បើយោងតាមប្រភពពីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានឲ្យដឹងថា វៀតណាមនឹងចាប់ផ្ដើមបាញ់បង្ហោះ ផ្កាយរណប ទីពីររបស់ខ្លួនដែលមានឈ្មោះថា Vinasat-2 នៅសប្ដាហ៍ទី៣ក្នុងខែមេសាឆ្នាំ២០១២ ខាងមុខនេះ។
ប្រភពដែលបានឲ្យដឹងបន្ថែមទៀតថា Vinasat-2 នឹងត្រូវគេបាញ់បង្ហោះរួមជាមួយផ្កាយរណបរបស់ប្រទេសជប៉ុន ដែលផ្កាយរណបទាំងពីរនេះផលិតឡើងដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។ គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃ ១១ ខែមីនា ឆ្នាំ២០១១ បានធ្វើឲ្យមានការពន្យារការបញ្ជូនគ្រឿងបរិក្ខារមួយចំនួនពីប្រទេសជប៉ុនទៅ Lockheed Martin។ ប៉ុន្តែរហូតមកទល់ពេលនេះ លទ្ធភាពនៃការពន្យារបាញ់បង្ហោះផ្កាយរណបទាំងពីរ( ផ្កាយរណប ជប៉ុន & វៀតណាម) នេះគឺមានកម្រិតទាបនៅឡើយ។ នេះបើយោងតាមដៃគូក្នុងគម្រោងប្រាប់ឲ្យដឹង។
គម្រោងនៃការបាញ់បង្ហោះ Vinasat-2 ត្រូវចំណាយទឹកប្រាក់ ៣០០ លានដុល្លារអាមេរិក ដោយម្ចាស់គម្រោង សាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម (VNPT)។ ជាមួយគ្នានោះដែរ Arianspace ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មឈានមុខគេនៅលើពិភពលោកជាអ្នកអនុវត្តកិច្ចការទាំងនេះ។
ទន្ទឹមគ្នានេះដែរនៅឆ្នាំ២០១៣ កម្ពុជានឹងបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួនដែលមានឈ្មោះថាCambodian Satellite 1 ចូលក្នុងតារាវីថី ដែលគម្រោងនេះគ្រោងចំណាយទឹកប្រាក់ពី ២៥០ ទៅ ៣៥០ លានដុល្លារអាមេរិក៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.