ព្រះសង្ឃ កំពុងនិមន្តចូលសាលសវនាការ សាលាក្តីខ្មែរក្រហម កាលពីពេលកន្លងមក។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ បុគ្គលិកកម្ពុជានៅសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នឹងពុំទទួលបានប្រាក់ខែរហូតដល់ខែមេសាយ៉ាងឆាប់បំផុត។ នេះបើយោងតាមប្រធានផ្នែករដ្ឋបាលដែលបានថ្លែងប្រាប់បុគ្គលិកក្នុង ជំនួបប្រជុំសាធារណៈក្រៅផ្លូវការ កាលពីថ្ងៃសុក្រ។
បុគ្គលិកកម្ពុជាស្ទើរតែទាំងអស់ ប្រមាណ ៣០០ នាក់ ដែលបម្រើការនៅសាលាក្តីកូនកាត់នេះ បានជួបប្រជុំសាធារណៈនៅសាលសវនាការសាលាក្តីនេះ កាលពីសប្តាហ៍មុន ហើយត្រូវបានប្រាប់ថា បន្ថែមពីលើការមិនទទួលបានប្រាក់បៀវត្សរ៍ខែមករារបស់ពួកគេ ពួកគេនឹងមិនទទួលបានប្រាក់ខែចំនួន ៣ ខែទៀត។ នេះបើយោងតាមលោក ហ៊ុយ វណ្ណៈ មន្ត្រីកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហមដែលបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញ។
លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា៖«ភាគីកម្ពុជា នៅសាលាក្តីបន្តប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ហើយបុគ្គលិក នឹងមិនទទួលបានប្រាក់ខែ ចាប់ពីខែនេះតទៅ»។ លោកបានបន្ថែមថា ចៅក្រមកម្ពុជា ពុំទទួលបានប្រាក់បៀវត្សរ៍តាំងពីខែតុលា ឆ្នាំ ២០១១ មក។ លោកបន្តទៀតថា៖«ប្រធានស្តីទី ECCC បាននិយាយថា អ្វីដែលលោកចង់ឃើញនៅពេលអនាគតគឺថា នៅពេលថវិកាត្រូវបានទទួលពីអង្គការសហប្រជាជាតិ ថវិកាទាំងនេះ គួរត្រូវចែករវាងភាគីកម្ពុជា និងភាគីអន្តរជាតិនៃសាលាក្តីនេះ»។
បុគ្គលិកសាលាក្តីចំនួន ៤៨០ នាក់ ដែលក្នុងនោះ ១៨០ នាក់ ជាបុគ្គលិកអន្តរជាតិ ដែលប្រាក់ខែរបស់ពួកគេត្រូវបានបើកចេញពីថវិកា ដែលអង្គការសហប្រជាជាតិប្រមូលបានពីម្ចាស់ជំនួយអន្តរជាតិ។
ក្រោមច្បាប់បង្កើតអង្គជំនុំជម្រះវិសាមញ្ញ នៃសាលាក្តីនេះ ការចំណាយ និងប្រាក់ខែផ្សេងៗ នៃបុគ្គលិកកម្ពុជា គួរទ្រទ្រង់ដោយថវិកាជាតិរបស់កម្ពុជា ប៉ុន្តែលោក ហ៊ុយ វណ្ណៈ បានថ្លែងថា នេះមិនត្រូវបានអនុវត្ត ដោយសាលាក្តីនាពេលកន្លងមកទេ។
លោក ហ៊ុយ វណ្ណៈ បន្តថា៖«រាជរដ្ឋាភិបាលកម្ពុជា រួមចំណែកថវិកា សម្រាប់ថ្លៃទឹក ភ្លើង សន្តិសុខ ការធ្វើដំណើររបស់បុគ្គលិក និងសកម្មភាពផ្សព្វផ្សាយនានា ហើយបានផ្តល់ថវិកាទាំងនេះយ៉ាងទាន់ពេលវេលា។ ប្រាក់ខែរបស់បុគ្គលិកកម្ពុជា ត្រូវបានផ្តល់ឲ្យពីការចូលរួមចំណែកស្ម័គ្រចិត្ត ពីអន្តរជាតិ រដ្ឋាភិបាល ពុំមានកាតព្វកិច្ចបើកប្រាក់ខែទាំងនេះទេ»។
