ដំណើរ​ការ​ជួញដូរ​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នឹង​ចាប់​ផ្តើម​ខែ​៣

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120118_09b
    បន្ទប់​ទិញ​លក់​​ភាគហ៊ុន​របស់ CSX​​។ ជីវ័ន
    ភ្នំពេញៈ យោងតាមកាសែតភ្នំពេញ ប៉ុស្តិ៍​បានឲ្យដឹងថា៖​ ផ្សារ​មូលបត្រ​កម្ពុជា ​នឹង​ចាប់​ផ្តើម​ការ​ជួញ​ដូរ​នៅ​ក្នុង​ខែ​មីនា ឬ​ មេសា​ខាង​មុខ​នេះ។ នេះ​បើ​តាម​មន្ត្រី​ផ្សារ​មូលបត្រ​កូរ៉េ ដែល​ជា​ដៃ​គូ​វិនិយោគ​របស់​ផ្សារ​មូលបត្រ​កម្ពុជា។
    លោក Pat Gil-Soo អគ្គ​នាយក​រង​ជាន់​ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ផ្សារ​មូលបត្រ កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ តាម​អ៊ីមែល​ថា ការ​រៀប​ចំ​ចុង​ក្រោយ​សម្រាប់​ការ​បោះផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង (IPO) របស់​ផ្សារ​មូលបត្រ​កម្ពុជា​គួរ​តែ​បញ្ចប់​នៅ​ពេល​នោះ។
    លោក​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ទស្សនកិច្ច​ទីក្រុង​ភ្នំពេញ​ម្តង​ទៀត​ នៅ​ចុង​ខែ​មីនា ឬ​ដើម​ខែ​មេសា ដើម្បី​បើក​ពិធី​សម្ពោធ​នោះ»។
    បើ​ទោះ​យ៉ាង​នេះ​ក្តី លោក​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​នោះ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​លោក​មិន​អាច​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​ឡើយ​។
    ផ្សារ​មូលបត្រ​កូរ៉េ​ខាង​ត្បូង ​និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​បណ្តាក់​ទុន​រួម​គ្នា​ ដើម្បី​បង្កើត​ផ្សារ​មូល​បត្រ​កម្ពុជា​ ដោយ​កម្ពុជា​មាន​ភាគ​ហ៊ុន ​៥៥​ភាគរយ ​ហើយ​ភាគី​កូរ៉េ ​មាន​ភាគ​ហ៊ុន ៤៥​ភាគ​រយ។ ផ្សារ​មូលបត្រ​នេះ ត្រូវ​បាន​ពន្យារ​ពេល​២​ដង មុន​ពេល​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន។
    លោក  ​គាត  ​ឈន់​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា ផ្សារ​មូលបត្រ​​កម្ពុជា ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ការ​ជួញដូរ បើ​គិត​ពី​បច្ចេក​ទេស​ដោយ​សារ​ក្រុម​ហ៊ុន​មូលបត្រ​ទាំងអស់ ក៏​ដូច​ជា​ភ្នាក់​ងារ​ទូទាត់​សាច់​ប្រាក់ បាន​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កុំព្យូទ័រ​ផ្សារ​ហ៊ុន​រួច​រាល់​ហើយ។ លោក​ក៏​​មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​ធ្វើ ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ។
    លោក Han Kyung-tae នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន​មូលបត្រ ​តុងយ៉ាង​ស៊ីឃ្យូរីធី ​ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ឲ្យ​រដ្ឋាករ​ទឹក​ភ្នំពេញ បាន​ព្យាករ​ថា ការ​ជួញដូរ​នឹង​ចាប់​ផ្តើម​នៅ​ត្រី​មាស​ទីមួយ។​ លោក​ថ្លែង​ថា៖ «យើង​កំពុង​បោះ​ជំហាន​ទៅ​រក IPO សម្រាប់​ PPWS ​យើង​ជិត​ឈាន​ដល់​ការ​បញ្ចប់​ហើយ​»៕ 



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.