ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ ដែល​​កើត​ឡើង​ពី​ថ្ងៃ​ទី ០៩ ដល់ ១៣ មករា ​ឆ្នាំ ​២០១២

បី​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​វាយ​ភ្ញៀវ ក្នុង​ពិ​ធី​មង្គលការ​
តាកែវ៖ ​ប៉ូលិស​បាន​បញ្ជូន​បុរស​ពីរ​នាក់​ទៅ​កាន់​តុលាការ​ខេត្ត​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​ឲ្យ​បុរស​អាយុ​៤៦ឆ្នាំ​ម្នាក់ ​របួស​កាល​ពី​ថ្ងៃ​ពុធ​នៅ​កន្លែង​មង្គលការ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​បុរស​បី​នាក់​ដែល​មាន​អាយុ​២៤ ឆ្នាំ​ ដល់ ២៦ ឆ្នាំ បាន​​មក​រាំលេង​​នៅ​ក្នុង​មង្គល​ការ​នោះ​ហើយ​ជន​រ​ងគ្រោះ​បាន​រាំ​ជាន់​ជើង​របស់​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បី​នាក់។ភ្លាមៗ​នោះ​ពួក​គេ​បាន​ទាញ​ដាវ​ និង​ចប​ជីក​មក​វាយ​ក្បាល​ជន​រង​គ្រោះ​។សំណាង​ល្អ​ជន​រង​គ្រោះ​គេច​ទាន់​តែ​ត្រូវ​ដៃ​ខាង​ឆ្វេង​។ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​មួយ​ថ្ងៃ​ក្រោយ​មក​ពី​បទ​បង្ក​របួស​ស្នាម៕
ពីរ​នាក់​បង​ប្អូន​ត្រូវ​ចោរ​ស្ទាក់​ផ្លូវ​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពេល​មក​ពី​ភ្នំពេញ
រតនៈគិរី៖ប៉ូលិស​ស្រុក​បកែវ​ក្នុង​ខេត្ត​រតនៈគិរី​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាប់​​ពាក់​ពន្ធ័​នឹង​វាយ​ប្លន់​ជន​រង​គ្រោះ​ជា​បង​ប្អូន​មិន​បាន​សំរេច​មួយ​កាល​ពី​ថ្ងៃ​ពុធ។ក្រុម​ប៉ូលិស​បាន​អោយ​​ដឹង​ថា​ ជន​រង​គ្រោះ​អាយុ២៣​ឆ្នាំ​ម្នាក់​បាន​ទៅ​ទទួល​បង​ស្រី​របស់​គេ​អាយុ​៣០​​ឆ្នាំ​ពី​បេន​ឡាន​ហើយ​ពេល​ធ្វើ​ដំណើរ​​ត្រឡប់​មក​វិញ​ត្រូវ​បាន​ជន​សង្ស័យ​ស្ទាក់​ផ្លូវ​និង​កាប់​ពួក​គេ​នឹង​ដាវ​សាំ​ម៉ូ​រៃ​មួយ​ប៉ុន​ប៉ង​ប្លន់​យក​ម៉ូតូ។ ជន​រងគ្រោះ​ស្រែក​អោយ​គេ​ជួយ​ធ្វើ​អោយ​ជន​សង្ស័យ​ភ័យ​ហើយ​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់​ទៅ។ជនរងគ្រោះ​ជា​បង​រង​របួស​ធ្ងន់​ហើយ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​មួយ​នៅ​ភ្នំពេញ។ ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​មួយ​ថ្ងៃ​ក្រោយ​មក​ហើយ​កំពុង​តែ​កសាង​សំណុំ​រឿង​បញ្ជូន​គេ​ទៅ​តុលាការ៕
ប៉ូលិស​ឃាត់​ខ្លួន​ចោរ​លួច​ស្រូវ​បី​ប៉ាវ​បញ្ជូន​ទៅ​តុលា​ការ
កំពង់ស្ពឺ៖ប៉ូលិស​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់​ខ្លួន​បុរស​អាយុ២១​ឆ្នាំ​ម្នាក់​ដោយ​សង្ស័យ​ថា ​បាន​លួច​ស្រូ​វចំនួន​បី​ប៉ាវ​កាល​ពី​យប់​ថ្ងៃ​ពុធ។ក្រុម​សម្ថកិច្ច​បាន​អោយ​ដឹង​ថា​បុរស​ពីរ​នាក់​បាន​ឃុប​ឃិត​គ្នា​លួច​ស្រូវ​៣ប៉ាវ​ហើយ​យក​ទៅ​លាក់​ទុក​ដើម្បី​លក់​យក​លុយ​ចែក​គ្នា​ចាយ​។ ម្ចាស់​ស្រូវ​អាយុ​៥៤ឆ្នាំ​បាន​ប្តឹង​ប៉ូលិស​ពី​រឿង​បាត់​ស្រូវ​នេះ​។ ប៉ូលិស​បាន​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់។ ជន​សង្ស័យ​បាន​សារភាពថា​ពួក​គេ​បាន​លួច​ស្រូវ​នោះ​មែន​ហើយ​លក់​អស់​មួយ​ប៉ាវ​បាន​ប្រាក់​៦ម៉ឺន​រៀល​ចែក​គ្នា​ចាយ​អស់​ហើយ​។ ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​តែ​រត់​គេច​ខ្លួន៕
ភ្ញៀវ​ការ​វាយ​គ្នា​ស្លាប់​ម្នាក់​របួស​ម្នាក់​ និង​៤នាក់​ចាប់​ខ្លួន
