បាត់ដំបង : រថយន្តកុងតឺន័រ មួយគ្រឿង បានក្រឡាប់នៅពីមុខរូប សំណាកលោកតាដំបង គ្រញូង ដោយសារ តែអ្នកបើកបរបើកលឿន ពេលដល់ ផ្លូវបត់មិន បន្ថយល្បឿន ដោយករណីនេះ បានកើត ឡើងកាលពី វេលាម៉ោង៤ និង១០ នាទី ទាបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ នេះ។
សាក្សីបានឲ្យដឹងថា រថយន្តកុងតឺន័រនេះ ក្រឡាប់ផ្ងារជើងអូសពេញថ្នល់ចម្ងាយជាង៣០ ម៉ែត្រ ពីរង្វង់ មូលលោកតាដំបង គ្រញូង ទើបឈប់ ស្ងៀមនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ប៉ុន្តែពុំបានបណ្តាលឲ្យ រងរបួសដល់អ្នកដំណើរតាមផ្លូវ ក៏ដូចជាអ្នកបើករថយន្តនោះទេ។
សាក្សីបានឲ្យដឹងថា រថយន្តកុងតឺន័រនេះ ជារបស់់ក្រុមហ៊ុន ត្បូងពេជ្រ បានដឹកខោអាវ ចំនួន ជាង២០០ គីប ពីរាជធានីភ្នំពេញ ទៅប៉ោយប៉ែត ដែលបើកបរដោយ លោក វុធ វង្ស អាយុ២៧ ឆ្នាំ រស់នៅភូមិស្ពីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី។ សាក្សីបានឲ្យដឹងទៀតថា អ្នកបើកបរ មិនព្រម បន្ថយល្បឿននោះទេ នៅពេលមកដល់រង្វង់មូល ទើបបួងចង្កូតកាច់មិនទាន់ បណ្តាលឲ្យកៀរពីលើ សួនច្បាររាងត្រីកោណ ហើយក៏ក្រឡាប់ អូសជាង៣០ ម៉ែត្រ នៅលើថ្នល់តែម្តងទៅ។
អនុប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង លោក ស៊ូ ប៊ុណ្ណារុង បានបញ្ជាក់ថា នឹងធ្វើការផាកពិន័យ ចំពោះការបំផ្លាញផ្លូវថ្នល់ ដែលជា របស់រដ្ឋយ៉ាងធ្ងន់ធ្ងរនេះ។
នាយការិយាល័យចរាចរផ្លូវគោកខេត្តបាត់ដំបង លោក វរសេនីយ៍ទោ សាត គឹមសាន បានអះអាងថា ក្នុងករណីនេះ ប្រសិនអ្នកបើក រថយន្តកុងតឺន័រនេះគ្មានប័ណ្ណបើកបរ នោះសមត្ថកិច្ចនឹងរៀបចំឯកសារបញ្ជូនទៅសាលាដំបូងខេត្ត ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.