“អន្សមអាំង កាលណាយើងដាក់ដូងច្រើនលើសពីធម្មតា វានឹងឈ្ងុយឆ្ងាញ់ខ្លាំងណាស់”។ នេះជាសម្ដីរបស់បងស្រី ជា សុគន្ធា អ្នកលក់អន្សមអាំងម្ដុំអាងទឹកអូឡាំពិក។
បងស្រីនិយាយពីការធ្វើនំនេះថា គេយកអង្ករដំណើប មកត្រាំទឹកឲ្យរីកបន្តិច ទើបស្រង់យកចេញពីទឹក មកដាក់លាយជាមួយដូងកោសរួច ដាក់ស្ករ និងអំបិលបន្តិច លាយគ្នាឲ្យសព្វ ទើបយកមកលុញ ជាមួយផ្លែចេកដែលបករួច និងខ្ចប់ដោយស្លឹកចេក ទើបយកទៅអាំង។
បងស្រី បានបង្ហាញពីគន្លឹះសម្ងាត់ថា “ចំពោះការអាំងឲ្យឈ្ងុយឆ្ងាញ់ វិធីសំខាន់គឺថែភ្លើង ឲ្យបានដិតដល់ ក៏ប៉ុន្តែ មិនត្រូវយកអង្ករដំណើបខ្មែរមកលាយខ្សាយច្រើនពេកទេ ព្រោះធ្វើឲ្យបាត់រស់ជាតិឆ្ងាញ់”។
អ្នកលក់អន្សមអាំងរូបនេះបន្តទៀតថា ”ខ្ញុំលក់តពីម្ដាយរបស់ខ្ញុំ រយៈពេលជិត៣០ឆ្នាំហើយ ខ្ញុំលក់ដាច់ខ្លាំងណាស់ អតិថិជនរបស់ខ្ញុំមានច្រើនជាទូទៅ ពិសេសអ្នកជិះឡានមកទិញ ម្ដង១០ ទៅ២០នំ ហើយបើខាងសាលារៀនឯកជនមួយទិញម្ដង៦០នំឯណោះ”។
យុវជន សុខា កំពុងតែកាន់ថង់ប្លាស្ទិចដែលមាននំអន្សមអាំងចំនួន៥ ក្នុងនោះ បាននិយាយថា រូបគេទិញរាល់ថ្ងៃ ព្រោះអន្សមនេះឆ្ងាញ់ ប្លែកពីគេ ហើយក្រុមគ្រួសាររបស់ប្អូនសុទ្ធតែចូលចិត្ត។
មិនខុសពីយុវជន សុខា ប៉ុន្មានទេ លោក ហង្ស ធឿន ម្ចាស់គ្លីនិកពេទ្យសត្វ នៅជិតមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា គាត់ចូលចិត្តញ៉ាំអន្សមអាំងណាស់។ “ខ្ញុំទិញនេះ សុទ្ធតែប្រាប់ឲ្យលក់ មិនបាច់ដាក់ស្នូលចេកទេ ព្រោះខ្ញុំមិនសូវចំណូល ខ្ញុំញាំតែបាយដំណើបដែលអាំងសុទ្ធតែម្ដង ខ្ញុំទទួលទានម្ដងអស់អន្សមពីរឯណោះ”។
អ្នកបង ជា សុគន្ធា បញ្ជាក់ថា អន្សម១លក់ក្នុងតម្លៃ៥០០រៀល ហើយក្នុង១ថ្ងៃ លក់អស់ជាង២០០អន្សម ដែលអាចរកចំណូលបានជាង១០ម៉ឺនរៀល៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.