ថ្វីដ្បិតតែ ‹‹វដ្តរដូវនិងស្រ្តី›› វាជារបស់គូគ្នាក៏ដោយប៉ុន្តែក៏មានរឿងមួយចំនួនដែលទាក់ទង នឹងវដ្តរដូវដែលស្ត្រីនៅមិនទាន់ដឹងនៅឡើយដែរ។ដូច្នេះដើម្បីជ្រាបច្បាស់អំពីបញ្ហា
វដ្តរដូវនេះសូមសុភាពនារីទាំងឡាយតាមដានអានអត្ថបទនេះដូចខាងក្រោម ។១-ភាពទៀងទាត់
ស្រ្តីក្មេងៗដែលចាប់ផ្តើមមានរដូវថ្មីៗក្នុងអំឡុងពេល ១-២ ឆ្នាំដំបូងរដូវ
តែងតែមក មិនបានទៀងទាត់ឡើយ ហើយរយៈពេល ច្រើនតែវែងស្រ្តីខ្លះ ២-៣ ខែទើបបានមកម្តង ។ កត្តានេះដោយសារតែ ការធ្វើការរបស់អូវែរ នៅមិនទាន់
រឹងដៃរឹងជើងល្អធ្វើអោយពងធ្លាក់មិន បានទៀងទាត់ រដូវក៏មករយាលៗ ហើយច្រើន តែមកយូរច្រើនថ្ងៃ ។ ប៉ុន្តែក្រោយពី ២ឆ្នាំមក រាងកាយនឹងដំណើរការស្រួលមានការធ្លាក់ពង រាល់ខែហើយរដូវក៏មកទៀងទាត់ល្អ ។
២-អាយុច្រើនក៏ឈឺពោះច្រើន
បញ្ហានេះ ប្រាកដជាធ្វើអោយស្រ្តីមានការពិបាកចិត្តប៉ុន្តែ ត្រូវសម្រួលអារម្មណ៍សិន ពីព្រោះការកើតទុក្ខធុញថប់ វាមិនអាចជួយអ្វីដល់យើងបានឡើយ ។
កត្តាសំខាន់ពាក្យថា‹‹អាយុច្រើន›› នៅទីនេះសមដៅទៅលើអាយុចាប់ពី ២០ ឆ្នាំឡើង ទៅប៉ុណ្ណោះឯង ហើយក្រោយពីអាយុ ៣០ ឆ្នាំទៅវាកាន់តែធ្វើអោយឈឺជាងវ័យជំទង់ មូលហេតុដោយសារតែ ស្រ្តីដែលឈានចូលវ័យមនុស្ស ច្រើនតែអង្គុយធ្វើការនៅនឹងតុ
ច្រើនជាងស្រ្តីក្មេងៗ ហើយមិនសូវបានហាត់ប្រាណ ឬ ធ្វើចលនាញឹកញាប់ដូចស្រ្តីវ័យ
ជំទង់ម្ល៉ោះហើយបានជាធ្វើអោយឈឺពោះច្រើនជាង ។ ប៉ុន្តែបើឧស្សាហ៍ហាត់ប្រាណ អោយបានជាប្រចាំ គឺមិនថាវ័យណាជាវ័យណាទេ វាអាចជួយអោយមិនឈឺទាំងអស់ ។
៣-វដ្តរដូវអាចពន្យាពេលបាន
យើងអាចបញ្ឈប់ ឬ ពន្យាថរវដ្តរដូវដោយខ្លួនឯងបាន ដោយការលេបថ្នាំ ពន្យារកំណើតជាប់ៗគ្នាដោយមិនបាច់រំលងទុក ១ សប្តាហ៍ (ជាទូទៅត្រូវទុកចន្លោះ មួយសប្តាហ៍ក្នុងអំឡុងពេលដែលមានវដ្តរដូវ) ។
៤-ភាពធុញថប់តប់ប្រមល់ធ្វើអោយវដ្តរដូវអាក់ខាន
ភាពតប់ប្រមល់ មិនគ្រាន់តែជាសត្រូវចំពោះសុខភាពប៉ុណ្ណោះទេ វាថែមទាំង ជាពេជ្ឈឃាត វដ្តរដូវផងដែរ ពីព្រោះភាពតប់ប្រមល់ អាចធ្វើអោយអំឡុងពេល នៃ ការធ្លាក់ពងត្រូវពន្យារ ឬ មិនធ្លាក់តែម្តង ។