កំពង់ស្ពឺ៖បុរស​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ពួក​គេ​បាន​វាយ​បុរស​ម្នាក់​បណ្តាល​អោយ​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ​។​ប៉ូលិស​​បាន​អោយ​ដឹង​ថា​ ជនសង្ស័យ​ និង​ជន​រង​គ្រោះ​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង​។បន្ទាប់​មក​ពួក​គេ​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​គ្នា។ពេល​នោះ​ក្រុម​ជន​សង្ស័យ​បាន​វាយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​មាន​អាយុ​១៨​និង​១៩​ឆ្នាំ​ នឹង​ដំបង​របួស​ធ្ងន់។ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​នៅ​ភ្នំពេញ​ប៉ុន្តែ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក។ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​នោះ​ទៅ​តុលាការ​ដើម្បី​កាត់​ទោស​ទៅ​តាម​ច្បាប់៕
ភ្ញៀវ​ការ​ត្រូវ​ឃាត់​ខ្លួន​បន្ទាប់​ពី​បាញ់​កូន​ក្រមុំ​របួស
កណ្តាល៖បុរស​អាយុ​៤៨ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បន្ទាប់​ពី​គេ​បាន​បាញ់​បង្ក​អោយ​កូន​ក្រមុំ​អាយុ​៤៧ឆ្នាំ​ម្នាក់​និង​ភ្ញៀវ​២នាក់​ទៀត​នៅ​នឹង​មង្គល​ការ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ។យោង​តាម​ប៉ូលិស​បន្ទាប់​ពី​ហូប​ចុក​ហើយ​ជន​សង្ស័យ​បាន​រាំ​លេង​ជាមួយ​នឹង​ស្ត្រី​បី​នាក់​ដែល​ជា​សាច់​ញាតិ​របស់​កូន​ក្រមុំ។ពេល​នោះ​គេ​រាំ​ដូច​ជា​មាន​កាយ​វិការ​មិន​សម​រម្យ​ដាក់​ស្ត្រី​ទាំង​បី​នាក់​នោះ​ដែល​ធ្វើ​អោយ​ពួក​គេ​ឈប់​រាំ។ជន​សង្ស័យ​ខឹង​បាន​ស្រែក​ឡូ​ឡា។កូន​ក្រមុំ​បាន​ចូល​មក​ឃាត់​តែ​គេ​បាន​ដក​កាំ​ភ្លើង​ខ្លី​បាញ់​២៣​គ្រាប់​ធ្វើ​អោយ​កូន​ក្រមុំ​ និង​ភ្ញៀវ​២នាក់​ផ្សេង​ទៀត​របួស​ត្រង់​ដៃ​ និង​ភ្លៅ។ជន​សង្ស័យ​បាន​ជិះ​ឡាន​មក​ភ្នំពេញ​ដើម្បី​គេច​ខ្លួន​តែ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ និង​ឃុំ​ខ្លួន​ដើម្បី​សួរ​នាំ។
សព​អាក្រាត​កាយ​របស់​ស្ត្រី​ក្រមុំ​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ប្រទះ​ឃើញ
រតនៈគិរី៖​សមត្ថកិច្ច​ស្រុក​អូរជុំ​ខេត្ត​រតនៈគិរី​បាន​អោយ​ដឹង​ថា ​សព​អាក្រាត​កាយ​របស់​ស្ត្រី​អាយុ២១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សាច់​ញាតិ​នាង​ប្រទះ​ឃើញ​នៅ​ក្រោម​ដើម​ស្វាយ​ចន្ទី​នៅ​ហ្នឹង​ចំការ​មួយ​​កន្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​បាត់​ខ្លួន​មួយ​ថ្ងៃ​មក។សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ស្ត្រី​ដែល​ស្លាប់​នោះ​ជាជន​ជាតិ​ភាគ​តិច។នាង​បាន​ចេញ​បាត់​ពី​ផ្ទះ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​នាង​បាន​ជួប​ជុំ​គ្នា​ដើម្បី​ស៊ី​ផឹក។ឪពុក​ម្តាយ​របស់​នាង​មិន​បាន​​ដើរ​រក​កូន​ភ្លាមៗ​នោះ​ទេ​រហូត​ដល់​មួយ​ថ្ងៃ​ក្រោយ​មក​ព្រោះ​រវល់​នឹង​ការ​ជួប​ជុំ​នោះ។​សព​​របស់​ស្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ចំងាយ​ប្រហែល​ជា​១០០ម៉ែត្រ​ពី​ផ្ទះ​របស់​នាង។ នាង​មាន​ជំងឺ​ឆ្កួត​ជ្រូក​ដែល​នេះ​ក្រុម​សមត្ថកិច្ច​សង្ស័យ​ថា ​ជា​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​នាង។ វា​ប្រហែល​ជា​មិន​ពាក់​ពន្ធ័​នឹង​ករណី​រំលោភ​ និង​ឃាតកម្ម​នោះ​ទេ៕​
