ក្រសួង សាធារណការ ចុះហត្ថលេខា លើគម្រោងស្តារ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងគ្រោះ ដោយទឹកជំនន់

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ ពិធីចុះហត្ថលេខា រវាងលោករដ្ឋមន្រ្តី ក្រសួងសាធារណការ ត្រាំ អ៊ីវតឹក ជាមួយលោក Hiroyuki Hayashi ប្រធានក្រុម Preparaory Survey Team, JICA ប្រចាំកម្ពុជា លើគម្រោងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងផលប៉ះពាល់ខូចខាតផ្លូវ ស្ពាន នៅតាមបណ្តាផ្លូវ ជាតិ ផ្លូវខេត្ត និងក្រុងមួយចំនួនទូទាំងប្រទេស ។
    លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងនេះនឹងធ្វើការសិក្សា ប្រមូលទិន្នន័យ ឲ្យបានច្បាស់លាស់ ដោយជួបពិភាក្សា ជាមួយមន្ត្រីពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងធ្វើការចុះអង្កេតផ្ទាល់ នៅតាមបណ្តោយ ផ្លូវជាតិ មួយចំនួនអំពីចំណុច សំខាន់ៗ និងបន្តដំណើរការអង្កេតការងារនេះថែមទៀត  ដើម្បីពិនិត្យលទ្ធភាព អាទិភាពជួសជុល និងស្តារឡើងវិញ រាល់ការខូចខាតកន្លងមកដោយទឹកជំនន់ និងបន្តការយកចិត្ត ទុកដាក់រៀបចំផែនការសកម្មភាព បានទាន់ពេលវេលា ព្រមទាំងបានជួយសម្រួលចរាចរណ៍ ក្នុង ការដឹកជញ្ជូនកសិផល ផលិតផល ទំនិញ និងសេវា ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋបានឆាប់រហ័ស ស្របតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
    លោករដ្ឋមន្ត្រី ក៏បានស្នើសុំដល់អង្គការ JICA ជួយយកចិត្តទុកដាក់លើគុណភាពផ្លូវ ចៀសវាង ទឹកហូរកាត់ច្រោះផ្លូវ ព្រមទាំង ធ្វើពិសោធតេស្តគុណ ភាពសម្ភារៈសំណង់ តេស្តនៅ តាមការដ្ឋាន ឬអនុវត្ត កន្លែងណាដែលសម្ភារៈ វត្ថុធាតុដើម មិនល្អ គ្មានគុណភាព ត្រូវជីកយកចេញ និង ជំនួសដោយ វត្ថុធាតុដើម មានគុណភាព ហើយធ្វើការបង្ហាប់ឲ្យបានត្រឹមត្រូវ ឬភ្ជួរ និងបង្ហាប់ បន្ថែមតាមបទដ្ឋានបច្ចេកទេស ដូចជា បញ្ហាគុណភាពសំណង់ សុវត្ថិភាពការដ្ឋាន និងស្លាកសញ្ញាចរាចរ ដែលធ្វើឲ្យ ផ្លូវស្ពាន មានលក្ខណៈល្អប្រសើរ ។
    លោក ក៏បានអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន តែងតែផ្តល់ជំនួយ សប្បុរសធ៌ម និងជំនួយ ឥតសំណងជាច្រើន ដល់ព្រះរាជាណាចក្រកម្ពុជា  ក្នុងការគាំទ្រនូវ កិច្ចសហ ប្រតិបត្តិការ លើវិស័យសាធារណការ និង ដឹកជញ្ជូន បន្ថែមទៀត ដើម្បីឈានទៅរក ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព សម្តៅកាត់បន្ថយភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ស្របតាមប្រសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន មានផ្លូវ មានស្ពាន គឺមានការអភិវឌ្ឍន៍ មានផ្លូវ គឺមានក្តីសង្ឃឹម ដើម្បីរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យបានកាន់តែប្រសើរឡើង ជាលំដាប់។ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.