ក្រុងតូក្យូ : ប្រជាជនជប៉ុនក្មេងចាស់ប្រុសស្រី រាប់ពាន់នាក់បានមកចូលរួមក្នុងកម្មវិធីប្រកួតប្រើជក់សរសេរអក្សរ ផ្ចង់ប្រចាំឆ្នាំរោង។
ការប្រលងនេះគឺជាប្រពៃណីដែលបានបន្តមកអស់រាប់សិនឆ្នាំមកហើយ។ ក្នុងកម្មវិធីនេះ ប្រជាជនជប៉ុនមកពីគ្រប់ទិសទីនាំគ្នាសរសេរពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងឆ្នាំថ្មី ដោយប្រើជក់បុរាណធ្វើអំពីរោមកន្ទុយសេះ និងទឹកខ្មៅ។
សម្រាប់ឆ្នាំនេះ អ្នកចូលរួមប្រកួតក៏មានបេក្ខជនមកពីតំបន់ហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយសារការបំពុលនៃសារធាតុវិទ្យុសកម្ម និងគ្រោះមហន្តរាយរញ្ជូយដី និងរលកយក្សស៊ូណាមិកផងដែរ។
បេក្ខជនមានអាយុចាប់ពី៤ រហូតដល់៨៥ឆ្នាំ។ ពួកគេត្រូវបានផ្ដល់វិញ្ញាសាសរសេរអក្សរផ្ចង់លើប្រធានបទ «ខ្យល់បក់រដូវផ្ការីក និងអបអរឆ្នាំថ្មីឆ្នាំរោង»។ បេក្ខជនត្រូវបានផ្ដល់ពេល២៤នាទីដើម្បីសរសេរអក្សរផ្ចង់ឲ្យ រួចរាល់។ ស្លាកអក្សរផ្ចង់នេះនឹងត្រូវបានគណៈកម្មការវាយតម្លៃលើភាពរលូន មុំបត់បែននៃតួអក្សរ និងកម្លាំងសង្កត់ដោយជក់។
ការសរសេរអក្សរផ្ចង់ ដែលទាមទារការផ្ដោតអារម្មណ៍ នឹងសមាធិខ្ពស់នោះ គឺជាផ្នែកមួយដ៏សំខាន់នៃសិល្បៈអាស៊ី។ លទ្ធផលនៃការប្រកួតនឹងប្រកាសជាសាធារណៈនៅថ្ងៃទី២២ ខែមករា គឺ១ថ្ងៃមុនបុណ្យចូលឆ្នាំចិន និងជប៉ុន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.