Bill Gates នឹង​ធ្វើ​ទស្សនកិច្ច​ធុរកិច្ច​នៅ​មីយ៉ាន់ម៉ា

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • 120113_12
    លោក Bill Gates សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft។ Reuters
    ក្រុង​យ៉ាងហ្គូនៈ ក្រុម​មន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម​ភូមា បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ពុធ​ថា ប្រតិភូ​មួយ​ក្រុម​នៃ​ថ្នាក់​ដឹក​នាំ​បណ្តា​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ អាមេរិក​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​ដ៏​ខ្លី​ ខាង​មុខ ដែល​នេះ​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ ​បង្ហាញ​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​អាមេរិក និង​​ប្រទេស​ឯការ​ដ៏​យូរ​នេះ បើ​ទោះ​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​នេះ​ក្តី។
    ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ប្រតិភូ​ពាណិជ្ជកម្ម​អាមេរិក​នេះ នឹង​កើត​មាន​ឡើង​ក្នុង​ពេល​តិច​ជាង​បី​ខែ​ក្រោយ​លោក​ស្រី Hillary Clinton ដែល​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ទី​មួយ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​ រយៈ​ពេល​ជាង ៥០​ឆ្នាំ ហើយ​លោក​ស្រី​ មាន​ប្រសាសន៍​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​គាំ​ទ្រ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​របស់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អាច​នឹង​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​នេះ​ ទៀត​ផង​។
    ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​អាមេរិក ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ គឺ​ជា​រឿង​ចម្លែក​មួយ ដោយ​សារ​វត្តមាន​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​មក​លើ ប្រទេស​នេះ​នៅ​មាន​នៅ​ឡើយ។ តែ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​កំណែ​ទម្រង់​ខ្លាំង​នៅ​ក្នុង​ប្រទេស​អតីត អាណានិគម​របស់​អង់គ្លេស ដែល​សម្បូរ​ដោយ​ធនធាន​ធម្ម​ជាតិ​មួយ​នេះ ចាប់​តាំង​ពី​របប​យោធា​នៅ​ប្រទេស​នេះ បាន​ឡើង​កាន់​កាប់​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​ក្នុង​ឆ្នាំ ១៩៦២ ដែល​នៅ​ពេល​នោះ ប្រទេស​នេះ​មាន​ឈ្មោះ​ថា ប៊ឺម៉ា។  ​
    មេ​ដឹក​នាំ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​មួយ​រូប និង​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​សហព័ន្ធ​មីយ៉ាន់ម៉ា (MFCCI) បាន​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ប្រតិភូ​អាមេរិក​នេះ តែ​លោក​បាន​បដិសេធ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​ ដោយ​សារ​លោក​ពុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ​តាម​សារព័ត៌​មាន​ទេ។
    ធុរជន​ដដែល​នេះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក Bill Gates ដែល​ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន Microsoft និង​ជា​ប្រធាន​មូលនិធិ​ Gates Foundation ក៏​នឹង​ចូល​រួម​ជាមួយ​នឹង​ក្រុម​ប្រតិភូ​នេះ​ដែរ តែ​អ្នក​នាំ​ពាក្យ​របស់​លោក Gates នៅ​ទីក្រុង Seattle ក្នុង​រដ្ឋ​វ៉ាស៊ីនតោន បាន​បដិសេធ​មិន​អធិប្បាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Gates ដោយ​លោក​បាន​បញ្ជាក់​ថា ការ​រាយការណ៍​ពី​ដំណើរ​ទស្សនកិច្ច​នេះ គឺ​មិន​ពិត​ទេ។
    អគ្គនាយក​ក្រុម​ហ៊ុន​ជា​ច្រើន ដែល​ភាគ​ច្រើន​មក​ពី​តំបន់​អាស៊ី បាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​កាន់​រដ្ឋធានី​ពាណិជ្ជកម្ម​យ៉ាំងហ្គូន របស់​ប្រទេស​ភូមា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន​៦០ ​លាន​នាក់​នេះ និង​ជា​ប្រទេស​មួយ​នៃ​ទីផ្សារ​ព្រំដែន​ចុង​ក្រោយ​នៅ​តំបន់​អាស៊ី​។
    មន្ត្រី​ឧស្សាហកម្ម​មួយ​រូប​ទៀត បាន​រៀប​រាប់​ថា អគ្គនាយក​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អាមេរិក នឹង​ជួយ​សវនាការ​ជាមួយ​លោក​ប្រធានាធិបតី ថេន សេន ទស្សនា​តំបន់​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ព្រម​ទាំង​ចំណាយ​ពេល​វេលា​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុម​ហ៊ុន​ ពាណិជ្ជកម្ម​ក្នុង​ស្រុក​ ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​របស់​មីយ៉ាន់ម៉ា កំពុង​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​ អាមេរិក។
    អ្នក​វិភាគ​វិនិយោគ​មួយ​ចំនួន បាន​ប្រៀប​ធៀប​ការ​អភិវឌ្ឍ​របស់​ប្រទេស​ភូមា​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស ​វៀតណាម​កាល​ពី​ឆ្នាំ​១៩៩៤ នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​​អាមេរិក ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ហាណូយ ត្រូវ​បាន​លុប​ចោល។ តែ​ទីតាំង​របស់​ប្រទេស​ភូមា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទីតាំង​ប្រកប​ដោយ​យុទ្ធសាស្រ្ត និង​ងាយ​ស្រួល​ជាង​រវាង​ការ​បង្កើន​អំណាច​របស់​​ប្រទេស​ឥណ្ឌា និង​ចិន ដែល​មាន​កំពង់​ផែ​នៅ​លើ​មហា​សមុទ្រ​ឥណ្ឌា៕ BP



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.