៥-ថ្នាំពន្យារកំណើតបន្ថយចំនួនរដូវ
ការលេបថ្នាំពន្យារកំណើតធ្វើអោយឈាមរដូវមកកាន់តែតិច ពីព្រោះនៅក្នុងថ្នាំពន្យារកំណើត មានសារធាតុម្យ៉ាងឈ្មោះ ប្រូចេស្ទីន ដែលវាបញ្ចេញឥទិ្ធពល អោយរាងកាយផលិតជលិកាស្រោបស្បូនបានតិច ហើយជាលិកានេះឯងដែលបំប្លែង ខ្លួនមកជារដូវរបស់យើងនោះ ។ ៦-សំឡីអនាម័យបែបស៊ក
សុភាពនារីទាំងឡាយចង់ចុះលេងទឹកក្នុងអំឡុងពេលមានរដូវ ប៉ុន្តែខ្លាច ក្រែងថា បើប្រើសំឡីអនាម័យបែបស៊កនោះ វានាំអោយគ្រោះថ្នាក់ចំពោះទ្វារមាស ។ បញ្ហានេះសូមឈប់ព្រួយបារម្ភទៀតទៅព្រោះថាមានព័ត៌មានសុវត្ថិភាព គ្រាន់តែគេ ហាមដាក់ពេលដេក ហើយឧស្សាហ៍ដូរអោយបានញឹកញាប់ កុំទុកអោយអួរអាប់នៅ ក្នុងទ្វារមាសប៉ុណ្ណោះឯង ។
៧-ភាពធាត់ និង វត្តរដូវ
ស្រ្តីធាត់ៗទាំងឡាយសូមចាំស្តាប់ ! ភាពធាត់របស់អ្នកអាចធ្វើអោយរដូវមាន បញ្ហាបាន ពីព្រោះស្រ្តីធាត់នឹងមានអ័រម៉ូនម៉្យាងឈ្មោះ អេនដ្រូចេន ច្រើនជាងស្រ្តីស្គមៗ ។ ប្រសិនបើធាត់ខ្លាំង រហូតទាល់តែមានអ័រម៉ូននេះច្រើនខុសប្រក្រតី វានឹង ធ្វើកើតអាការ Polycystic Ovary Syndrome (POCS) ដែលជាអាការពងមិនធ្លាក់រដូវមកមិនបាន ទៀងទាត់ ឬ រាងកាយផលិតជាលិកាស្រោបស្បូនច្រើនពេកលុះដល់ពេលមករដូវឈាម ក៏ចេញមកច្រើនខុសប្រក្រតី បើមិនចង់អោយមានអាការចម្លែកៗបែបនេះ ត្រូវប្រញាប់ សម្រកទម្ងន់ជាបន្ទាន់។
៨-ថ្នាំពន្យារកំណើតមិនអាក្រក់ដូចដែលអ្នកគិត
ថ្នាំពន្យារកំណើតមិនគ្រាន់តែជួយពន្យាររដូវនៅក្នុងថ្ងៃដែលយើងមិនចង់អោយមាន ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ផលល្អ ក្នុងការកាត់បន្ថយការកើតរោគខ្វះឈាម រោគរលាក ឆ្អឹងត្រគាក កាត់បន្ថយការប្រឈមមុខចំពោះការកើតជំងឺមហារីកអូវែរ និង ជំងឺមហារីកស្បូន បានផងដែរ ។ ឃើញទេថាថ្នាំពន្យារកំណើតមិនមែនគួរអោយស្អប់ ខ្ពើមដូចដែលសុភាពនារីខ្លះ គិតនោះឡើយ ។
៩-ថ្នាំបំបាត់ឈឺរដូវ
