រថយន្ត​បុកគ្នា​ស្លាប់២​របួស៥នាក់​នៅប៉ោយប៉ែត

បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បានអះអាង​ពីថ្ងៃ​ព្រហស្បតិ៍ថា មាន​មនុស្ស​២​នាក់​បានស្លាប់ និង​៥​នាក់​រងរបួសធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ធំមួយ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​និមិត្ត​១​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត កាលពីព្រឹក​ម្សិញមិញ។​
លោក សន គឹមសួរ អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា នេះជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នៅដើមឆ្នាំ​២០១២ នៅក្នុង​សង្កាត់​និមិត្ត​នេះ ដោយមាន​មនុស្ស​២​នាក់​ស្លាប់ និង​៥​នាក់​រងរបួស​ធ្ងន់ធ្ងរ​កំពុងតែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ លោកថា​៖ «ក្នុង​ចំណោម​អ្នកស្លាប់​ទាំងពីរនាក់នេះ មាន​ម្នាក់​ជាក្មេងស្រី​អាយុ​ ៧ ​ខែ​ ឈ្មោះ​ វ៉ាន់ ស្រីអាយ រស់នៅ​សង្កាត់​ទឹកថ្លា ក្រុង​សេរីសោភ័ណ និង​ឈ្មោះ ពៅ សុខនាថ អាយុ ៤៣​ឆ្នាំ​ បានស្លាប់​ពេលបញ្ជូន​ទៅដល់​មន្ទីរពេទ្យ​»​។
លោក និន សារិន អធិការរង​នគរបាល​ក្រុងប៉ោយប៉ែត បានឲ្យដឹងថា រថយន្ត​៥​គ្រឿង​នៅក្នុង​គ្រោះថ្នាក់នេះ បើកបរ​ក្នុងល្បឿនលឿន ប្រជែង​បញ្ច្រាស​ទិសគ្នា និង បង្កពី​រថយន្ត​ឡង់គ្រីស័រ​១គ្រឿង ជាមួយ​ និង​រថយន្ត​ដឹកស៊ីម៉ង់ត៍​។
លោកថ្លែងថា​៖ «​តាមសមត្ថកិច្ច​ចុះពិនិត្យ ដំបូង​មាន​រថយន្ត​ធំ​២​គ្រឿង​បានបើក​បន្ត​កន្ទុយគ្នា នៅលើ​ផ្លូវជាតិ​លេខ​៥​ ក្រោយ​មក​មាន​រថយន្ត​ឡង់គ្រីស័រ​១គ្រឿង ពាក់​ផ្លាក ភ្នំពេញ 2F 3475 បាន​បើក​ជែង​ពីខាងឆ្វេង​រថយន្ត​នោះ​ ទៅ​ផុត​បន្តិច​ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយទៀត បាន​បើក​បញ្ច្រាស​ទិសគ្នា​ មកបុក​រថយន្ត​ឡង់គ្រីស័រ​មួយ​ទំហឹង អូស​ជាង​៣០​ម៉ែត្រ និង​ជ្រុលទៅ​បុក​រថយនុ្ត​៣គ្រឿង​ទៀត​បន្តកន្ទុយ​គ្នា​»​។
លោកបន្តថា ករណីនេះ ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត បាន​ចុះអង្កេត​រកអង្គហេតុ​ហើយ ដើម្បី​ចោទប្រកាន់​។ ចំណែក​ខាង​លោក​ក៏កំពុងតែ​ស្រាវជ្រាវ​បន្ថែម​និង​រកវិធានការ​ដោះស្រាយ៕



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.