ផលិតផលកសិកម្ម និងឧស្សាហកម្ម មានសក្ដានុពលមួយចំនួន នៅតាមបណ្ដាខេត្ត ត្រូវបានយកមកតាំងបង្ហាញនៅក្នុងពិព័រណ៍ ខេត្តមួយផលិតផលមួយ កាលពីម្សិលមិញនៅកោះពេជ្រ។
ស្តង់ខេត្ត បន្ទាយមានជ័យ មានដាក់តាំងមើមដំឡូងធំៗ អង្ករ និងរូបចម្លាក់ព្រះនារាយណ៍ធ្វើចេញពីថ្មភក់។ លោក ឆាន់ ប៊ុនម៉ាន់ អនុប្រធានសភាពាណិជ្ជកម្មខេត្ត បានឲ្យដឹងថា សម្រាប់ខេត្តរបស់លោក ផលិតផលដែលមានសក្ដានុពលជាងគេគឺ អង្ករ និងដំឡូងមី។ លោក ប៊ុនម៉ាន់ បានបន្តថា ការដាក់តាំងបង្ហាញ នេះយើងចង់ស្វែងរកទីផ្សារសម្រាប់ផលិតផលឲ្យបានទូលំទូលាយជាងសព្វថ្ងៃ ដែលផលិតផលរបស់ខេត្តពឹងផ្អែកស្ទើរទាំងស្រុងលើទីផ្សារប្រទេសថៃ។
សម្រាប់ទីផ្សារ លោក ប៊ុន ម៉ាន់ មិនចង់បានត្រឹមតែជាអតិថិជននោះទេ លោកចង់បានការវិនិយោគទុន ចុះដល់ខេត្តតែម្ដង ដោយដាំដុះ បង្កើតរោងចក្រ ទិញផលិតផលកែច្នៃសម្រេច ព្រោះធ្វើបែបនេះអាចនឹងនាំការប្រើប្រាស់ដីធ្លីអស់សក្ដានុពល និងទទួលយកកម្លាំងពលកម្មរបស់ប្រជាជននៅតំបន់នោះ។ លោកបានបន្តដូច្នេះថា “ក្នុង១ឆ្នាំ ខេត្តខ្ញុំអាចផលិតអង្ករបាន៤០ម៉ឺនតោន និងដំឡូងជាង៨សែនតោន”។
ដោយឡែក នៅជិតនោះដែរក៏មានស្តង់១ទៀតមានព្យួរត្រីងៀត ត្រីសាំប៉ា និងបង្គាក្រៀម ដែលជាផលិតផលរបស់ខេត្តកោះ។ លោក ឡេង ប៊ុនធា មន្ត្រីសភាពាណិជ្ជកម្មរបស់ខេត្ត បានឲ្យដឹងថា ខេត្តកោះកុងមានសក្កានុពលជាងគេ គឺផលិតផលសមុទ្រ ដូចជាត្រី បង្គា ទឹកត្រី ពិសេសជាងគេគឺ គី (កាពិៈ) ដែលជាផលិតផលសិប្បកម្មរបស់ប្រជាជន។ លោក ឡេង ប៊ុនធា បានសរសើរគី (កាពិ) នោះថា “បើយើងប្រៀបធៀបគីកោះកុង ជាមួយគីរបស់ថៃ គីរបស់យើងឆ្ងាញ់ជាងដាច់”។
ងាកមកមើលស្តង់មួយទៀត មានដាក់តាំង កៅស៊ូក្រេប ថ្នាំជក់ រមៀត និងធញ្ញជាតិផ្សេងៗ ដែលតំណាងឲ្យខេត្តកំពង់ចាមវិញម្ដង។ លោក សៀវ ហេងស៊្រាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាននិយាយថា ផលិតផលរបស់ខេត្តមានទាំងកសិកម្ម និងឧស្សាហកម្មកែច្នៃ មានដូចជាសណ្ដែក ល្ង អង្ករ ជាដើម ផលិតផលដែលមានសក្ដានុពលជាងគេ គឺកៅស៊ូ និងថ្នាំជក់។ តាមរយៈការដាក់តាំងពិព័រណ៍ខេត្ត១ផលិតផល១កន្លងមកនេះ ទំនិញកសិកម្មមួយមុខទៀតដែលកំពុងមានទីផ្សារគឺ រមៀតក្រចកអក ដែលប្រទេសឥណ្ឌាត្រូវការខ្លាំង ឥឡូវនេះតម្លៃឡើងរហូតដល់១តោន ៥០០ដុល្លារហើយ។
ឯកឧត្ដមចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា នេះលើកទី៦ពិព័រណ៍ពាណិជ្ជកម្មខេត្ត១ផលិតផល១ ដែលក្រសួងពាណិជ្ជកម្មតែងតែរៀបចំប្រចាំឆ្នាំក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា បង្កើនការនាំចេញ ជំរុញឲ្យមានការនាំចេញកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្ដមបានថ្លែងបែបនេះនៅក្នុងថ្ងៃសម្ពោធពិព័រណ៍នៅកោះពេជ្រព្រឹកម្សិលមិញនេះ។
អង្ករខេត្តបន្ទាយមានជ័យ
ដំឡូង ខេត្តបន្ទាយមានជ័យ
គ្រឿងចម្លាក់ថ្មពួក ខេត្តបន្ទាយមានជ័យ
បង្គារគ្រៀម និងកាពិ ខេត្តកោះកុង
ទឹកឃ្មុំ កោះកុង
ធុញ្ញជាតិ ខេត្តកំពង់ចាម
ត្រីសាំប៉ាន់ ខេត្តកោះកុង
ត្រីឆ្លាម
ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់១៨ ខែធ្នូ មានស្តង់ដែលបានដាក់តាំងបង្ហាញសរុប ៣៧៦ និងមានក្រុមហ៊ុនចូលរួម២៦២ក្រុមហ៊ុន។ កាលឆ្នាំ២០១០ ក្នុងពិព័រណ៍ដូចគ្នានេះ មានស្តង់ចំនួន៣២៦ រយៈពេល៤ថ្ងៃមានភ្ញៀវចូលរួមប្រមាណ៥៤០០០នាក់៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.