លោកស្រី Anne Heindel ទីប្រឹក្សាច្បាប់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា វាជាការអនុវត្តជាទូទៅ ចំពោះបញ្ហាប្រាក់ខែ ខាងភាគីកម្ពុជា ដែលត្រូវបានបើក ពីការចូលរួមស្ម័គ្រចិត្ត របស់អន្តរជាតិទៅដល់រដ្ឋាភិបាលកម្ពុជា។
លោកស្រី Heindel បន្តថា៖«ម្ចាស់ជំនួយ ផ្តល់ប្រាក់ទាំងអស់ ទៅដល់ភាគីអង្គការសហប្រជាជាតិ និងភាគីកម្ពុជា»។
ប៉ុន្តែ លោក ហ៊ុយ វណ្ណៈ គូសបញ្ជាក់ថា ជំនួយពីអន្តរជាតិទាំងនេះអស់ហើយ។ លោកបានគូសបញ្ជាក់ថា៖«យើងជាទូទៅ ទទួលបានថវិកាជារៀងរាល់ឆ្នាំ ហើយជាធម្មតា ប្រធាន និងអនុប្រធានផ្នែករដ្ឋបាល ធ្វើដំណើរទៅក្រុងញូវយ៉កក្នុងខែវិច្ឆិកា ដើម្បីសុំជំនួយ ប៉ុន្តែឥឡូវនេះ ពួកគេនៅពុំទាន់បានទៅនៅឡើយទេ»។
ទោះបីតម្រូវក្រោមច្បាប់សាលាក្តី សម្រាប់បញ្ហាប្រាក់ខែភាគីកម្ពុជា ដែលត្រូវបើកចេញពីថវិកាជាតិក្តី ច្បាប់បកប្រែក្រៅផ្លូវការនៃច្បាប់ថវិកាជាតិឆ្នាំ ២០១២ ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន ពុំមានខណាមួយ ចែងពីការផ្តល់ថវិកាទៅឲ្យសាលាក្តីឡើយ។
ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា លោក ជាម យៀប ថ្លែងថា រដ្ឋាភិបាល មានថវិកាដាច់ដោយឡែកសម្រាប់សាលាក្តីក្រៅអំពីថវិកាជាតិ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថា៖ «ក្រសួងយុត្តិធម៌គ្រប់គ្រងថវិកាទៅឲ្យសាលាក្តី និងបញ្ជាក់ពីសកម្មភាពរបស់សាលាក្តី តែខ្ញុំមិនដឹងអំពីសកម្មភាពក្នុងឆ្នាំ ២០១២ ទេ ព្រោះខ្ញុំពុំទាន់ទទួលបានសំណើណាមួយពីក្រសួងនោះនៅឡើយ»។
អ្នកជំនាញពិសេស តែងតាំងដោយអង្គការសហប្រជាជាតិ លោក ដាវីដ សែហ្វឺ បានថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធសប្តាហ៍មុនថា វាជាការងាររបស់លោក ក្នុងការធានាថា វាមានជំនួយហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់សាលាក្តីនេះ។
លោក សែហ្វឺ បានថ្លែងថា៖ «វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ម្តងហើយម្តងទៀត ក្នុងពេលបំពេញទស្សនកិច្ចរបស់ខ្ញុំ ដែលថា បុគ្គលិកកម្ពុជាមួយចំនួន ពុំបានទទួលប្រាក់បៀវត្សរ៍របស់ពួកគេ តាំងពីខែតុលាមក។ ខ្ញុំបានលើកឡើងពីបញ្ហានេះ ដោយត្រង់ៗ នៅក្នុងជំនួបរបស់ខ្ញុំ កាលពីថ្ងៃម្សិលមិញ (២៤ មករា)ជាមួយមន្ត្រីរដ្ឋាភិបាល»។ លោកបន្តទៀតថា៖ «យើងត្រូវធានាថា វាមានការរៀបចំថវិកាបែបនោះ ពីប្រភពពាក់ព័ន្ធផ្តល់ទៅឲ្យសាលាក្តីជាប្រចាំ»៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.