ភ្នំពេញៈ គណបក្សសមរង្ស៊ី បានអះអាងថា ខ្លួននៅតែទទួលបានជោគជ័យទៅតាមការគ្រោងទុក ក្នុងការបោះឆ្នោតព្រឹទ្ធសភា កាលពីម្សិលមិញ បើទោះបីជាសមាជិកជាច្រើនរបស់ខ្លួន ត្រូវបានគំរាមកំហែង និងទិញទឹកចិត្ត ដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង នៅក្នុងសន្និសីទកាសែតភ្លាមៗមួយកាលពីល្ងាចម្សិលមិញថា លទ្ធផលបណ្តោះអាសន្នក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៨៨៨០ សំឡេង ហើយគណបក្សសមរង្ស៊ី ទទួលបាន ២៥០៣។ គណបក្សសមរង្ស៊ី បានបាត់បង់សំឡេងមួយចំនួន នៅតាមមណ្ឌលបោះឆ្នោតជាច្រើន ប៉ុន្តែយ៉ាងណាក្តីគណបក្សនេះ នៅតែអបអរសាទរនឹងលទ្ធផលដែលទទួលបាន។
មន្រ្តីគណបក្សសមរង្ស៊ីថ្លែងថា សម្រាប់អាណត្តិទី ៣ នៃការបោះឆ្នោតព្រឹទ្ធសភា គណបក្សសមរង្ស៊ី បានឈ្នះអាសនៈ ចំនួន ១១ ហើយគណបក្សប្រជាជនកម្ពុជា ឥឡូវនេះ កំពុងបារម្ភអំពីការបាត់បង់កៅអីរបស់ខ្លួន ពីព្រោះគណបក្សសមរង្ស៊ី ក្នុងអាណត្តិទី ២ មានអាសនៈ តែ២ប៉ុណ្ណោះ ក្នុងព្រឹទ្ធសភា ហើយក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៣នេះ គណបក្សសមរង្ស៊ីមានអាសនៈ ចំនួន ១១។
អ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា គណបក្សសមរង្ស៊ី បានទទួលជ័យជម្នះធំមួយនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលខ្លួនអាចប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។
លោកបានអះអាងថា ទោះជាមន្រ្តីគណបក្សប្រជាជនព្យាយាមបញ្ចុះបញ្ចូល និងទិញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសមរង្ស៊ីក៏ដោយ ក៏វានៅតែមិនអាចទៅរួច ហើយលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងជួបនឹងគូប្រជែងខ្លាំងមួយ។
លោក យឹម សុវណ្ណ បានថ្លែងបន្តថា ៖ «យើងបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ បើប្រៀបនឹងអាណត្តិទី១ ដែលយើងមានតែ២កៅអី។ យើងរំពឹងថា កៅអីចំនួន១១ ដែលយើងនឹងទទួលបាន ឥឡូវនេះ យើងទទួលបានលទ្ធផលនេះ ដូចការរំពឹងទុក»។
លោកថ្លែងបន្តថា ៖ «ទោះជាគណបក្សប្រជាជនព្យាយាមទិញអ្នកបោះឆ្នោត ក៏នៅតែមិនអាចទិញបាន។ នេះជាមោទនភាពនៃក្រុមប្រឹក្សាឃុំ-សង្កាត់យើង»។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ថ្លែងថា ដរាបណាលទ្ធផលផ្លូវការមិនទាន់ប្រកាស កៅអីមិនអាចកំណត់ថា តើគណបក្សណាទទួលបានប៉ុន្មានកៅអីទេពីព្រោះនេះជាលេខរួម ហើយលទ្ធផលពិតប្រាកដនឹងត្រូវបែងចែកទៅតាមភូមិភាគ។
លោក បានថ្លែងនៅក្នុងសន្និសីទកាសែតថា លទ្ធផលពិតប្រាកដនឹងប្រកាសនៅថ្ងៃទី៤ ខែកុម្ភៈ ប្រសិនមិនមានពាក្យបណ្តឹងដាក់មកគ.ជ.ប នោះលទ្ធផលផ្លូវការនឹងប្រកាសនៅថ្ងៃទី៥ ខែកុម្ភៈ។
