នៅពេលល្ងាច គេតែងតែសង្កេតឃើញរទេះលក់សាច់គោអាំង មានអាំងគោទាំងមូល និងបង្វិល ដោយម៉ាស៊ីនស្វ័យប្រវត្តិ ដែលគេនិយមហៅថា គោដុត។ អ្នកទិញមានច្រើនជម្រើស គឺអាចជ្រើសរើសសាច់ត្រង់ណាដែលខ្លួនពេញចិត្តក៏បាន។
“គោអាំងពេលត្រូវកម្ដៅមាន ពណ៌លឿងជិតក្រហម ហើយត្រូវលាបគ្រឿងផ្សំពិសេស មើលទៅពិតជាគួរឲ្យចង់ពិសាមែន” នេះជាសម្ដីរបស់យុវជនសោម ធារ៉ា អ្នកលក់គោអាំង នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតផ្សារដើមគរ។
យុវជន ធារ៉ា បានបន្តថា ខ្លួនចេះដុតគោបែបនេះ ដោយសារធ្លាប់ធ្វើការក្នុងហាងផឹកស៊ីធំៗ នៅតំបន់ជ្រោយចង្វា។ អ្នកលក់ម្នាក់នេះបានរៀបរាប់ ពីរបៀបដុតគោឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ថា ”គ្រឿងផ្សំគោដុត មានជី និងគល់ស្លឹកគ្រៃញាត់ក្នុងពោះរបស់គោ ទើបអាំង ហើយគ្រឿងលាបពីខាងក្រៅ មានដូចជា អំបិល ស្ករ ប៊ីចេង និងគ្រឿងផ្សំពិសេសមួយចំនួនទៀត ដែលខ្ញុំមិនអាចប្រាប់បាន”។
“គោរបស់ខ្ញុំយកមកលក់រាល់ថ្ងៃ មានទម្ងន់៨០គីឡូ ហើយរបៀបលក់ គឺអ្នកទិញពេញចិត្តសាច់ត្រង់ណា គឺកាត់ឲ្យត្រង់នោះ ហើយយកមកអាំង ដោយលាបគ្រឿងបន្ថែម ទៅផ្ទាប់ជាមួយបន្លែ ជ្រលក់ទឹកប្រហុកបានយ៉ាងឆ្ងាញ់ពិសា”។ ធារ៉ា បានបញ្ជាក់បន្ថែមដូច្នេះ។
អ្នកលក់គោអាំងម្នាក់នេះ បង្ហើបពីកន្លែងឆ្ងាញ់របស់គោដុតថា គោអាំងសាច់ឆ្ងាញ់ជាងគេ គឺត្រង់គុំកន្ទុយ ច្រឡកខ្នង សាច់ភ្លៅដែលមានជាប់ខ្លាញ់ អាំងទៅផុយ មានរសជាតិឆ្ងាញ់។
កញ្ញា ចាន់ ស៊ីឡន ដែលបានមកកុម្ម៉ង់ទិញសាច់គោអាំងបាននិយាយថា “ច្រើនមកទិញញឹកញាប់ រសជាតិឆ្ងាញ់ ហើយយើងអាចកុម្ម៉ង់យកសាច់ត្រង់ណាក៏បាន…”។
កំពុងចង្អុលទិញសាច់ដែរនោះ អ្នកមីងម្នាក់ សុំមិនប្រាប់ឈ្មោះ បាននិយាយថា “ឧស្សាហ៍មកទិញដែរ ទិញម្ដងពីរខាំកន្លះ អស់មួយម៉ឺនរៀលល្មមហូបបាយពីរនាក់តាយាយ”។ គាត់បានបន្ថែមទៀតថា ដោយសារតែជិតផ្ទះរបស់ពួកគាត់ និងងាយស្រួលមិនបាច់ចម្អិនយូរ។
បើតាមតម្លៃលក់លើទីផ្សារ សាច់គោអាំងនេះ មានចែកជាពីរប្រភេទគឺ សាច់ជាប់ឆ្អឹង១គីឡូក្រាម តម្លៃប្រហែល ៣ម៉ឺនរៀល និងសាច់សុទ្ធ១គីឡូក្រាម តម្លៃប្រហែល៤ម៉ឺនរៀល៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.