បង​ស្រី​ប្តឹង​ប្អូន​ប្រុស​ប្រមឹក​រឿង​បំផ្លាញ​ទ្រព្យ​ក្នុង​ផ្ទះ
បាត់ដំបង៖សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៤​ឆ្នាំ​ម្នាក់​បន្ទាប់​ពី​បង​ស្រី​របស់​គេ​ប្តឹង​ទៅ​សមត្ថកិច្ច​ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ គេ​បាន​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ខេត្ត​បាត់​ដំបង។សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ​ជន​សង្ស័យ​បាន​ផឹក​ស្រា​ស្រវឹង​វាយ​បំផ្លាញ​ចាន​ឆ្នាំង​ហើយ​ថែម​ទាំង​បាន​គំរាម​រក​កាប់​បង​ស្រី​របស់​គេ​អាយុ​២៧​ឆ្នាំ​ទៀត​ផង។ស្ត្រី​ជា​បង​ស្រី​បាន​អះ​អាង​ថា​ប្អូន​ប្រុស​របស់​នាង​គិត​តែ​ពី​ផឹក​ស្រា​មិន​គិត​ជួយ​រក​ស៊ី​នាង​ទេ​។គេ​បាន​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ទើប​គាត់​ដាច់​ចិត្ត​ប្តឹង។ជន​សង្ស័យ​បាន​សារភាព​ថា ​គេ​ពិត​ជា​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​នោះ​មែន។គេ​វាយ​ចាន​ឆ្នាំង​ទាំង​នោះ​ហើយ​យក​ទៅ​លក់​អោយ​អេត​ចាយ​ដើម្បី​យក​លុយ​ទិញ​ស្រាផឹក។សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕
ក្មួយ​ស្លាប់​ពូ​របួស​ធ្ងន់​ នៅ​ក្នុង​ការ​វាយ​តប់ ក្នុង​ពិធី​​បុណ្យ​ដារ​លាន
កំពង់ស្ពឺ៖​បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​គេ​និង​បក្ស​ពួក​៣​នាក់​ផ្សេង​ទៀត​បាន​វាយ​សម្លាប់​យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ​ និង​ពូ​របស់​ជន​រង​គ្រោះ​រង​របួស​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ចន្ទ័​នៅ​កន្លែង​ពិធី​បុណ្យ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង​ខេត្ត​កំពង់​ស្ពឺ។ក្រុម​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​ទៅ​លេង​ចូល​រួម​ពិធី​បុណ្យ​បុណ្យ​ដាលាន​នៅ​ផ្ទះ​ពូ​របស់​គេ។ពេល​នោះ​ជន​ដៃ​ដល់​បាន​ជិះ​ម៉ូតូ​ចុះ​ឡើង​ ចុះ​ឡើង​នៅ​កន្លែង​បុណ្យ​នោះ​ហើយ​ក៍​កើត​មាន​ជម្លោះ​ពាក្យ​សំដី​ជា​មួយ​នឹង​គ្នា។ជន​ដៃ​ដល់​បាន​ចេញ​ពី​កន្លែង​បុណ្យ​នោះ​។​មួយ​សន្ទុះ​ក្រោយ​មក​ក៏ត្រឡប់​មក​វិញ​ជាមួយ​នឹង​បក្ស​ពួក​របស់​គេ​៣នាក់​ទៀត​ហើយ​បាន​វាយ​តប់​គ្នា​ជាមួយ​ជន​រង​គ្រោះ​។ ពូ​របស់​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ជួយ​ហើយ​ក៏​​ត្រូវ​គេ​វាយ​របួស​ធ្ងន់​រីឯ​ជន​រង​គ្រោះ​បាន​ស្លាប់។ ជន​សង្ស័យ​ទាំង​អស់​បាន​រត់​គេច​ខ្លួន។ ប៉ូលិស​បាន​តាម​ចាប់ខ្លួន​បាន​ជន​ដៃ​ដល់​ហើយ​គេ​ថា​ការ​វាយ​តប់​គ្នា​នោះ​ដោយ​សារ​តែ​ជន​រង​គ្រោះ​បាន​ជេរ​គេ​មុន៕
បី​នាក់​ត្រូវ​ចាប់​ខ្លួន​រឿង​គំរាម​ប្លន់​គូរ​សង្សារ​កំពុង​សា​សង​គ្នា
