BBC ជំរុញឱ្យ​ យុវជនកម្ពុជា ចូលរួម ក្នុងការអភិវឌ្ឍសង្គម

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ភ្នំពេញៈ អង្គការ BBC Media Action ដែលជាអង្គការ អភិវឌ្ឍន៍មនុស្សធម៌ អន្តរជាតិរបស់ទូរទស្សន៍ BBCនាព្រឹកថ្ងៃទី១១ ខែមករា បានប្រកាសពី គម្រោងថ្មីមួយ ឈ្មោះថា “ឡូយ៩” ដើម្បីធ្វើយ៉ាងណា ជួយជុំរុញ ឱ្យយុវជនកម្ពុជា បានចូលរួម ក្នុងការអភិវឌ្ឍន៍សង្គម ឱ្យមានការរីកចម្រើនឡើង ។
    លោក ប៉ិច ពិសី អ្នកសម្របសម្រួល ក្នុងគម្រោង “ឡូយ៩” របស់អង្គការ BBC Media Action បានឱ្យដឹងថា គម្រោងនេះ ត្រូវបានឧបត្ថម្ភ ដោយអង្គការសហប្រជាជាតិ (UNDP) ដែលមានទឹកប្រាក់ សរុប ប្រមាណ ២.៥លានដុល្លារ ក្នុងគោលបំណងប្រើប្រាស់ព័ត៌មាន ឱ្យយុវជន មានការចូលរួម ក្នុងសង្គម និង បានទទួលព័ត៌មានច្រើន ព្រមទាំងចេះលើកទឹកចិត្ត ដល់យុវជនផ្សេងទៀត ក្នុងការជួយ អភិវឌ្ឍនសង្គមជាតិ ។
    លោកបន្តថា ប្រទេសកម្ពុជា មានប្រជាជនវ័យក្មេងបំផុត ក្នុងតំបន់អាស៊ី អាគ្នេយ៍ ដែលប្រហែល ១ភាគ៣នៃប្រជាជន (៣២ភាគរយ នៃចំនួនប្រជាជន មានអាយុ១៥ ទៅ៣៥ឆ្នាំ) ប៉ុន្តែជារឿយៗ យុវជនភាគច្រើនមានឱកាសតិចតួចណាស់ ពិសេសយុវជននៅតាមជនបទ ក្នុងការចូលរួមក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍សង្គមជាតិ ដែលពួកគេពុំសូវក្លាហាន ក្នុងការចូលរួម ក្នុងសង្គម  ឬពួកគេគិតថា ការចូលរួមក្នុងសង្គម ឬសហគមន៍ ជាការពាក់ព័ន្ធនឹងនយោបាយ គណៈបក្ស បណ្តាលឱ្យពួកគេ មិនចង់ចូលរួម ដូច្នេះកម្មវិធីនេះ នឹងចូលរួមផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ដោយជួយបំពេញបន្ថែម ចំពោះការខ្វះខាតទាំងនោះ ដើម្បីឱ្យគាត់ហ៊ាន បញ្ចេញមតិ និង ទេពកោសល្យរបស់ខ្លួន ចូលរួម អភិវឌ្ឍន៍សង្គមផ្សេងៗ។
    លោក ប៉ិច ពិសី បញ្ជាក់ថា “តាមការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា កត្តាដែលនាំឱ្យ យុវជន ភាគច្រើន មានការស្ទាក់ស្ទើរ ក្នុងការចូលរួមក្នុងសង្គម ដោយសារតែ ប្រទេសកម្ពុជាទើបតែ ងើបពីសង្គ្រាម ហើយទើបតែមានស្ថេរភាពនយោបាយប្រមាណ១០-១៥ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលការសិក្សាអប់រំ ដល់ពួកគេ នៅមាន កម្រិតនៅឡើយ ។ មួយវិញទៀត ការដែលពួកគេ មិនចង់ចូលរួមក្នុងសង្គម ដោយសារ មានការបំភ័យពីមនុស្សចាស់ៗ ដូចជាពួកគាត់ប្រាប់ថា បើអ្នកណា ចូលរួម ក្នុងសង្គម ឬចូលរួមក្នុង នយោបាយ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាដើម ប៉ុន្តែជាក់ស្តែងរដ្ឋាភិបាល ចង់ជំរុញឱ្យយុវជន បានចូលរួមអភិវឌ្ឍន៍ សង្គម យ៉ាងពិតប្រាកដ” ។   
    លោកសង្ឃឹមថា ក្រោយពីបាន អនុវត្តន៍គម្រោង ឡូយ៩ នេះហើយ យុវជនមួយចំនួនធំ នឹងបានយល់ដឹងជ្រួតជ្រាប ច្រើនពីសង្គម ដែលនាំឱ្យពួកគេ ធ្វើអ្វីៗ ដែលនាំ ឱ្យមានការរីកចម្រើន ដូចជាក្រៅពី ទៅសាលារៀន ពួកគេជួយធ្វើការងារឳពុកម្តាយ ហើយពេលទំនេរ ពួកគេទៅជួយ ការងារសង្គមផ្សេងៗ ជាដើម ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.