ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រះ​វិហារ​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ទៀត

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • សកម្មភាព​របស់​កងទ័ព​កម្ពុជា​នៅ​​​ក្នុង​ការ​ការពារ​​ទឹក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​​​ដើម​ខែ​កុម្ភៈ ឆ្នាំ២០១១​​​។ រូបថត ហេង ជីវ័ន

    ភ្នំពេញៈ កិច្ច​ចរចា​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ ដល់​ការ​ដក​កង​ទ័ព​កម្ពុជា និង​ថៃ​ ចេញ​ពី​តំបន់​វិវាទ​ព្រំដែន ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ អាច​ធ្វើ​ឡើង​នៅ​មុន​ដំណាច់​ខែ​មករា​នេះ​។ នេះ​បើ​យោង​តាម​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។
    លោក​ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​គ្មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់ ត្រូវ​បាន​កំណត់​ឡើង​ សម្រាប់​កិច្ច​ប្រជុំ​ រវាង​ក្រុម​ការងារ​ចម្រុះ​កម្ពុជា​ និង​ថៃ ដែល​រៀប​ចំ​ឡើង​ ដើម្បី​សម្រួល​ដល់​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន​ក៏ ដោយ ក៏​ប៉ុន្តែ​ លិខិត​អញ្ជើញ​ពី​ភាគី​ថៃ សម្រាប់​កិច្ច​ប្រជុំ​​នោះ​ ត្រូវ​បាន​រំពឹង​ថា នឹង​​ត្រូវ​បញ្ជូន​មក​ភាគី​កម្ពុជា​ ក្នុង​ពេល​ឆាប់ៗ​នេះ។
    លោក​បាន​បញ្ជាក់​ថា៖ «​យើង​ត្រៀម​ជា​ស្រេច​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ...ហើយ​យើង​សង្ឃឹម​ថា ​កិច្ច​ប្រជុំ​ នឹង​ត្រូវ​រៀបចំ​ឡើង នៅ​ចុង​ខែ​នេះ»។
    ក្រុម​ការងារ​ចម្រុះ ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ខែ​មុន ក្នុង​អំឡុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ដែល​ក្នុង​កិច្ច​ប្រជុំ​នោះ​ប្រទេស​ជិត​ខាង​ទាំង​ពីរ បាន​ធ្វើ​ការ​ចរចា ​ពី​ដំណើរ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ទំហំ ១៧ គីឡូ​ម៉ែត្រ​ការ៉េ ដែល​កំណត់​ដោយ​ដីកា​សម្រេច​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​កាល​ពី ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ​មុន​។
    នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ លោក ទៀបាញ់ រដ្ឋ​មន្រ្តី​ការពារ​ជាតិ បាន​ថ្លែង​ថា ក្រុម​ការ​ងារ​ចម្រុះ​ នឹង​ពិភាក្សា​លម្អិត អំពី​ថា តើ​នឹង​ត្រូវ​ដក​កង​ទ័ព ចេញ​ពី​តំបន់​គ្មាន​យោធា​ជា​បណ្តោះ​អាសន្ន ដោយ​របៀប​ណា ដើម្បី​ត្រួស​ត្រាយ​ផ្លូវ ឲ្យ​ក្រុម​អ្នក​អង្កេត​ចម្រុះ​រវាង​កម្ពុជា ថៃ​និង​ឥណ្ឌូនេស៊ី​ចូល​មក​។
    លោក ឈុំ សុជាតិ បន្ត​ថា​៖ «​យើង​នឹង​ពិភាក្សា​លម្អិត​ អំពី​ការ​អនុវត្ត​សេចក្តី​សម្រេច ស្តី​ពី​វិធាន​បន្ទាន់​របស់​តុលាការ​យុតិ្តធម៌​អន្តរ​ជាតិ​។​ ការ​ដាក់​ពង្រាយ ឬ​ការ​ដក​កងទ័ព នឹង​ជា​ប្រធាន​បទ​សំខាន់​ណាស់​»។
    កាសែត Jakarta Post បាន​រាយការណ៍ កាល​ពី​ម្សិលមិញ​ថា លោក Agus Suhartono ឧត្តម​សេនីយ៍​កងទ័ព​ឥណ្ឌូនេស៊ី បាន​ថ្លែងថា អ្នក​អង្កេត​ការណ៍​ព្រំដែន​ឥណ្ឌូនេស៊ី​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ប្រាសាទ​ព្រះវិហារ យ៉ាង​យូរ​បំផុត នៅ​មុន​ថ្ងៃ​ទី ២ ខែ​ឧសភា។
    ​ប៉ុន្តែ​ កាល​ពី​ម្សិលមិញ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បដិសេធ​ថា​ មិន​មាន​ការ​កំណត់​ថ្ងៃ សម្រាប់​ការ​ដាក់​ពង្រាយ​អ្នក​អង្កេត​ការណ៍​នោះ​ឡើយ។ លោក​បន្ថែម​ថា៖ «​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ដាក់​អ្នក​អង្កេត​ការណ៍​នឹង​ធ្វើ​ឡើង​ នៅ​ពេល​ដក​កង​ទ័ព​ចេញ ហើយ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​កាល​បរិច្ឆេទ​សម្រាប់​ការ​ដក​កង​ទ័ព ពី​តំបន់​គ្មាន​យោធា​នោះ​នៅ​ឡើយ​ទេ»។
    ​ទន្ទឹម​នឹង​នេះ មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ទាហាន​កម្ពុជា និង​ថៃ បាន​ប្រឈម​ត​ទល់​គ្នា នៅ​ក្បែរ​តំបន់​វិវាទ​ទំហំ ៤,៦ គីឡូ​ម៉ែត្រ​ការ៉េ ជុំវិញ​ប្រាសាទ​ព្រះវិហារ។
    ប្រភព​មួយ​ដែល​ជិតស្និត​នឹង​លោក Thanatip Sawangsaeng ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ថៃ បាន​ថ្លែង​ថា ជម្លោះ​កើត​ឡើង ព្រោះ​វា​មិន​ច្បាស់​ទេ​ថា​ តើ​ទាហាន​ក្នុង​ទឹក​ដី​កម្ពុជា ឬ​ថៃ។ ​លោក​បន្ថែម​ថា៖ «គ្មាន​អំពើ​ហិង្សា ឬ​ការ​បាញ់​ប្រហារ​គ្នា​ទេ ពួក​គេ​គ្រាន់​តែ​និយាយ​គ្នា​ប៉ុណ្ណោះ ហើយ​ការ​វិវឌ្ឍ​ចុង​ក្រោយ ​​គឺអង្គ​ភាព​មូលដ្ឋាន ​កំពុង​ពិភាក្សា​ អំពី​ការ​បញ្ចប់​បញ្ហា​»។ ​លោក​បន្ត​ថា វិធាន​ការ ត្រូវ​បាន​អនុវត្ត ដើម្បី​ព្រមាន​អ្នក​ទេសចរណ៍ កុំ​ឲ្យ​វង្វេង ចូល​ទៅ​ក្នុង​តំបន់​នោះ​៕
    រាយការណ៍​បន្ថែម David Boyle



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.