កំពត៖ប៉ូលិស​ក្រុង​កំពត​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​ដែល​មាន​អាយុ​១៨ ឆ្នាំ ​២១ឆ្នាំ ​និង​២៤​ឆ្នាំ​បន្ទាប់​ពី​ពួក​គេ​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្លន់​សង្សារ​មួយ​គូ​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ។ជន​រង​គ្រោះ​​ដែល​មាន​អាយុ២៣ឆ្នាំ​បាន​និយាយ​ថា ​គេ ​និង​សង្សារ​បាន​មក​អង្គុយ​លេង​នៅ​កន្លែង​កើត​ហេតុ។ពេល​នោះ​ស្រាប់​តែ​ជន​សង្ស័យ​បាន​ដើរ​សំដៅ​ពួក​គេ​ហើយ​ច្របាច់​ក​គំរាម​ប្លន់​យក​ទ្រព្យ​សម្បត្តិ។ជន​រង​គ្រោះ​បាន​ស្រែក​អោយ​គេ​ជួយ​ហើយ​ប៉ូលិស​ល្បាត​បាន​ធ្វើ​អន្តរាគមន៍​​ចាប់​ជន​សង្ស័យតែ​ម្តង។ប៉ូលិស​បាន​រៀប​ចំ​ឯក​សារ​ និង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ដើម្បី​កាត់​ទោស៕
បាញ់​បង្អើល​ចោរ​បែរ​ជា​ត្រូវ​សន្តិ​សុខ​របួស
ភ្នំពេញ៖​សន្តិ​សុខ​ភោជនីយដ្ឋាន​ម្នាក់​អាយុ​២៧ឆ្នាំ​បាន​រង​របួស​ខ្នង​នៅ​ក្នុង​ការ​បាញ់​បង្អើល​ចោរ​លួច​ឥវ៉ាន់​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​ក្រុង​ភ្នំពេញ​។ ប៉ូលិស​បាន​អោយ​ដឹង​ថា​​មាន​ចោរ​ពីរ​នាក់​ជិះម៉ូតូ​មក​ឈប់​ជិត​ឡាន​មួយ​គ្រឿង​បំណង​លួច​ឥវ៉ាន់​នៅ​ក្នុង​ឡាន​នោះ​។ពេល​នោះ​ប្រជាពលរដ្ឋ​ឃើញ​ក៍​ស្រែក​ថា​ចោរ​ចោរ។មាន​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​កាត់​ទី​នោះ​ក៍​ដក​កាំ​ភ្លើង​បាញ់​ពីរ​គ្រាប់​ដើម្បី​បង្អើល​ចោរ​តែ​បែរ​ជា​ផ្លាត​ត្រូវ​សន្តិស​សុខ​ដែល​កំពុង​តែ​អង្គុយ​នៅ​មុខ​ភោជនីយដ្ឋាន​នោះ​ទៅ​វិញ។​ជន​ដែល​បាញ់​នោះ​បាន​គេច​ខ្លួន​បាត់។ប៉ូលិស​កំពុង​តែ​តាម​រក​ចាប់​ខ្លួន៕
១៨​នាក់​ប្រុស​ស្រី ត្រូវ​ប៉ូលិស​ក្របួច​បាន​ដោយ​សារ​ណាត់​គ្នា​វាយ​តប់
ភ្នំពេញ៖ បុរស​ស្រ្តី​១៨​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខណ្ឌ​ចំការ​មន​រាជា​ធានី​ភ្នំ​ពេញ​កាល​ពី ពុធ​ទី​១១​មករា​។​ប៉ូលិស​និយាយ​ថា​ ពួក​គេ​បាន​វាយ​តប់​គ្នា បណ្តាល​ឲ្យ​របួស​ទាំង​សង​ខាង។​ពួក​គេ​មាន​ពីរ​ក្រុម​ដោយ​មួយ​ក្រុម​មាន​គ្នា​៨​នាក់​និង​ម្ខាង​ទៀត​មាន​គ្នា​១០​នាក់។​ដោយ​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​ណាត់​គ្នា​ដើម្បី​វាយ​គ្នា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​ពួក​គេ​បាន​វាយ​គ្នា​ដោយ​ប្រើ​ដំបង​។​ប៉ូលិស​ក៏​បាន​ចុះ​ទៅ​បង្ក្រាប​ពួក​គេ​ចាប់​ក្របួច​បាន​ទាំង​អស់​មិន​មែន​អ្នក​ណា​អាច​រត់​គេច​បាន​ទេ។​ពួក​គេ​ទាំង​អស់​ត្រូវ​បាន​ឃាត់​ដើម្បី​យក​ទៅ​អប់​រំ​និង​ចុះ​កិច្ច​សន្យា​ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ទៀត។ពួក​គេ​ទាំង​នោះ​និយាយ​ថា​ ពួក​គេ​ឈ្លោះ​គ្នា​​និង​ពាក្យ​សម្តី​ក៏​មក​ណាត់​គ្នា​មក​វាយ​តប់​ធ្វើ​ខូច​សណ្តាប់​ធ្នាប់​យ៉ាង​ដូច្នេះ៕
ឆក់​លុយ​ប្រជា​ពលរដ្ឋ​ញយ​ដង​ត្រូវ​ប៉ូលិស​ចាប់​បាន
ភ្នំពេញ ៖ បុរស​អាយុ​២៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​ឆក់​លុយ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ៍​ទី​១០​មករា។ ​ប៉ូលិស​និ​យាយថា​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​ថា​ពួក​គេ​ឧ​ស្សាហ៍​ត្រូវ​ជន​នេះ​ឆក់​លុយ​ណាស់​ជា​ពិសេស​នៅ​តាម​ផ្សារ​និង​តាម​ផ្លូវ​សាធារណៈ ទើប​ពួក​គេ​​មក​ប្តឹង​ប៉ូលិស។​បន្ទាប់​មក​ទើប​ប៉ូលិស​ចាប់​ខ្លួន​នៅ​ពេល​បុរស​នេះ​កំពុង​ធ្វើ​ការ​ជា​អ្នក​លី​សែង​សាច់​ជ្រូក​ឲ្យ​គេ។​បុរស​នោះ​បាន​សារ​ភាព​នៅ​ទង្វើល​របស់​ខ្លួន​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​គេ​ឆក់​លុយ​នោះ​។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕​
