ក្នុងចំណោមសិល្បករខ្មែរ លោក យុត្ថារ៉ា ឆាន្នី និង អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវ បានគេចាត់ទុកថាជាគូស្វាមីភរិយា គំរូជាច្រើនឆ្នាំមកហើយ ដោយអ្នក ទាំងពីរមិនធ្លាប់មាន រឿងអាស្រូវ នៅក្នុងគ្រួសារឡើយ ។ តើនៅ ថ្ងៃ Valentine’s day ឆ្នាំនេះ គូស្នេហ៍មួយ នេះមានអ្វីប្លែក ? នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នាប៉ុន្មានថ្ងៃខាងមុខ គូស្វាមីមួយគូនេះ បានឱ្យដឹងថា អ្នកទាំងពីរមិនទាន់មានគម្រោង ថា នឹងធ្វើអ្វីពិសេសនោះទេ ពីព្រោះម្នាក់ៗ សុទ្ធតែមមាញ្ញឹកនៅក្នុងការងាររៀងៗខ្លួន ។ ទោះជាយ៉ាងនេះក្តី អ្នកទាំងពីរនឹងចំណាយ ពេលវេលាដើម្បីជួបជុំក្រុមគ្រួសារទទួលទាន អាហាររួមគ្នា ។ តើលោក យុត្ថារ៉ា ឆាន្នី មាន កាដូពិសេសអ្វីជូនភរិយានាថ្ងៃនោះ ?
លោក យុត្ថារ៉ា ឆាន្នី កាន់តែឃ្លាតឆ្ងាយពីពិភពសិល្បៈ ដោយសារជាប់រវល់ការងារផ្ទាល់ខ្លួន ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា វិញបែរជាមមាញ្ញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ក្រៅ ពីថតភាពយន្ត អ្នកនាងជាប់រវល់នៅក្នុងការបង្ហាញម៉ូដនៅក្នុង ក្រុម Cambodia Super Model ហើយក្នុងមួយថ្ងៃៗគូស្វាមី ភរិយាមួយគូនេះកម្រជួបមុខគ្នាណាស់ ពេលមកដល់ផ្ទះគឺយប់ ជ្រៅហើយចូលសម្រាករៀងៗខ្លួន សូម្បីតែមុខកូនស្រីជាទីស្រឡាញ់ក៏មិនសូវបានជួបមុខដែរ ។
រំឭកពីឆ្នាំចាស់ និង ឆ្នាំទៅមិញ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ អ្នកនាង ចន ច័ន្ទលក្ខិណា តែងតែទទួលបាន បាច់ផ្កាកុលាបដ៏ស្រស់ស្អាតមួយបាច់ពីស្វាមីជាទី ស្រឡាញ់ ។ ថ្វីដ្បិតតែមានវ័យជ្រេបន្តិចក្តី ប៉ុន្តែអ្នកនាងបាន សម្តែងនូវក្តីរំភើប ចំពោះទិវានៃក្តីស្រឡាញ់ និង ជូនពរដល់ទស្សនិកជនទាំងអស់ឱ្យជួបតែសេចក្តី សុខសុភមង្គល ។ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ក្នុងឆ្នាំ ២០១២ នេះវិញ លោក យុត្ថារ៉ា ឆាន្នី ដែលត្រូវជាស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា “ការងារ មមាញ្ញឹកពេក ខ្ញុំស្ទើរតែភ្លេចថ្ងៃនោះទៅហើយ តែការស្រឡាញ់ដែលខ្ញុំផ្តល់ជូន ភរិយា គឺធំធេងណាស់ មិនថាថ្ងៃធម្មតា ឬ ថ្ងៃនៃក្តីស្រឡាញ់ឡើយ ។
ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំនេះ ខ្ញុំមិនទាន់មានគម្រោងចេញទៅណាក្រៅពីនៅទីក្រុងភ្នំពេញ ជួបជុំក្រុមគ្រួសារ ទទួលទានអាហាររួមគ្នាតែប្រសិនបើភរិយាខ្ញុំទំនេរ ហើយ គាត់ចង់ទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ខ្ញុំរីករាយនឹងជូនគាត់ ។ សម្រាប់ ខ្ញុំតែងតែផ្តល់កាដូពិសេសដល់ភរិយានៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ច្រើនជាងថ្ងៃ បុណ្យនៃក្តីស្រឡាញ់ ដោយសារខ្ញុំគិតថា ថ្ងៃដែលយើងរៀបការគឺជាថ្ងៃមួយដែល មិនអាចបំភ្លេចបាននៅក្នុងជីវិត ។ ខ្ញុំមានអារម្មណ៍ថាខ្លួនចាស់ហើយ មិនចង់ធ្វើអ្វី ដូចក្មេងៗនោះទេ កាដូសម្រាប់ភរិយាក្នុងឆ្នាំនេះខ្ញុំមិនទាន់ដឹងថានឹងទិញអ្វីជូនគាត់នៅ ឡើយទេ ពីព្រោះថ្ងៃនោះមិនទាន់ចូលមកដល់ តែទោះយ៉ាងណាក៏ត្រូវមានកាដូបន្តិច បន្តួចដល់គាត់ជាមិនខាន” ។
ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា វិញបានឱ្យដឹងថា អ្នកនាងមិនទាន់ដឹងថា ស្វាមីនឹងទិញអ្វីជាកាដូដល់នាងឡើយ ប៉ុន្តែអ្នកនាងគិតថា កាដូដែលស្វាមីជូនក្នុងឆ្នាំ នេះក៏មិនខុសពីឆ្នាំមុនៗដែរ ។
ជាច្រើនឆ្នាំកន្លងមក គូស្វាមីភរិយាមួយគូនេះធ្លាប់បាននិយាយថា នឹងយកកូនម្នាក់ ទៀតនៅក្នុងឆ្នាំរោង តែឆ្នាំរោងបានចូលមកដល់ហើយ អ្នកទាំងពីរនៅតែមិនទាន់មាន កូនទៅតាមគម្រោងឡើយ ។ លោក យុត្ថារ៉ា ឆាន្នី បានបញ្ជាក់ប្រាប់ថា “ខ្ញុំរង់ចាំតែ ភរិយាប៉ុណ្ណោះ តែគាត់ចេះតែនិយាយថាចាំសិន ខ្ញុំក៏មិនហ៊ានបង្ខំចិត្តគាត់ដែរ ប៉ុន្តែ សម្រាប់ខ្ញុំពិតជាចង់បានកូនបន្ថែមទៀតណាស់ ពីព្រោះអាយុកាន់តែច្រើនចង់មានកូនៗ នៅក្បែរឆ្វេងស្តាំរត់ពេញផ្ទះ មិនដឹងធ្វើយ៉ាងម៉េចបើភរិយាជាប់រវល់ការងារ ។ ម៉្យាង វិញទៀត គាត់ (ភរិយា) គិតថា បើយកកូនគឺ ត្រូវចំណាយពេលវេលារហូតដល់ទៅ ពីរឆ្នាំទើបអាចវិលចូលសិល្បៈវិញ ជាពិសេសពេលដែលគាត់មាន កូនគឺធាត់បែកសាច់ ទើបគាត់មានអារម្មណ៍ភ័យខ្លាច ព្រោះគាត់ជាតារាបង្ហាញម៉ូដ បើរូបរាងប្រែធាត់ពិត ជាពិបាក” ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.