សូលីដូ ត្រៀម​ចេញ​បទ​នៅ​ទ្រនំ​ថ្មី

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • សូលីដូ តារា​ចម្រៀង​វ័យ​ក្មេង នៅ​ក្នុង​​ផលិតកម្ម​ប៊ិកមែន​​ បានចាប់យកទ្រនំថ្មីហើយ។ បច្ចុប្បន្ន​លោក​កំពុង​តែ​ច្រៀង​ឲ្យ​ផលិតកម្ម​ថ្មី​មួយ ដែល​គ្រោង​នឹង​ចេញ​លក់​នៅ​លើផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ។
    តារា​ចម្រៀង​​មាន​មុខមាត់​ ​និងStyleយុវវ័យ​មិនចាញ់​​លោក​ ព្រាប សុវត្ថិ រូប​នេះ​បាន​​បញ្ជាក់​ថា លោក​​ទើបតែ​ចាកចេញ​ពី​ផលិតកម្ម​ប៊ិកមែន កាល​ពី​ចុង​ឆ្នាំ​២០១១។
    មូលហេតុ​ដែល​លោក​ចាកចេញ​នោះ​គឺ​មិន​មាន​បញ្ហា​អ្វី​នៅ​ក្នុង​​​ផលិត​កម្ម​នោះ​ទេ គឺ​គ្រាន់​តែ​ចង់​ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​តែ​ប៉ុណ្ណោះ។ “បាទ…!មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ខ្ញុំ​និង​ប្រធាន​នៅ​​ប៊ិកមែន​រាប់​អាន​គ្នា​ធម្មតា គ្រាន់​តែ​​ថា ខ្ញុំ​ចង់​ប្ដូរ​កន្លែង​ថ្មី​ហ្នឹង ខ្ញុំ​ និង​ប៊ិក​មែន​មិន​បាន​ចុះ​កុងត្រា​ទេ អីចឹង​ខ្ញុំ​ចង់​ឈប់​ពេល​ណា​ក៏​បាន​ដែរ ”។
    លោក​​បាន​បង្ហើប​​ថា ទ្រនំ​ថ្មី​ដែល​លោក​ទើប​​ចូលច្រៀង​នេះ​គឺ​ជា​ផលិតកម្ម​ថ្មី​មួយ​ដែល​ទើបតែ​បង្កើត។ ​លោក​បាន​ចុះ​កុងត្រា​ជា​មួយ​គ្នា​​​រួចរាល់​អស់​ហើយ បច្ចុប្បន្ន​កំពុង​តែ​ថត និង​គ្រោង​នឹង​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ឆាប់ៗ​ខាង​មុខ​នេះ។
    វ៉ុល​ដំបូង​​​នៃ​ផលិតកម្ម​មួយ​នេះ មាន​​បទ​ចម្រៀង​របស់​លោក​ចំនួន​៥​បទ ដែល​សុទ្ធ​សឹង​ជា​បទ​មនោ​សញ្ចេតនា។ លោក​មិន​អាច​ប្រាប់​ពី​​ឈ្មោះ បទចម្រៀង និង​ឈ្មោះ​ផលិតកម្ម​បាន​ទេ ព្រោះ​ខាង​ផលិត​កម្ម​មិន​ទាន់​ឲ្យ​បញ្ចេញ។ “ខ្ញុំ​ចុះ​កុងត្រា​ជា​មួយ​គាត់​១ឆ្នាំ ប៉ុន្តែ​កុំអាល​ទាន់​ចង់​ដឹង​អី​បង ចាំ​ជិត​ពេល​​​ចេញ​លក់​សិន ព្រោះ​ខាង​ក្រុម​ហ៊ុន​មិន​ទាន់​ឲ្យ​បញ្ចេញ​ឈ្មោះ​ទេ”។
    លោក​បាន​ដាក់​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​ទ្រនំ​ថ្មី​ដែល​លោក​ទើប​តែ​ចូល​នេះ​ ថា​នឹង​អាច​ជួយ​ឲ្យ​កាន់​តែ​ល្បី​មួយ​កម្រិត​ថែម​ទៀត ព្រោះ​ខាង​​​ម្ចាស់​ផលិតកម្ម​ថ្មី​​មួយ​នេះ​បាន​ផ្ដល់​ទំនុក​ចិត្ត​​ដល់​លោក​​ច្រើន​គួរសម​។ “គាត់​ផ្ដល់​ទំនុក​ចិត្ត​ដល់​យើង​ច្រើន​ណាស់​បង ទាំង​ថៅកែ​ក្រុមហ៊ុន ក៏​ដូច​ជា​អ្នក​ដឹកនាំ និយាយ​ទៅ​អាច​​សង្ឃឹម​ច្រើន”។
    សូលីដូ ជា​​តារា​ចម្រៀង​​​មួយ​រូប​មាន​​កំណើត​​នៅ​ស្រុកត្រាំកក់ ខេត្ត​តាកែវ ។ លោក​បាន​ចាប់​ផ្ដើម​អាជីព​ជា​​តារា​ចម្រៀង​តាំង​ពី​ឆ្នាំ ២០០០២។ កាល​ពី​ដំបូង​ឡើយ​​លោក​គឺ​ជា តារា​ចម្រៀង​នៅ​តាម​រោង​ការ និង បៀរហ្គាឌិន។ ការដែល​លោក​ចាក​ចេញ​ពី​នេះ​មិន​មែន​ជា​ការ​ប្ដូរ​ទ្រនំ​លើក​ទី១​របស់​​សូលីដូ នោះ​ទេ អាច​និយាយ​ថា ការ​ផ្លាស់ប្ដូរ​ទ្រនំ​លើក​នេះ គឺ​ទី៣របស់​លោក​ទៅ​ហើយ ដែល​ទ្រនំ​ដំបូង​របស់​លោក​គឺ​ផលិត​កម្មសាន់ដេ។
    លោក​បាន​ចូល​​ច្រៀង​ក្នុង​ផលិតកម្ម​នេះ​នៅដើម ​ឆ្នាំ២០០៦ មក​ដល់​ឆ្នាំ​២០០៩​លោក​បាន​ផ្លាស់​មក ប៊ិកមែន​វិញ​ម្ដង។ នៅ​ចុង​ឆ្នាំ ២០១១​នេះ​លោក​បាន​ឈប់​ពី​ប៊ិកមែន បែរ​ជា​មក​ចូល​​ក្នុង​ផលិតកម្ម​ដែល​ទើប​និង​បង្កើត​ថ្មី​ទៅ​វិញ។ មិន​ដឹង​ថា ផលិតកម្ម​ថ្មី​ដែល​លោក​ចូល​នេះ អាច​ជួយ​បង្កើន​ប្រជា​ប្រិយ​ភាព​​របស់​លោក​បន្ថែម​ឬ​យ៉ាង​ណា​នោះ​ទេ។
    អ្វី​ដែល​ធ្វើ​ទស្សនិកជន​​ចាប់​អារម្មណ៍​លោក​នេះ មុខមាត់​របស់​លោក​និងStyle នៃ​ការ​តុបតែង​ខ្លួន​របស់​លោក​​គឺ មាន​លក្ខណៈ​​ស្រដៀង​និង​​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ដែល​ធ្វើ​​​ឲ្យ​ទស្សនិកជន​​មួយ​ចំនួន​អាច​ច្រឡំ​ថា រូប​​លោក​គឺ​ជា​តារា​ចម្រៀង ​ព្រាប សុវត្ថិ​ ក៏​មាន។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍ឈ្មោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.