ចាប់​បាន​មេ​ឃ្លោង​គ្រឿង​ញៀន​ម្នាក់​នៅ​ប៉ោយ​ប៉ែត
បន្ទាយ​មាន​ជ័យ៖ មេ​ឃ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ដែល​ល្បី​នៅ​ក្រុង​ប៉ោយ​ប៉ែត​ត្រូវ​ប៉ូលិស​​ចាប់​បាន​ហើយ​កាល​ពី​ថ្ងៃ​១១​មករា បន្ទាប់​ពី​បុរស​ម្នាក់​នេះ​ពូ​កែ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ព្រំ​ដែន​។​ ប៉ូលិស​​បាន​រឹប​អូស​ថ្នាំ​ញៀន​បាន​ចំនួន៣​ថង់​ជា​ប្រភេទ​ថ្នាំ​យ៉ាមា​ទឹក​កក​ និង​៥​គ្រាប់​ទៀត​គឺ​ថ្នាំ​ប្រភេទ​អំហ្វេតេមីន​នៅ​ក្នុង​ដៃ​របស់​ជន​នោះ។​ប្រជាពលរដ្ឋ​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​នៅ​ពេល​លឺ​ព័ត៌មាន​នេះ​ថា ​ចាប់​ខ្លួន​ជន​នេះ​ព្រោះ​កន្លង​មក​ជន​នេះ​បាន​បង្វក់​ក្មេង​ៗ​ព្រោះ​តែ​គ្រឿង​ញៀន​នេះ។​ ប៉ូលិស​បន្ថែម​ថា​ ​ទំរាំ​ចាប់​បាន​ជន​សង្ស័យ​នេះ​មាន​ការ​ពិបាក​ព្រោះ​ជន​នេះ​ពូ​កែ​ប្រើ​ល្បិច​លាក់​គ្រឿង​ញៀន​តែ​នៅ​តែ​ប៉ូលិស​ចាប់​បាន។ប៉ូលិស​បាន​បញ្ជូន​នេះ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕
ទ្រាំ​មិន​បាន​ប្តី​ប្រើ​ហិង្សាដាក់ ប្រពន្ធ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន​
ស្ទឹង​ត្រែង៖ បុរស​អាយុ​៤៦​ឆ្នាំ​ម្នាក់​ដែល​ជា​ប្តី​ជន​រង​គ្រោះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ប្រពន្ធ​​បាន​​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ប៉ូលិស​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​ថ្ងៃ​ទី​អង្គារ៍​ទី១០​មករា។​ ប៉ូលិស​និយាយ​ថា ​ប្រពន្ធ​របស់​ជន​នោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ប្តី​ខ្លួន​ឯង​ដែល​ប្រើ​ប្រាស់​កាំបិត​មក​កាប់​ក្បាល​នាង​បណ្តាល​ឲ្យ​របួស។​ស្រ្តី​ជា​ប្រពន្ធ​រង​គ្រោះ​បាន​និយាយ​ថា​ ប្តី​ខ្លួន​បាន​យក​កាំបិត​មក​កាប់ ​ហើយ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​បុរស​នោះ​ប្រើ​អំពើ​ហិង្សា​មក​លើ​ពោល​គឺ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​មក​ហើយ​ទើប​នាង​ទ្រាំ​មិន​បាន​មក​ដាក់​ពាក្យ​បណ្តឹង​៕
ឆក់​ម៉ាស៊ីន​ថត​អ្នកទេសចរ​ត្រូវ​ពលរដ្ឋ​ស្ទាក់​ចាប់​ឲ្យ​ប៉ូលិស
ភ្នំពេញ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាមេរ៉ា​អ្នក​ទេស​ចរណ៍​ដែល​កំពុង​ដើរ​ទស្សនា​ដង​មាត់​ទន្លេ​ទល់​មុខ​ព្រះ​បរម​រាជ​វាំង​​ក្នុង​ខណ្ឌ​ដូន​ពេញ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី០៨​មករា​។​ប៉ូលិស​និយាយ​ថា ​ជន​បរទេស​ពីរ​នាក់​មក​ទស្សនា​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ទស្សនាកំសាន្ត​ថត​រូប​នៅ​មុខ​វាំង​ក៏​ស្រាប់​តែ​ត្រូវ​យុវជន​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់​រួច​ក៏​ជិះ​ម៉ូតូ​ដើម្បី​រត់​គេច​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ជា​សាក្សី​ឃើញ​ហេតុ​ការណ៍​​ឆក់​ក៏​ជិះ​រថយន្ត​ដេញ​ចាប់​ដើម្បី​ចាប់​បញ្ជូន​ទៅ​កាន់​តុលការ។​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​បាន​សារ​ភាព​នៅ​ទោស​កំហុស​របស់​ខ្លួន​ថា​ពិត​ជា​បាន​ប្រព្រឹត្ត​មែន។​ រី​ឯ​ជន​សង្ស័យ​នោះ​មាន​ការ​តក់​ស្លុត​ជា​ខ្លាំង​តែ​សំណាង​ល្អ​ត្រូវ​បាន​ប៉ូលិស​ប្រគល់​កាមេរ៉ា​ឲ្យ​វិញ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​ធ្វើ​ការ​ឃុំ​ខ្លួនជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ៕​
