នៅតែស្ថិតក្នុងក្ដីបារម្ភចំពោះបណ្ដាប្រធានធនធានមនុស្ស ឬស្ថាប័នIT នានា។ មិនតែប៉ុណ្ណោះសូម្បីតែបណ្ដាស្ថាប័ន ស្វែងរកបុគ្គលិកឲ្យគេក៏ឈឺក្បាលមិនស្ទើរដែរ ពេលក្រុមហ៊ុនណាមួយចង់បានអ្នកIT Expert ជំនាញជាក់លាក់ណាមួយ ក្នុងកាលបរិច្ឆេទណាមួយ។
ទីប្រឹក្សាខាងធនធានមនុស្សជាន់ខ្ពស់ អ្នកស្រីផាន់ វណ្ណេត បានលើកឡើងថា សម្រាប់Level Senior តាមរយៈបទពិសោធន៍របស់អ្នកស្រីកន្លងមក មើលទៅដូចជាគ្មានអ្វីលំបាកទេ ប៉ុន្តែសម្រាប់អ្នកជំនាញៗ ឬគេហៅថាIT Expert ហ្នឹងពិបាករកមែនទែន។ “រាល់ដងឲ្យតែក្រុមហ៊ុនត្រូវការExpert ខាងហ្នឹងគេដឹងតែបញ្ជូនមកពីបរទេសហ្មង មិនមែនអ្នកក្នុងស្រុកយើងទេ”។
ហែលឆ្លងកាត់បទពិសោធន៍ខាងផ្នែកទូរគមនាគមន៍អ្នកស្រីបន្តថា ខ្មែរមានធនធានមនុស្សគ្រប់គ្រាន់លើផ្នែកHardware ប៉ុន្តែបើSoftware និងSystem ធំៗភាគច្រើនតែងមាន”ប្រធាន”បរទេស។ ចំពោះការពិបាករកនេះ អាចថាខ្វះអ្នកជំនាញ ឫមួយផ្សេងទៀតអាចបណ្ដាលមកពីស្ថាប័នដែលជ្រើសរើសនោះមិនទុកចិត្តលើសមត្ថភាពរបស់Expert ខ្មែរដូច្នេះភាគច្រើនឲ្យតែExpert ដឹងតែគេយកបរទេសហើយ។
ជួបជាមួយHR មួយរូបផ្សេងទៀតបានលើកឡើងថា ឲ្យតែក្រុមហ៊ុនប្រកាសស្វែងរកបុគ្គលិកមិនថាកម្រិតណាទេ ហើយសូម្បីតែExpert ខាងIT ហ្នឹងក៏មានCV ទាំងគរៗដែរ។ “ដូចអត់ឃើញពិបាកអីផង សំខាន់គឺក្រុមហ៊ុន ឬស្ថាប័នយើងហ្នឹងស្ដង់ដារអត់ និងឆ្លើយតបទៅតាមតម្រូវការគេប៉ុណ្ណា”។
“CV ចេះតែបានហើយពេលប្រកាសម្ដងៗ ប៉ុន្តែអត់សូវសម្បូរ ហើយពេលហៅមកសម្ភាសន៍ដឹងតែទារប្រាក់បៀវត្សរ៍ ឬកញ្ចប់អត្ថប្រយោជន៍អ្វីច្រើនតែម្ដង”។ កញ្ញា ចិន្ដា HR កំពុងបម្រើការងារនៅស្វែងរកបុគ្គលិក លើកឡើង។ ឲ្យតែឋានៈធំ ទំនួលខុសត្រូវខ្ពស់ដឹងតែពិបាកហើយ មិនងាយរកទេ កុំថាឡើយខ្មែរ សូម្បីតែបរទេសក៏ពិបាកដែរ លើកលែងតែគេបញ្ជូនផ្ទាល់ៗពីក្រៅមកតែម្ដង។
ជួបជាមួយប្រធាន និងជាអគ្គនាយកក្រុមហ៊ុនH.T.P.P រ៉ូយ៉ាល់ បានថ្លែងថា ពិបាក ឬមិនពិបាកគឺអាស្រ័យលើតម្រូវការដែលភាគីក្រុមហ៊ុនកំណត់ ទំនួលខុសត្រូវរបស់អ្នកនោះ និងការចរចាលើអត្ថប្រយោជន៍តែប៉ុណ្ណោះ។
ប៉ុន្តែបើថាខ្មែរអន់ អាចមិនត្រូវទេ ព្រោះចាប់តាំងពីលោកបើកដំណើរការក្រុមហ៊ុននេះមក មានបណ្ដាប្រទេសជាច្រើនដូចជាកូរ៉េ ចិន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតដែល Outsource គម្រោងរបស់គេមកឲ្យអ្នកជំនាញកម្ពុជាតាមរយៈក្រុមហ៊ុនរបស់លោក។
“ខ្មែរក៏ដោយ បរទេសក៏ដោយអត់សំខាន់ទេ អ្វីដែលត្រូវពិចារណាគឺ បទពិសោធន៍ និងតម្រូវការរបស់ស្ថាប័ននោះ”។ លោកបន្ថែមដូច្នេះ។
តើក្រុមហ៊ុន ឬស្ថាប័នធំៗដូចជា ធនាគារ អង្គការ ឬក្រុមហ៊ុនទូរគមនាគមន៍ពិតជាមិនមានទំនុកចិត្តគ្រប់គ្រាន់លើIT Expert ខ្មែរមែនឬ? ចុះអ្នកជំនាញដែលកំពុងបម្រើការងារនៅទីនោះសុទ្ធតែជាបរទេស ឬខ្មែរ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.