ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្ស សម រង្ស៊ី មួយចំនួននឹងចូលជួបជាមួយមន្ត្រីស្ថានទូតអាមេរិក នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១២ វេលាម៉ោង២ រសៀលថ្ងៃនេះ នៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដែលគណបក្សនេះកំពុងតែប្រឈម។
លោក គឹម សួភិរិទ្ធ អ្នកនាំពាក្យរងរបស់គណបក្ស សម រង្ស៊ី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ មន្រ្តីគណបក្ស សម រង្ស៊ី នឹងលើកឡើងពីកង្វល់មួយចំនួនដូចជា តួនាទីរបស់គណបក្សប្រឆាំង បញ្ហាតុលាការ បញ្ហាការបោះឆ្នោត និងការរងគ្រោះរបស់ប្រជាពលរដ្ឋ ដែលត្រូវគេរំលោភបំពាន។
លោកបានបន្តថា «យើងនឹងជំរាបមន្រ្តីស្ថានទូតអាមេរិក អំពីប្រជាពលរដ្ឋកាន់តែច្រើនទៅៗ ដែលទទួលរងគ្រោះដោយការរំលោកភបំពានដីធ្លី និងសារៈសំខាន់ នៃតួនាទីរបស់គណបក្ស ប្រឆាំងនៅកម្ពុជា ដែលកំពុងតែរងនូវការបំពារបំពាន ដោយគណបក្សកាន់អំណាច»។
លោកបានបន្ថែមទៀតថា ក្នុងជំនួបនេះ ក៏មានការលើកឡើងពីរឿង បោះឆ្នោតនាពេលខាងមុខ ដោយស្នើសុំឲ្យស្ថានទូតអាមេរិក ជួយធ្វើយ៉ាងណា ដើម្បីធានាឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយសេរី និងយុត្តិធម៌ គ្មានការគាបសង្កត់។
បើតាមលោក គឹម សួភារិទ្ធិ នៅក្នុងជំនួបជាមួយមន្រ្តីស្ថានទូតអាមេរិក នៅរសៀលនេះ ក្រុមមន្រ្តីគណបក្ស សម រង្ស៊ី ក៏នឹងលើកឡើងផងដែរ អំពីប្រព័ន្ធតុលាការនៅកម្ពុជា ដែលមិនឯករាជ្យ ព្រមទាំងបញ្ហាដកអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្រ្ត ចាន់ ចេង ដែលបានស្នើឡើង ដោយក្រសួងយុត្តិធម៌ ដោយយោងទៅលើរបាយការណ៍ របស់ចៅក្រមស៊ើបអង្កេត របស់តុលាការខេត្តកណ្ដាលនោះផងដែរ។
គួរបញ្ជាក់ថា មន្រ្តីដែលនឹងចូលជួបជាមួយមន្រ្តីស្ថានទូតអាមេរិកនៅរសៀលនេះ រួមមាន លោក យឹម សុវណ្ណ, លោកស្រី មួរ សុខហួរ, លោក សុន ឆៃ ព្រមទាំងមន្រ្តីអគ្គលេខាបក្សសម រង្ស៊ី មួយចំនួនទៀត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.