ក្មេង​ស្រី​ម្នាក់​ស្លាប់​ដោយ​សារ​អ្នក​បើក​បរ​ស្ទើរ​ភ្លើង​បុក
កំពត៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​ស្លាប់​ និង​សាច់​ញាតិ​ពីរ​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​អ្នក​បើក​រថយន្ត​ស្ទើរ​ភ្លើង​ម្នាក់​ជិះ​បុក​ទាំង​កំ​រោល​នៅ​ក្រុង​កំពត​កាល​ពី​ថ្ងៃ​ទី​០៨​មករា។ ​ប៉ូលិស​និយាយថា​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​មុខ​ផ្ទះ ក៏​ត្រូវ​រថយន្ត​នោះ​បើក​បុក​រួច​ក៏​គេច​ខ្លួន។ ​ប៉ូលិស​បន្ថែម​ថា​អ្នក​បើក​បរ​រថយន្ត​នោះ​ទើប​តែ​ចេះ​បើក​តែ​ប៊ុណ្ណោះ ដោយ​នៅ​ថ្ងៃ​កើត​ហេតុ​ចង់​បន្ថយ​ល្បឿន​តែ​បែរ​ជាន់​បន្ថយ​ល្បឿន​ទៅ​វិញ បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។រី​សាច់​ញាតិ​ពីរ​នាក់​ត្រូវ​រង​របួស​ជា​ដំណំ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​រក្សា​រថយន្ត​ទៅ​ការិយាល័យ​ប៉ូលិស​ចរាចរ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ៕
សព​ជន​ជាតិ​កូរ៉េ​ម្នាក់​អណ្តែត​ទឹក​មាន​ទាន់​ដឹង​ពី​មូល​ហេតុ
ភ្នំ​ពេញ​៖​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​មាន​ជ័យ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៨​មករា​បាន​ប្រទះ​ឃើញ​សាក​សព​ជន​ជាតិ​កូរ៉េ​ម្នាក់​នៅ​ក្នុង​ទន្លេ​រួច​ក៏​បាន​រាយ​ការណ៍​ទៅ​ប៉ូលិស។​សាក្សី​និយាយ​ថា​ពួក​គេ​ឃើញ​បុរស​នោះ​ស្រវឹង​ចង់​លោត​ទឹក​សំលាប់​ខ្លួន​។​​រី​ឯ​អ្នក​ផ្សេង​ទៀត​អះ​អាង​ថា​មក​ពី​លង់​ទឹក​តែ​ទោះ​ជា​យ៉ាង​ណា​ប៉ូលិស​មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ជាក់​លាក់​នោះ​ទេ​គ្រាន់​តែ​សន្និដ្ឋាន​​ជា​ជំហាន​ដំបូង​ថា​ ស្លាប់​មិន​មែន​ដោយ​សារ​ករណី​ឃាត​កម្ម​។​ប៉ូលិស​កំពុង​ធ្វើ​ការទំ​នាក់​ទំនង​ទៅ​កាន់​ស្ថាន​ទូត​ដើម្បី​ស្វែង​រក​ក្រុម​គ្រួសារ៕​
បុរស​បីនាក់ត្រូវ​ប៉ូលិសស្ទាក់ចាប់ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន
ពោធិសាត់៖ បុរស​បីនាក់ត្រូវ​បាន​គេ​ចាប់​ខ្លួន បន្ទាប់ពីពួកគេ​សង្ស័យថា​ជួញដូរគ្រឿង​ញៀន​នៅ​ក្រុងពោ​ធិសាត់​កាលពី​ថ្ងៃអាទិត្យទី៨មករា។​ ប៉ូលិសនិយាយថា ប៉ូលិសបានសង្ស័យ​ជន​នេះជាយូរ​មក​ហើយថា​ពួក​គេ​លក់ដូរ​គ្រឿងញៀននិងប្រើប្រាស់។ហើយ​ប្រជាពល​រដ្ឋ​អះអាង​​ថា ​ពួកគេ​គឺពូកែជាមួយនឹង​គ្រឿងញៀន​ ទើប​ប៉ូលិស​បាន​ពង្រាយកំលាំង​ដើម្បី​ស្ទាក់​ចាប់​ពួកគេ។​​ហើយ​នៅ​ថ្ងៃ​កើត​ហេតុ ពួកគេ​បានប្រើប្រាស់គ្រឿងញៀននិង​មានគ្រឿង​ញៀនក្នុងដៃ ប៉ូលិស​ក៏​បានចាប់ពួកគេ​ដោយ​ប៉ូលិស​រឹប​អូស​បាន​គ្រឿង​ញៀនបាន១០០​ថង់។​ ពួកគេ​បាន​សារភាព​នូវ​កំហុស​របស់​ពួកគេ ដោយ​និយាយ​ថា​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​ពួក​គេ​ប្រព្រឹត្តនាពេល​កន្លងមក៕​