នៅក្នុងលទ្ធផលរបស់ គ.ជ.ប មានភូមិភាគចំនួន៨ សម្រាប់បេក្ខជនធ្វើការបោះឆ្នោតព្រឹទ្ធសភានៅទូទាំងប្រទេសនិង មានអ្នកបោះឆ្នោត១១ ៤៧០នាក់ ហើយអ្នកបានទៅបោះឆ្នោតមាន ១១ ៤១២នាក់ និង ៥៨នាក់អវត្តមាន ដោយមួយចំនួនឈឺ ឬទៅបរទេស។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាថ្លែងថា ទោះគណបក្សសមរង្ស៊ីឈ្នះ១១អាសនៈ ក៏គណបក្សប្រជាជនមិនបារម្ភនឹងជ័យជម្នះនេះដែរ ហើយថា គណបក្សប្រជាជននៅតែរក្សាជ័យជម្នះ ពីព្រោះថា គណបក្សនៅតែមានសំឡេង ជាង២ភាគ៣ក្នុងសភានិងព្រឹទ្ធសភា។
លោកថ្លែងថា ៖ «គណបក្សប្រជាជនមិនមានលុយទិញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ពីគណបក្សសមរង្ស៊ីទេ។ គណបក្សសមរង្ស៊ី ត្រូវព្យាយាមធ្វើអ្វីល្អសម្រាប់ក្រុមប្រឹក្សាខ្លួន គឺ អូ ខេ ហើយ។ កុំចោទគណបក្សប្រជាជនឬនិយាយថា ការបោះឆ្នោត មិនយុត្តិធម៌ហើយកុំធ្វើពហិការទៀត»។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានថ្លែងសាទរពីទីដែលលោករស់និរទេសខ្លួន នៅក្រៅប្រទេសពីម្សិលមិញដែរថា ៖ «ខ្ញុំមានសេចក្តីរីករាយណាស់ដោយសារនេះជាជ័យជម្នះត្រចេះ ត្រចង់សម្រាប់គណបក្សសមរង្ស៊ី ចំនួនកៅអីព្រឹទ្ធសភាទទួលបានដោយគណបក្សសមរង្ស៊ីគឺកើនពី២ទៅ ១១កៅអី។ ដូច្នេះ សម្រាប់គណបក្សណាក៏ដោយ នៅពេលកៅអីរបស់ខ្លួននៅព្រឹទ្ធសភាឬរដ្ឋសភា កើនពី៥ឬ៦ដង វាគឺជាជ័យជម្នះដ៏ធំមួយ»។
លោកបន្តថា នៅរាល់ការបោះឆ្នោតម្តងៗ គណបក្សសមរង្ស៊ីបានកើនកៅអីជានិច្ច យើងមិនដែលធ្លាក់ចុះទេ។ លោកអះអាងថា៖ «ដរាបណាយើងបន្តកើនឡើង យើងនឹងសម្រេចនូវគោលដៅរបស់យើង»។ លោកបន្តថា ការបោះឆ្នោតនេះ គឺមានន័យពិសេស ពីព្រោះមានគូប្រកួតប្រជែងតែពីរប៉ុណ្ណោះ មានតែគណបក្សសមរង្ស៊ី ទេ ដែលអាចតតាំង[នឹងរដ្ឋាភិបាល]បាន។
គណៈកម្មាធិការសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា (ខុម ហ្វ្រ៊ែល) មិនបានចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតព្រឹទ្ធសភាដែលបាន ចាប់ផ្តើមនៅថ្ងៃអាទិត្យនោះទេ និងហៅការបោះឆ្នោតនេះថាគ្មានន័យ ហើយចាយលុយឥតប្រយោជន៍។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រ៊ែល បានថ្លែងថា ការិយាល័យលោកមិនបានចាត់មន្រ្តីឲ្យចូលរួមក្នុងដំណើរការនៃ ការបោះឆ្នោតព្រឹទ្ធសភាទេ។ លោកបានបន្តថា ៖ «ក្រុមប្រឹក្សាឃុំ សង្កាត់ បោះឆ្នោតឲ្យគណបក្សរបស់ខ្លួន តើវាមានន័យអ្វី? ដោយសារគ្មានជម្រើស គាត់បោះឆ្នោតឲ្យគណបក្សគាត់ ដូច្នេះ វាគ្មានន័យ។ ប្រព័ន្ធបោះឆ្នោតនេះ គឺគ្មានន័យ។ គ្មានការបោះឆ្នោតដូច្នេះទេ លើពិភពលោក»។
ទោះយ៉ាងណាលោក ទេព នីថា បានច្រានចោលការចោទប្រកាន់នេះដោយថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភាមានប្រយោជន៍សម្រាប់កម្ពុជាដែរ។ លោកបន្តថា៖ «នេះគឺជាគំនិតផ្ទាល់ខ្លួនគាត់។ វាមានប្រយោជន៍ ដែលយើងបង្កើតព្រឹទ្ធសភា ហើយមានច្បាប់រៀបចំការបោះឆ្នោត។ ដូច្នេះទោះជា វាជាការបោះឆ្នោតមិនផ្ទាល់ ប៉ុន្តែ អ្នកបោះឆ្នោតជាតំណាងរាស្រ្ត ដែលជ្រើសរើស ដោយប្រជាជននិងអ្នកបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជ្រើសដោយប្រជាជនផងដែរ ដែលពួកគេតំណាងឲ្យប្រទេសទាំងមូល»៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.