ភ្នំពេញៈ ការនាំចេញអង្កររបស់សម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជានៅ ឆ្នាំ២០១១ កើនឡើងជាង១៥០ភាគរយបើធៀបនឹងឆ្នាំ២០១០។ នេះបើតាមការអះអាងពីប្រធានសម្ព័នកាលពីម្សិលមិញ។
លោក ភូ ពុយ ប្រធានសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាមានប្រសាសន៍ថា បើតាមតួលេខបណ្តោះអាសន្នរបស់សម្ព័នសមាគមរោងម៉ាស៊ីនកម្ពុជា ការនាំចេញអង្ករជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០១១ មានជាង១០ម៉ឺនតោន ពោលបានកើនជាង១៥០ភាគរយ បើធៀបនឹងឆ្នាំ ២០១០ ដែលមានប្រមាណ ត្រឹមតែ៤ម៉ឺន តោនប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ការកើនឡើងនេះដោយសារតែយើងមានការជំរុញរោងម៉ាស៊ីនកិនស្រូវឲ្យ មានការកែច្នៃតាម កម្រិតស្តង់ដារ ទីពីរគឺមានការផ្តល់ទុនកម្ចីពីធនាគាររដ្ឋ និងឯកជនមានការកើនឡើងដើម្បីឲ្យសម្ព័ន្ធរបស់យើងអាចបង្កើនការទិញ ស្រូវសម្រាប់កែច្នៃបានច្រើន»។
លោក សេង ប៊ុនស៊ អនុប្រធាន សម្ព័ន្ធបានឲ្យដឹងថា តម្លៃនៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាស៊ីនៅឆ្នាំ២០១១ មានចន្លោះពី ៩០០ ទៅ ១០០០ដុល្លារក្នុងមួយតោន សម្រាប់ប្រភេទអង្ករលេខមួយ គឺខ្ពស់ជាង ឆ្នាំ២០១០ ចំនួន ១០ភាគរយ។
តាមលោក ភូ ពុយ ការនាំចេញអង្កររបស់សម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវ ២០១២ នឹងបន្តការកើនឡើងបន្តទៀត។ លោកបន្តថា៖ «ឆ្នាំនេះបើទោះបីជាមានការខូចខាតស្រូវខ្លះក៏ប៉ុន្តែការប្រមូល ទិញស្រូវកំពុងតែមានការកើនឡើង»។
ប៉ុន្តែលោកបានអះអាងថា រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាកំពុងតែប្រឈមនឹងឧបសគ្គមួយចំនួន ដែលធ្វើឲ្យការនាំចេញអង្កររបស់ពួកគេនៅមានកម្រិត។ លោកថ្លែងថា៖ «ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅខ្វះកន្លែងស្តុកស្រូវ និងបច្ចេកទេសសម្រាប់កែច្នៃអង្ករដែលមានស្តង់ដារ ហើយទុនពួកគាត់នៅមានកម្រិតនៅឡើយ»។
ប្រធានសម្ព័នសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជារូបនេះបានឲ្យដឹង ទៀតថា ការប្រមូលទិញស្រូវរបស់សម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវនៅ ឆ្នាំ២០១១ បានចំនួនជិត៤០ម៉ឺនតោន ហើយសម្រាប់ឆ្នាំ២០១២ វាអាចនឹងកើនលើសឆ្នាំ ២០១១ ពី ៣០ ទៅ ៤០ ភាគរយ។
លោក អឹង វណ្ណម៉ៅ អនុប្រធានសមាគមរោងម៉ាស៊ីកិនស្រូវ និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ អឹង វណ្ណម៉ៅ នៅ ខេត្តបន្ទាយមានជ័យ ដែលជាសមាជិកសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវបានឲ្យដឹងថា ការខ្វះខាតទុន និងបច្ចេកទេសធ្វើឲ្យលោកមិនអាចមានលទ្ធភាពនាំចេញអង្ករដោយ ផ្ទាល់ទៅក្រៅប្រទសបាននៅឡើយ។
លោកបញ្ជាក់ថា៖ «យើងចង់នាំចេញដែរ តែវាទៅមិនរួចទេព្រោះអាជីវកម្មរបស់យើងនៅតូចតាចនៅឡើយ ដោយសារតែកង្វះខាតទុន»។ កាលពី ឆ្នាំ២០១១ រោងម៉ាស៊ីនកិនស្រូវរបស់លោកបានកែច្នៃអង្ករលក់ទៅឲ្យក្រុមហ៊ុន នាំចេញអង្ករក្នុងស្រុកបានប្រមាណ ២ ០០០តោន។
លោក សុន គន្ធរ ប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា កំណើននាំចេញអង្ករនៅឆ្នាំ ២០១១ បានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងឆ្នាំ២០១០។ លោកបញ្ជាក់ថា៖ «ដើម្បីជួយជំរុញដល់វិស័យកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់កម្ចីប្រហែល៥៦លាន ដុល្លារ នៅឆ្នាំ២០១១ ដែលក្នុងនោះមានមួយចំនួនបានផ្តល់ទៅរោងម៉ាស៊ីនកិនស្រូវ»។
តួលេខពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញអង្ករ ចន្លោះខែមករា និងខែតុលាឆ្នាំ២០១១ មានប្រមាណ ១៣៦ ០១៣,៤តោន កើនឡើង៧,៣៣ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០១០ ដែលមានតែ១២៦ ៧១៨,១តោន។ ដោយឡែកតម្លៃនៃការនាំចេញរយៈពេល១០ខែ ២០១១ បានកើនឡើង១៩៩,៤ភាគរយ គឺកើនពី ២៦,១១ លានដុល្លារ ទៅ ៧៨,១៨ លានដុល្លារ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.