ដើរ​ល្បាត​ប្រទះ​ឃើញ​កំណត់​ឈើ​ជា​ច្រើន ​តែ​ជន​ល្មើស​គេច​ខ្លួន​បាត់​
ស្ទឹងត្រែង ៖ ឈើ​ប្រមាណ​ជា២២៧​កំណាត់ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃដោយ​រដ្ឋបាល​ព្រៃឈើ​ស្ថិត​នៅ​ស្រុក​សេសាន​ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​០៨​មករា។ រដ្ឋបាលព្រៃឈើ​និយាយថា ​នៅ​ថ្ងៃ​រក​ឃើញ​កំណាត់​ឈើ​ដ៏​ច្រើននេះ ប​ន្ទាប់ពី​រដ្ឋបាល​ដើរ​ល្បាត​ព្រៃដើម្បី​ពិនិត្យ​រក​មើល​​បទ​ល្មើ​សនានា ស្រាប់​តែ​ដល់រដ្ឋបាល​ល្បាត​ដល់​ព្រៃជ្រៅ ក៏​ប្រទះ​ឃើញ​កំណាត់​ឈើដែល​គេ​កាប់​ខុស​ច្បាប់បំរុងយក​ទៅ​លក់ តែ​នៅ​ពេល​ដឹង​ថា​មាន​សមត្ថកិច្ច​ចុះ​ល្បាត​ក៏​រត់​គេ​ចខ្លួន​អស់។​បច្ចុប្បន្ន​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ការ​រក្សាទុក​កំណាត់ឈើ​នោះនិង​បន្តស្វែង​ចាប់​ជន​ល្មើស៕
ទើប​ការ​បាន​បី​ថ្ងៃ​ប្រពន្ធ​ត្រូវ​ឡាន​កិន​ស្លាប់
កណ្តាល៖​តុលាការ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ពុធ​បាន​ចោទ​ប្រកាន់​អ្នក​បើក​បរ​ម្នាក់​ពី​បទ​បើក​បរ​បង្ក​ឱ្យ​អ្នក​ដទៃ​ស្លាប់​ដោយ​អ​ចេតនា​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។កាល​ពី​ថ្ងៃ​អង្គារ​ប្តី​ប្រពន្ធ​មួយ​គូរ​ដែល​ទើប​និង​រៀប​ការ​ហើយ​បាន​ទើប​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​បាន​ជួប​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ដ​កណ្ដាល​ដែល​បង្ក​ដោយ​ឡាន​កុង​តឺនឺ​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​ជន​សង្ស័យ​រូប​នោះ។នារី​ជា​ប្រពន្ធ អាយុ​២៣​ឆ្នាំ​បែក​ក្បាល​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​រី​ឯ​ប្តី​រង​របួស​ធ្ងន់៕​
ឆក់​ទូរស័ព្ទ​អ្នក​ទេសចរណ៍​ភ្លាត់​ស្នៀត​ប៉ូលិស​ចាប់​បាន
ភ្នំពេញ៖ តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បុរស​ពីរ​នាក់​ពី​បទ​ប្លន់​កាល​ពី​ថ្ងៃ​អង្គារ៍​​ទី​១០​មករា​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​លួច​ទូរស័ព្ទ​អ្នក​ទេស​ចរណ៍​នៅ​ខណ្ឌ​ចំការ​មន​រាជ​ធានី​ភ្នំ​ពេញ​។​ប៉ូលិស​និយាយ​ថា​ជន​សង្ស័យ​បាន​ឆក់​ទូរ​ស័ព្ទ​ពី​អ្នក​ទេសចរណ៍​ខណៈ​ដែល​ពួក​គេ​ដើរ​ទស្សនាចរ​តាម​ដង​ផ្លូវ។​ហើយ​ក៏​ជិះ​ម៉ូតូ​គេច​តែ​បែរ​ទៅ​ជា​ជិះ​បុក​ម៉ូតូ​ដទៃ​ទើប​ធ្វើ​ឲ្យ​ប៉ូលិស​អាច​ចាប់​បាន​នូវ​ជន​សង្ស័យ​ទាំង​ពីរ​នេះ៕
ម្នាក់​ស្លាប់​ និង​ពីរ​នាក់​រង​របួស​ដោយ​សារ​ភ្លើង​ឆេះ
រតន​គិរី៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ និង​បណ្តាល​ឲ្យ​ស្រ្តី​ពីរ​នាក់​រង​របួស​ជា​ទំងន់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ខ្ទម​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ទី​៩​មករា​ស្ថិត​នៅ​ស្រុកកូន​មុំ​ខេត្ត​រតនគិរី។​អ្នក​ជិត​ខាង​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​និយាយ​ថា​ពួក​គេ​បាន​លង់​លក់​ក្នុង​ខ្ទម​ដែល​ឆេះ​។ប៉ូលិស​និយាយ​ថា​បុរស​អាយុ​៦៦​ឆ្នាំ​ដែល​ស្លាប់​នោះ​បណ្តាល​មក​ពី​ស្រវឹង​ខ្លាំង​ពេក​ទើប​ងើប​មិន​រួច​បណ្តាល​ស្លាប់​ក្នុង​អណ្តាត​ភ្លើង​នោះ​ខណៈ​ដែល​ស្រ្តី​ពីរ​នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ដែរ​នោះ​បាន​ព្យា​យាម​រត់​ចេញ​តែ​ត្រូវ​រលាក​ខ្លួន​ប្រាណ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្រ្គោះ។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​ទេ៕
