ការ​ដំឡើង​ផ្ទាំង​សូឡា​នៅ​តំបន់​ដាច់​ស្រយាល​ចប់​ចុង​ខែ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120118_11a
    ផ្ទាំង​សូឡា ដែល​គេ​ដាក់​​ប្រើ​​នៅ​តាម​​ផ្ទះ​មួយ​​ចំនួន​​នៅ​​រាជធានី​ភ្នំពេញ។ រូបថត ហេង ជីវ័ន
    ភ្នំពេញៈ ​ការ​ដំឡើង​ផ្ទាំង​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ (​ផ្ទាំងសូឡា)​ ប្រភេទ​លំនៅ​ដ្ឋាន​សម្រាប់​ប្រជាជន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​ ចំនួន​៧ ​ជិត​រួច​រាល់​ហើយ​។​ នេះ​យោង​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​អគ្គិសនី​។
    លោក យាង តាល់ ​ប្រធាន​រដ្ឋបាល​នៃ​មូលនិធិ​អគ្គិសនី​ភាវូនីយកម្ម​ជនបទ​បាន​ឲ្យ​ដឹង​ ថា ​ការ​ដំឡើង​ផ្ទាំង​សូឡា​នេះ​មាន​ចំនួន ​១២ ០០០​ផ្ទាំង ​ដែល​មក​ដល់​ពេល​នេះ​ដំឡើង​បាន​ជិត​១​ម៉ឺន​ផ្ទាំង​ហើយ​ក្នុង​រយៈ​ពីរ​ខែ​។ លោក​បន្ត​ថា ​ការ​ដំឡើង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ​មករា​។
    លោក​បន្ត​ថា​៖ «​ដោយ​សារ​តែ​ថវិកា ​និង ​ផ្ទាំង​សូឡា​មាន​កំណត់ ​យើង​អនុវត្ត​បាន​តែ​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​៧​ប៉ុណ្ណោះ​ក្នុង​ដំណាក់​ កាល​ដំបូង​នេះ​។ ​យើង​នៅ​បន្ត​អនុវត្ត​គម្រោង​នេះ​ ហើយ​យើង​​កំពុង​រក​ប្រភព​ជំនួយ​»​។
    លោក​បន្ថែម​ថា ផ្ទាំង​សូឡា​មាន​ពីរ​ប្រភេទ​គឺ​៥០​វ៉ាត់ និង​៣០​វ៉ាត់ ​ដែល​មាន​តម្លៃ​៣៣០​ដុល្លារ​ និង ២៦០​ដុល្លារ​ក្នុង​មួយ​គ្រឿង​។​ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​ប្រាក់​បដិភាគ​១០០​ដុល្លារ​ ក្នុង​មួយ​គ្រឿង ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ចំណាយ​តែ​២៣០​ទៅ​១៦០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង មួយ​គ្រឿង​។
    ខេត្ត​ទំាង​៧​នោះ​ រួម​មាន​ ខេត្ត​រតនគិរី ​មណ្ឌលគិរី ​ព្រះវិហារ ​ពោធិ៍សាត់ ​កំពង់ធំ​ កំពង់ស្ពឺ ​និង ​ខេត្ត​​សៀមរាប​។
    ប្រជា​ពលរដ្ឋ​ត្រូវ​បង់​រំលស់​ក្នុង​រយៈ​ពេល​៤ឆ្នាំ​ ដោយ​ពួក​គេ​ត្រូវ​បង់​ជិត​៥​ដុល្លារ និង​ជាង​៣​ដុល្លារ​ក្នុង​មួយ​ខែ។​ លោក​ យាង​ តាល់ ​ថ្លែង​ថា៖​ «យើង​​មិនអាច​ឲ្យ​គាត់​បង់​លុយ​មក​វិញ​ច្រើន​ជាង​នេះ​ទេ ​វា​នឹង​ប៉ះពាល់​គ្រួសារ​គាត់​»​។
    គម្រោង​មូលនិធិ​អគ្គិសនី​ភាវូនីយកម្ម​ជន​បទ​ផ្តោត​សំខាន់​ទៅ​តំបន់​ ដែល​គ្មាន​បណ្តាញ​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា ​ដូចជា​ប្រជាជន​នៅ​តំបន់​ព្រៃ​ភ្នំដាច់​ស្រយាល ដើម្បី​អនុវត្ត​ការងារ​រដ្ឋាភិបាល​ដែល​កំណត់​ថា​គ្រប់​ក្រុម​គ្រួសារ ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​២០៣០​។
    គម្រោង​នេះ​ទទួល​បាន​កម្ចី​ពី​ធនាគារ​ពិភព​លោក​ជិត៤​លាន​ដុល្លារ​។
