អាស្រ័យដោយបច្ចុប្បន្នការផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត មានច្រើនស្អេកស្កះ ព្រោះថាមិនត្រឹមតែក្រុមហ៊ុនISP ប៉ុណ្ណោះទេ ប៉ុន្តែឥឡូវសូម្បីតែ បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទមួយចំនួនក៏ងាកមកប្រកួតប្រជែងលើផ្នែកនេះដែរ។ ម្យ៉ាងវិញទៀត ចំពោះជម្រើសនៃការប្រើប្រាស់ក៏ខុសប្លែកពីគ្នាដែរ ព្រោះមានទាំងតម្លៃធម្មតា និងការសេវាជាកញ្ចប់ ដោយបង់ប្រាក់ទៅតាមទំហំMB ណាមួយដែលក្រុមហ៊ុនផ្ដល់ឲ្យ ឬក៏ជម្រើសកាត់លុយទៅតាមការប្រើ។ តើមានអ្វីខុសគ្នា ចំពោះជម្រើសទាំងពីរនេះសម្រាប់អ្នកប្រើប្រាស់? មួយណាល្អ និងចំណេញជាង?
យុវសិស្សវិទ្យាល័យសន្ធរម៉ុក មករា និយាយថា រាល់ថ្ងៃគេតែងចំណាយយ៉ាងហោចណាស់ក៏ កន្លះម៉ោងដែរដើម្បី Chat កម្សាន្តជាមួយមិត្តភ័ក្ដិ និងឆែកម៉ែល តាមរយៈចូលលេងនៅហាងអ៊ីនធឺណិត ព្រោះគេមិនមានលទ្ធភាពតភ្ជាប់ ឬប្រើប្រាស់សេវាកម្មអ៊ីនធឺណិតណាមួយនៅផ្ទះបានទេ។ ម្យ៉ាងវិញទៀត ប្រសិនបើគេមានលទ្ធភាពគ្រប់គ្រាន់គេ នឹងសម្រេចទិញModem ដែលជាសេវាកម្មផ្ដល់ដោយក្រុមហ៊ុនទូរស័ព្ទ ព្រោះរាល់ការចំណាយ គឺអាស្រ័យទៅលើការប្រើប្រាស់។
ដោយឡែកកញ្ញា ជីវ៉ា និស្សិតអាហារូបករណ៍អក្សរសាស្ត្របារាំងឆ្នាំទី ៣ប្រចាំវិទ្យាស្ថានភាសាបរទេស ហៅកាត់ថា IFL បានច្រានចោលមតិរបស់ មករាដោយអះអាងថា ប្រើអ៊ីនធឺណិតឲ្យកាត់លុយដូចនិយាយទូរស័ព្ទអ៊ីចឹង មិនមែនជាជម្រើសល្អទេ។ “ខ្ញុំត្រូវការស្រាវជ្រាវច្រើន សម្រាប់កិច្ចការសាលា ដូច្នេះហើយទើបត្រូវការជម្រើសមួយណាដែលចំណាយតិច ហើយល្បឿនមិនចាំបាច់លឿនពេកក៏បានដែរ”។
“តាមខ្ញុំដឹង អ្នកប្រើអ៊ីនធឺណិតផ្ទាល់ខ្លួនភាគច្រើន ឥឡូវប្រើតែModem ហ្នឹង ជួនកាលភ្ជាប់ពីទូរស័ព្ទមកកុំព្យូទ័រក៏មាន”។ នេះជាលើកឡើងរបស់សំអាត អាជីវករលក់ព្រេងឥន្ធនៈមួយកន្លែងដែលស្លាកយីហោ ដេប៉ូពេជ្រសុវណ្ណ។ អាជីវករដដែលនេះក៏បានបន្ថែមទៀតថា គេក៏មានបំណងផ្លាស់ប្ដូរពីការInternet បែបWireless និងMobile មក សេវាណាមួយរបស់បណ្ដាក្រុមហ៊ុនISP ដែរ ដោយសាររាល់ទិន្នន័យទាំងអស់ក្រៅពីរក្សាទុកក្នុងម៉ាស៊ីនកុំព្យូទ័ររបស់គេហើយ គេក៏Backup លើអនឡាញទៀត។
ដោយឈរលើហេតុផលនេះ សំអាតបញ្ជាក់បន្ថែមថា “តម្លៃមិនសាញទេ ឲ្យតែល្អ។ ជាទូទៅWire Connection តែងល្អជាងWireless ឬMobile ហើយសម្រាប់អាជីវកម្មនោះ”។
មន្ត្រីរបស់ស្ថាប័នISP មួយសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្ប្យដឹងថា បច្ចុប្បន្ននេះជម្រើសនៃការប្រើអ៊ីនធឺណិតមានច្រើន បូករួមទាំងតម្លៃ និងទំហំ គឺសមស្របទៅតាមតម្រូវការ ដែលនេះមានភាពផ្ទុយគ្នាស្រលះកាលពី ប៉ុន្មានឆ្នាំកន្លងទៅ ព្រោះកាលណោះ បណ្ដាISP ស្ទើរតែទាំងអស់សុទ្ធតែផ្គត់ផ្គង់Unlimited ហើយតម្លៃទៀតសោតក៏ថ្លៃដែរ។
ដូច្នេះអ្នកប្រើប្រាស់ត្រូវថ្លឹងថ្លែងលើការទិញសេវាណាមួយមកប្រើ ទោះបីជាក្រុមហ៊ុនផ្គត់ផ្គង់Internet មានច្រើនក៏ដោយ។ “ចង់ប្រើជាPackage ក៏ដោយ ចំណាយប្រាក់ទៅតាមទំហំMB ក៏ដោយ ត្រូវថ្លឹងថ្លែងសិន”។
បុគ្គលិករូបនេះបានបន្តថា “បើត្រូវការស្រាវជ្រាវ ដោនឡូត ឬធ្វើការអនឡាញទិញPackage ល្បឿនUnlimited ទៅល្អ ប៉ុន្តែបើតម្រូវការមិនច្រើនទេ កុំប្រើPackage នេះអី”។
តើមិត្តយុវវ័យកំពុងប្រើមធ្យោបាយតភ្ជាប់អ៊ីនធឺណិតប្រភេទណាសព្វថ្ងៃនេះ? តើគិតថា សេវាមួយណាល្អជាង ហើយសន្សំសំចៃ? សព្វថ្ងៃដឹងថា ខ្លួនប្រើជម្រើសមួយហ្នឹង ចំណេញ ឬខាតបើធៀបនឹងជម្រើសរបស់ក្រុមហ៊ុនផ្សេង?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.