ចាប់​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​ឃុំ​ខ្លួន​មនុស្ស​ខុស​ច្បាប់
ស្វាយរៀង៖ បុគ្គលិក​កាស៊ីណូ​ម្នាក់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្តាហ៍​មុន​បន្ទាប់​ពី​បុរស​រូប​នេះ​ជាប់​ចោទ​ពី​បទ​ឃុំ​ខ្លួន​មនុស្ស​ខុស​ច្បាប់​លើ​ជន​រង​គ្រោះ​ម្នាក់។​ប៉ូលិស​ខេត្ត​និយាយ​ថា​ ជន​សង្ស័យ​ផ្សេង​ទៀត​ជា​ជន​វៀត​ណាម​ត្រូវ​គេ​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ម្រាម​ដៃ​ជន​រង​គ្រោះ​ដែល​តែរត់​គេច​ខ្លួន​បាត់​។ ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​បន្ត​ទៀត។​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​ប៉ូលិស​ដើម្បី​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ។ជន​សង្ស័យ​ម្នាក់​នេះ​បាន​សារភាព​នូវ​កំហុស​របស់​ខ្លួន​ហើយ​ប៉ូលិស​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើ​ការ​ឃុំ​ខ្លួន​មុន​នឹង​សាវការ៕
ចាប់​បុរស​ជា​ប្តី​ម្នាក់​ ​បន្ទាប់​ពី​ប្រើ​ហិង្សា​លើ​ប្រពន្ធ​​ខ្លូន​ឯង
សៀម​រាប៖ ជំលោះ​ក្នុង​អំពើ​ហិង្សា​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​បន្ទាប់​ពី​បុរស​ម្នាក់​នោះ​បាន​វាយ​តប់​លើ​ប្រពន្ធ​របស់​ខ្លួន​ជា​ច្រើន​ដង​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​ស្វាយ​រៀង​កាល​ពី​ថ្ងៃ​អង្គារ៍​​ទី១០​មករា។ប៉ូ​លិស​និយាយ​ថា​ ​ជន​សង្ស័យ​ដែល​ជា​ប្តី​នោះ​បាន​ផឹក​ស្រវឹង​ហើយ​វាយ​ប្រពន្ធ​ខ្លួន​ឯង​បណ្តាល​ឲ្យ​រង​របួស​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​ជន​សង្ស័យ​ជា​ប្តី​នោះ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នៅ​ក្នុង​ហេតុការណ៍​នោះ៕​
ស្រឡាញ់គ្នា តែ​មិន​បាន​រៀប​ការ​ត្រូវ​ម្តាយ​ប្តឹង​ថា​រំលោភ
កណ្តាល៖ បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០​មករា​ស្ថិត​នៅ​ក្រុង​តាខ្មៅ​បន្ទាប់​ពី​បុរស​​ម្នាក់​នោះត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​រំលោភ​សេពសន្ទ​វៈ​លើ​ស្រ្តី​រង​គ្រោះ​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​មករា។​ម្តាយ​របស់​ជន​រង​គ្រោះ​និយាយ​ថា​ នាង​បាន​ឃើញ​បុរស​ម្នាក់​ធ្វើ​សកម្មភាព​​រំលោភកូន​របស់​ខ្លួន​បន្ទាប់​ពី​ប៉ុន​ប៉ង​ចង់​រៀប​ការ​ជាមួយ​កូន​គាត់​មិន​បាន​សំរេច។​ជន​សង្ស័យ​បាន​ប្រាប់​ប៉ូលិស​ថា​ ខ្លួន​មិន​បាន​រំលោភ​ស្រ្តី​ជា​ជន​រង​គ្រោះ​នោះ​ទេ​គឺ​ជា​ស្ម័គ្រ​ចិត្ត​រៀង​​ខ្លួន​មក​ពី​ម្តាយ​មិន​ព្រម​រៀង​ការ​ឲ្យ​តែ​ទោះ​ជា​យ៉ាង​ណា​ប៉ូលិស​ចាប់​ខ្លួន​តាម​ពាក្សបណ្តឹង​ម្តាយ​ដែល​បាន​ប្តឹងរួច​ក៏​បញ្ជូន​ទៅ​កាន់​តុលាការ៕



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.