ចំពោះស្រ្តីដែលឈឺពោះខ្លាំងៗជាអចិន្រ្តៃយ៍រាល់ខែ មានថ្នាំ្២ ប្រភេទដែល អាចជួយអ្នកបាននោះគឺថ្នាំអាស្ពីរីន និង ថ្នាំអៃបូប្រូហ្វេន ។ ប៉ុន្តែដើម្បីអោយបាន លទ្ធផលល្អបំផុត គួរតែលេបថ្នាំនេះមុនពេលឈឺខ្លាំងប្រមាណជា ២-៣ ម៉ោង ដើម្បី អោយជាតិថ្នាំទៅកាត់បន្ថយការផលិតសារធាតុគីមីម្យ៉ាងឈ្មោះ Prostaglandins ក្នុង ខ្លួនយើងដែលសារធាតុនេះវាជាភ្នាក់ងារបង្កអោយអោយឈឺពោះ ។
១០-បំបាត់ឈឺរដូវដោយរបស់ក្តៅ
មិនថាជាការទទួលទានទឹកស៊ុបក្តៅឧណ្ហៗ ឬយកក្រណាត់ជ្រលក់ទឹកក្តៅ មកស្អំ គឺ សុទ្ធតែមានប្រសិទ្ធភាពទាំងអស់ ពីព្រោះភាពក្តៅវាធ្វើអោយឈាមរត់មកទ្រទ្រង់ពោះ របស់យើងបានច្រើន ដូច្នេះហើយ ទើបវាអាចជួយកាត់បន្ថយ ការឈឺចុកចាប់បាន ។
១១-វ័យប្រែប្រួល អាការប្រែប្រួល
អាការៈប៉ះពាល់នៃការមានរដូវ វាប្រែប្រួលទៅតាមវ័យ ។ ស្រ្តីក្នុងវ័យ ២០ឆ្នាំ នឹង បញ្ចេញអាការឈឺល្ហិតល្ហៃ ឈឺដើមទ្រូង ចង់តែទទួលទាននេះទទួលទាននោះ ទទួលទាន ច្រើនហើយអារម្មណ៍ប្រែប្រួល ។ ប៉ុន្តែនៅពេលអាយុជិតឈានចូល ៣០ឆ្នាំ អាការៈទាំងនេះ នឹង ថយចុះ ។ ចំណែកឯស្រ្តីវ័យចាប់ពី ៣០ ឆ្នាំ ឡើងទៅ នឹងបញ្ចេញ អាការឈឹពោះ ហើមខ្លួន ហើយទម្ងន់ក៏ឡើង ។ ប៉ុន្តែអ្វីដែល ដូចគ្នាមិនចំពោះថាស្រ្តីវ័យ មនុស្សចាស់ ឬ ស្រ្តីវ័យជំទង់ នោះគឺរឿងអារម្មណ៍ ។
១២-បាត់បង់ឈាមមិនជាអ្វីឡើយ
ពេលរដូវចាប់ផ្តើមធ្លាក់យើងអាចគិតថា តើអាចធ្វើអោយខ្សោយឈាម ពីក្នុងខ្លួនឬទេ ? ប៉ុន្តែការពិតទៅ រាងកាយមិនបាត់បង់ ឈាមច្រើនដូចដែល យើងគិតនោះទេ។ ក្នងមួយខែៗ ស្រ្តីនឹងបាត់បង់ឈាមដោយសារតែរដូវនេះប្រមាណជា ៣ អោនស៍ ប៉ុណ្ណោះ ( ១ អោនស៍ = ០,០២៩៦ លីត្រ) ។
១៣-ក្រៅពី PMS នៅមាន PMDD
ក្រៅពីអាការៈប៉ះពាល់ ដែលមកជាមួយរដូវ ឬ ដែលគេហៅថា PMS ហើយនោះ ស្រ្តីខ្លះ ក៏មានអាការៈផ្លូវចិត្តដែលមានឈ្មោះថា PMDD ដែលធ្វើអោយអ្នកជំងឺ មានអារម្មណ៍តក់ស្លុត និងស្រងូតស្រងាត់អារម្មណ៍ ប្រែប្រួលឆាប់ខឹង មួម៉ៅច្រើនឈឺសន្លាក់ឈឺដើមទ្រូង ឈឺក្បាល ឈឺសាច់ដុំ ហើមខ្លួន ប៉ុន្តែអាការអស់ទាំងនេះនឹងបាត់ទៅដោយខ្លួនឯងនៅពេល មករដូវ ។