    លោក ​ប៊ុន ​វាសនា ​មន្ត្រី​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​ថា ផ្ទាំងសូឡា​នេះ ​ផ្តល់​នូវ​ថាមពល​ស្អាត ​និង​ការ​បង្គ្រប់​សេវា​អគ្គិសនី​នៅ​តាម​គ្រួសារ​ជន​បទ ​ដោយ​មិន​ចាំបាច់​តភ្ជាប់​ខ្សែ​អគ្គិសនី​[​ពី​អគ្គិសនី​កម្ពុជា ​ឬ ​មូលនិធិ​អគ្គិសនី​ភាវូនីយ​កម្ម​ជនបទ​] ​ឡើយ​។
    លោក ថេង ម៉ារិទ្ធ ប្រធាន​នាយក​ដ្ឋាន​ សេវាកម្ម​ផលិត ​បញ្ជូន​ និង​បញ្ជូន​រង​ នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំមុន​ថា ​មក​ដល់​ពេល​នេះ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ គ្រប​ដណ្តប់​បាន ​៤៣,៦៤​ភាគ​រយ នៃ​ភូមិ​នៅ​ទូទាំង​ប្រទេស គឺ​ស្មើ ៦ ០៨២​ភូមិ ​និង ​១៨,៨២​ភាគ​រយ​ទៀត គឺ​ស្មើ​នឹង ១ ៦២៣​ភូមិ ស្ថិត​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ចែក​ចាយ​តែ​មិន​ទាន់​ទៅ​ដល់។
    ក្រុមហ៊ុន​ចិន Sunlabob ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​ឡាវ​ ជា​អ្នក​ទទួល​បាន​ការ​ផ្គត់ផ្គង់​ផ្ទាំង​សូឡា​នេះ​ដើម្បី​អនុវត្ត​គម្រោង​ ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា​។
    លោក ​Andy schroeter អគ្គ​នាយក​ក្រុមហ៊ុន Sunlabob ​បាន​ឲ្យ​ដឹង​ថា ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​របស់​កម្ពុជា​មាន​ទំហំ​ធំ ​ខណៈ​ឡាវ​មាន​ថាមពល​វារី​អគ្គិសនី ​និង​វៀតណាម​ មាន​ថាមពល​ខ្យល់​។
    លោក​បន្ត​ថា ដូច្នេះ ​ថាមពល​ព្រះ​អាទិត្យ​ជា​សក្តានុពល​របស់​ប្រទេស​កម្ពុជា​។
    លោក​បន្ត​ថា ក្រុមហ៊ុន Sunlabob កំពុង​ចរចា​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បន្ត​អភិវឌ្ឍ​ថាមពល​ពន្លឺ​ ព្រះ​អាទិត្យ​ក្រៅ​ពីការ​ដំឡើង​នៅ​តាម​ផ្ទះ ​ដែល​ក្នុង​នោះ​អាច​នឹង​ប្រើ​ប្រាស់​ជា​ប្រព័ន្ធ​មជ្ឈការ​នៅ​តាម​តំបន់​ ដាច់​ស្រយាល ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​អាច​មាន​លទ្ធភាព​ភ្ជាប់​បណ្តាញ​នេះ​បាន ​និង​ការ​បង្កើត​រោង​ចក្រ​ថាមពល​ព្រះ​អាទិត្យ​ដែល​អាច​ឲ្យ​ក្រុម​ហ៊ុន ​លក់​អគ្គិសនី​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា​ផង​ដែរ​។
    លោក ​អែម ​វណ្ឋា អាយុ ៤៥ ឆ្នាំ​ អ្នក​ភូមិ​សំរោង​ ឃុំ​សំរោង ​ស្រុក​ភ្នំ​ក្រវ៉ាញ​ ខេត្ត​ពោធិ៍សាត់ ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ប្រើប្រាស់​ឧបករណ៍​ថាមពល​នេះ​ជាង​មួយ​ខែ​មក​ហើយ។ លោក​បន្ត​ថា​ វា​មាន​ភាព​ងាយ​ស្រួល​ និង​ចំណេញ​បាន​ច្រើន។​  លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា ​ខ្ញុំ​ត្រូវ​បង់​ប្រមាណ​៧០០​ ទៅ​ ៨០០​រៀល​ក្នុង​មួយ​ថ្ងៃ​ តម្លៃ​នេះ​អាច​ទៅ​រួច​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ។ ខ្ញុំ​ធ្លាប់​ប្រើ​អាគុយ​រាប់​មិន​អស់ អស់​លុយ​ច្រើន​ ហើយ​ត្រូវ​បញ្ចូល​ញឹក​ញាប់​ទៀត​ផង​»៕​ ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.