ពិធីប្រគល់ពានរង្វាន់ កម្មវិធី “អាណាចក្រតារា” នឹងរៀបចំយ៉ាងគគ្រឹកគគ្រេងនៅសាលសន្និសីទកោះពេជ្រ ជាពិសេសទូរទស្សន៍បាយ័នដ៏មានប្រជាប្រិយភាពនឹងផ្សាយផ្ទាល់ជូនទស្សនិកជនទស្សនាទូទាំងប្រទេស ពីកន្លែងរៀបចំកម្មវិធី គឺសាលសន្និសីទកោះពេជ្រ និងជុំវិញពិភពលោក។
តើហេតុអ្វីបានទូរទស្សន៍បាយ័នផ្សាយផ្ទាល់កម្មវិធីដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា? ប្រធានផ្នែកទីផ្សារប្រចាំអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍បាយ័ន លោក ស្រី សុខា ពន្យល់អំពីការផ្សាយផ្ទាល់នេះថា “ការដែលបាយ័នសម្រេចសហការជាមួយ កម្មវិធី “អាណាចក្រតារា” នាពេលនេះ ព្រោះតែទទួលស្គាល់ពីអត្ថន័យលើកតម្កើងតម្លៃសិល្បករសិល្បការិនីនៅក្នុងស្រុកតាមរយៈកម្មវិធីនេះ។ ម្យ៉ាងវិញទៀត គឺកម្មវិធីនេះ ធ្វើឲ្យយុវវ័យជំនាន់ក្រោយបានដឹងកាន់ស៊ីជម្រៅនិងបានច្បាស់លាស់ពីសិល្បៈខ្មែរ។ លោកបន្តថា កាន់តែបំផុសដល់បណ្ដាអ្នកចូលចិត្តសិល្បៈ ឲ្យចូលប្រឡូកក្នុងវិស័យនេះកាន់តែច្រើនឡើងៗ។ ប្រធានផ្នែកទីផ្សាររូបនេះអះអាងថា ” មកទល់នឹងពេលនេះខាងយើងខ្ញុំត្រៀមខ្លួនរួចរាល់ហើយចំពោះការ ផ្សាយបផ្ទាល់ព្រឹត្តិការណ៍ “អាណាចក្រតារា” ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ”។
បើយោងតាមការលើកឡើងរបស់តំណាងទូរទស្សន៍បាយ័ន ឃើញថា កម្មវិធី “អាណាចក្រតារា” ជាកម្មវិធីមួយដ៏គគ្រឹកគ្រេងដែលសិល្បករសិល្បការិនីទាំងឡាយពុំអាចអវត្តមានបាននោះទេ។ លើសពីនេះ អាចនិយាយបានថា ជាកម្មវិធីមួយនាំនាវាសិល្បៈខ្មែរឲ្យហក់ចូលសិល្បៈសកលភាវូបនីយកម្មក្នុងសម័យរីកចម្រើននេះ។ ទន្ទឹមនឹងការផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័នព័ត៌មាន និងផ្សាយតាមអ៊ីនធឺណិត ដែលអាចមើលឃើញទូទាំងពិភពលោក កម្មវិធី “អាណាចក្រតារា” នេះក៏ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍Sabay លើអ៊ីនធឺណិតផងដែរ ។
“អាណាចក្រតារា” ដែលរៀបចំនៅថ្ងៃព្រហស្បតិ៍ទី១៦ កុម្ភៈ ឆ្នាំ២០១២ ខាងមុខដ៏ខ្លីនេះ ជាព្រឹត្តិការណ៍ប្រគល់ ឬលើកពានរង្វាន់ របស់សិល្បករសិល្បការិនី និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈចំណានៗ យ៉ាងភ្លូកទឹកភ្លូកដី ។ កម្មវិធីនេះនឹងដំណើរទៅចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ ។ ក្រៅពីសិល្បករសិល្បការិនីរាប់រយនាក់បង្ហាញខ្លួន និងលើកពានរង្វាន់ ក៏មានអ្នកគាំទ្រសិល្បៈរាប់ពាន់នាក់ចូលរួមទស្សនានិងអបអរសាទរដែរ ។ ពិសេសជាងនេះ ក៏មានមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបចូលរួមជាអធិបតីដែរ ។ កុំភ្លេច! កម្មវិធីដំបូងកម្រមាន និងចាប់មានជារៀងរាល់ឆ្នាំពីពេលនេះតទៅ!
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.