ភ្នំពេញៈ មេធាវីការពារអ្នកស្រី ផេង គន្ធាបូរី អតីតប្រធានពិធីការ របស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកស្រី ផេង គន្ធាបូរី ត្រូវ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ ដើម្បីសាកសួរ ក្នុងរឿងក្តីរដ្ឋប្បវេណីមួយផ្សេងទៀត។
លោក មួង សុគន្ធ មេធាវីការពារអ្នកស្រី ផេង គន្ធាបូរី បានមានប្រសាសន៍ថា កូនក្តីរបស់លោក ត្រូវបានប្តឹងចោទប្រកាន់ដោយលោក ប៊ុន សំអាត ដែលជាមន្រ្តីកងយោធពលខេមរភូមិន្ទ និងជាអ្នកសាងសង់ផ្លូវ និងច្រកទ្វារចូល ក្នុងមន្ទីរពេទ្យសម្តេចជា ស៊ីម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «គាត់ត្រូវបានប្តឹង ដោយលោក ប៊ុន សំអាត ដោយសារមិនបានបង់ប្រាក់រាប់ម៉ឺនដុល្លារ លើកម្រៃសង់ផ្លូវ និងរបងមន្ទីរពេទ្យសម្តេចជា ស៊ីម ក្នុងខណ្ឌដង្កោ»។
មន្ត្រីអនុរក្សមណ្ឌលកែប្រែ ១ (ពន្ធនាគារព្រៃស) ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីម្សិលមិញថា អ្នកស្រី ផេង គន្ធាបូរី ត្រូវបានសាកសួរ ដោយចៅក្រមស៊ើបសួរ អស់ជាង ២ ម៉ោង ហើយអ្នកស្រី ត្រូវបានបញ្ជូនមកពន្ធនាគារវិញ បន្ទាប់ពីបញ្ចប់ការសាកសួរ។
លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ មិនអាចទាក់ទង សុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ចំណែក លោក ប៊ុន សំអាត ព្រមទាំងមេធាវីរបស់លោក ក៏មិនអាចទាក់ទង សុំការអត្ថាធិប្បាយបានដែរ។
កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១១ សាលាដំបូងរាជធានី បានផ្តន្ទាទោស អ្នកស្រី ផេង គន្ធាបូរី អាយុ ៥៦ ឆ្នាំ អតីតប្រធានពិធីការរបស់លោក ជា ស៊ីម លោក ចាន់ កុសល អាយុ ៦១ ឆ្នាំ អតីតទីប្រឹក្សាលោក ជា ស៊ីម លោក ហូ ពន្លក អាយុ ៥៧ ឆ្នាំ អតីតទីប្រឹក្សាលោក ជា ស៊ីម និងលោក Joe Harry Mahady កៅឌីណូ អាយុ ៥២ ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ក្នុងម្នាក់ៗ ហើយលោក ខៀវ បូរា អាយុ ៥១ ឆ្នាំ អតីតសមាជិកខុទ្ទកាល័យលោក ជា ស៊ីម និងជាជំនួយការផ្ទាល់របស់អ្នកស្រី ផេង គន្ធាបូរី ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ៣ ឆ្នាំ។ ពួកគេម្នាក់ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ សំណង ៩០០០ រៀល (២,២៥ដុល្លារអាមេរិក)។
ទោះជាយ៉ាងណា លោក មួង សុគន្ធ បានឲ្យដឹងបន្តទៀតថា កូនក្តីរបស់លោក បានប្តឹងឧទ្ធរណ៍ លើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន៕ TK
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.