១៤-សិចឆ្លងកាត់ភ្លើងក្រហមអាចដំណើរការបាន ការរួមភេទនៅចន្លោះពេលរដូវ អាចនឹងប្រឡាក់ប្រឡូកបន្តិច ប៉ុន្តែក៏អាច ដំណើរការបាន គ្រាន់តែត្រូវថែរក្សាអនាម័យអោយបានស្អាតល្អទាំងខាងស្រី និង ខាងប្រុសប៉ុណ្ណោះ ។
១៥-បច្ច័យដែលធ្វើអោយមានរដូវ ក្មេងស្រីនឹងចាប់ផ្តើមមានរដូវលឿន ឬ យឺតអាស្រ័យទៅលើតំណពូជបរិស្ថាន ពន្លឺភ្លឺ ភាពធាត់ ភាពស្គមរបស់រាងកាយ សុខភាពទូទៅ និង សភាវៈខាងផ្លូវអារម្មណ៍ ។ ចំពោះស្រ្តី ដែលរស់នៅក្នុងក្រុង ឬ ប្រទេសជិតតំបន់ខ្សែអេក្វាទ័រ នឹងមានរដូវលឿនជាង ក្រុមស្រ្តីដែល នៅតាមជនបទឆ្ងាយពីខ្សែអេក្វាទ័រ ឬនៅលើកំពូលភ្នំ ដូចជាទីបេត៍ជាដើម។ អ្វីដែលជា ចម្ងល់នោះគឺថាមានការសិក្សាមួយ គេបានរកឃើញថា ក្មេងស្រីដែលពិការភ្នែក នឹងឆាប់មាន រដូវលឿនជាង ក្មេងស្រីធម្មតា ហើយការសិក្សានេះក៏បានបង្ហាញថា ពន្លឺភ្លឺ ក៏មានបច្ច័យ ចំពោះ ការមានរដូវនេះផងដែរ ។
១៦-កត្តាអ្វីខ្លះដែលធ្វើអោយរដូវប្រែប្រួល - កត្តាអាហារ ស្ត្រីវ័យក្មេងអាចចូលចិត្តបង្អត់អាហារដើម្បីរក្សារាងកាយអោយស្វែល ប៉ុន្តែការបង្អត់ ច្រើនៗទៅ វាធ្វើអោយរាងកាយមិនបានទទួលអាហារគ្រប់គ្រាន់ អាចធ្វើអោយ អ័រម៉ូនខុស ប្រក្រតី រដូវលើកដំបូងក្នុងជីវិតអាចក្រមក ឬ ឈាមរដូវមកតិចខុសប្រក្រតី ។ - កត្តាបរិស្ថាន មិនចំពោះថាសីតុណ្ហភាព ការផ្លាស់លំនៅស្ថានពីតំបន់ត្រជាក់ ឬ ពីតំបន់មិនត្រជាក់ មកតំបន់ក្តៅ ការទទួលទានដំណេកមិនបានគ្រប់គ្រាន់កន្លែងដេកពួនមិនមានលក្ខណៈ ស្តង់ដារ កត្តាទាំងអស់នេះ សុទ្ធតែជះឥទ្ធិពល ធ្វើអោយរដូវមានការប្រែប្រួលបាន ទាំងអស់ ។
- តំណពូជ ស្ត្រីភាគច្រើននឹងមានរដូវលើកដំបូងក្នុងវ័យតែមួយដូចម្តាយ ឬ ជីដូនក៏មានដែរ ហើយនឹងអស់ រដូវក្នុងវ័យដូចគ្នាដែរ ។
- ជំងឺតម្កាត់ផ្សេងៗ មិនថាស្បូន អូវែរ ខួរក្បាល អាចមានដុះសាច់អ័រម៉ូនខុសប្រក្រតី រោគខ្វះឈាម រោគទឹកនោមផ្អែម ឬ រោគរ៉ាំរ៉ៃផ្សេងៗ សុទ្ធតែជះឥទ្ធិពលដល់រដូវទាំងអស់ ៕
ទស្សនាវដ្ដី ប្រជាប្រិយ
ឆ្នាំទី១៣ លេខ៣៩៧ ២១-៣០ កញ្ញា ឆ្នាំ ២០០៧
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.