ឈ្ងុយ​សាច់​ក្រក​អាំង​ទាំង​ព្រឹក!​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • “សាច់ក្រក​អាំង​សំខាន់​គឺ​បច្ចេកទេស​មើល​ថែរក្សា​ភ្លើង​ឲ្យ​មាន​កម្ដៅ​គ្រប់គ្រាន់ ​ទើប​សាច់ក្រក​អាច​ឆ្អិន​ដល់​សាច់​ខាង​ក្នុង​និង​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់”​។ នេះ​ជា​សម្ដី​របស់​អ្នក​លក់​សាច់​ក្រក​អាំង​នៅ​ផ្សារអូរឫស្សី​។
    អ្នក​ស្រី គឹម វ៉ាន អាយុ​៦៣​ឆ្នាំ ​​អ្នក​លក់​សាច់​ក្រក​​​នៅ​ម្ដុំ​ផ្សារ​អូរ​ឬស្សី​បាន​ឲ្យ​ដឹង​ថា ​​គាត់​​លក់​សាច់ក្រក​នៅ​ទីនេះ ​ជិត​៧​ឆ្នាំ​ហើយ។ អ្នក​លក់​រូប​នេះ​អះអាង​ថា​ ​​សាច់​ក្រក​គាត់​លក់​ដាច់ខ្លាំង​ណាស់​ ព្រោះ​ថា​ ​អ្នក​ញ៉ាំ​តែង​ចូលចិត្ត​រស​ជាតិ​​បែប​នេះ​។ ​​អ្នក​ស្រី​អះអាង​បន្ថែម​ទៀត​ថា​ ​​​សាច់​ក្រក​​កន្លែង​គាត់​ ទទួល​បាន​ការ​និយម​ចូល​ចិត្ត​​ពី​គ្រប់​វ័យ​ មិន​ថា​ចាស់​ មិន​ថា​ក្មេង​ ​មិន​ថា​អ្នក​មាន​ ឬ​អ្នក​ក្រ​នោះ​ទេ។
    ប្រែ​សាច់​ក្រក​បណ្ដើរ​​ អ្នក​ស្រី​ងាក​មក​ឆ្លើយ​ប្រាប់​​ Sabay បន្ថែម​ទៀត​ថា ​សាច់​ក្រក​ មាន​រសជាតិ​ឆ្ងាញ់​ បើ​វា​នៅ​ក្ដៅ​ៗ។ ​ជា​ទូទៅ​ សាច់​ក្រក​គោ ​មាន​ជាតិ​ខ្លាញ់​ច្រើន​ អាច​ទ្រលាន់​ ដូច​នេះ ​គេ​ច្រើន​​ញ៉ាំ​​ជាមួយ​ជ្រក់​ និងនំប៉័ង​ ​​​ទើប​មិន​​សូវ​ទ្រលាន់​​ដូច​មុន។
    លោកស្រី គឹម​ វាន់​ បាន​បង្ហាញ​ពី​រូបមន្ត​ដោយ​លាក់លៀម​ថា “គ្មាន​អ្វី​ក្រៅ​ពី​ទិញ​សាច់​គោ​ត្រង់​យាវ​ៗ​ ដែល​ភាគ​ច្រើន​គេ​ហៅសាច់​គោ​សម្រាប់​ស្ល​ម្ជូរ​គ្រឿង​ ដែល​មាន​ជាប់​ខ្លាញ់​ច្រើន​… រួច​ហើយ​យក​​មក​ចិញ្ច្រាំ​​​ផ្សំ​ជា​មួយ​គ្រឿង​ឲ្យ​គ្រប់​”។
    លោក សុគន្ធ អង្គុយលើ​ម៉ូតូ​ ប្រាប់​អ្នក​លក់​ឲ្យ​ខ្ចប់​បាន​និយាយ​ថា​ “ទិញ​សាច់ក្រក​ទីនេះ​ រាល់​ថ្ងៃ ព្រោះ​រសៀល​​បែប​នេះ​ វា​ជា​អាហារ​សម្រន់ ទម្រាំ​ដល់​ពេល​បាយ​ល្ងាច… ​រស់​ជាតិ​របស់​វា​ក៏​ឆ្ងាញ់​គ្រាន់​បើ​ដែរ​”។
    យុវជន​ស៊ុយ​​ ម៉េង​ហុង​ រស់​នៅ​ម្ដុំ ​ក្រោយ​វត្ត​មហាមន្ត្រី​ ដែល​បាន​មក​ទិញ​សាច់​ក្រក​ដែរ​នោះ​ ​និយាយ​ថា ​”សាច់​ក្រក​ជា​អាហារ​ ដែល​យើង​អាច​ញ៉ាំ​​​ទទេ​​ក៏​បាន ​​ទិញ​យក​ទៅ​ញ៉ាំ​ជាមួយ​បាយក៏​បាន​”។ ប៉ុន្តែ​យុវជន​ម្នាក់​នេះ​បាន​សម្ដែង​​ការ​ព្រួយ​បារម្ភ​ថា ​”ខ្លាច​តែ​ដុះ​ក្បាល​ពោះ​ ដោយសារ​ខ្លាញ់​​ច្រើន​ពេក”។
    អ្នក​លក់​ម្នាក់​នេះ​ បាន​និយាយ​រាង​ត្អូញ​បន្តិច​ថា “ឥឡូវ​នេះ ​មិន​ដូច​ពី​មុន​ទេ ​កាល​មុន​នៅ​កន្លែង​ចាស់​លក់​ដាច់​ខ្លាំងជាង​នេះ​ទៅ​ទៀត​ ​​​មួយ​​​ថ្ងៃ​​លក់​​បាន​៧០០​ដើម ប៉ុន្តែ​កាល​ណោះ​ ម្ចាស់​ផ្ទះ​គេ​ដេញ​ជើង ដោយ​ដាក់​ឲ្យ​អ្នក​ផ្សេង​លក់”។ ​គាត់​បាន​បន្ថែម​​​ទៀត​ថា​​​ ​ឥឡូវ​នេះ ទាំង​បោះ​ដុំ​ និង​អាំង​​លក់​ផ្ទាល់​លក់បាន​ជិត​​២០០​ដើម​​ដែរ​។ បើ​គិត​ពី​​ចំណូល គឺ​​បាន​ជិត​៣០​ម៉ឺន​​ក្នុង​១​ថ្ងៃ​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.