រស់នៅទីក្រុង ពោរពេញទៅដោយ ផ្សែងឡាន ផ្សែងម៉ូតូ ផ្សែងចេញពីរោងចក្រ ដូច្នេះពិតជាពិបាក ណាស់ក្នុងការជៀសផុតពីការស្រូប ខ្យល់ដែលកខ្វក់។ បញ្ហាកង្វក់ខ្យល់នៅតែជាបញ្ហាចំពោះសុខភាពរបស់មនុស្ស ប៉ុន្ដែនៅពេលនេះគឺកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារការសិក្សាថ្មីមួយបានបង្ហាញថា កង្វក់ខ្យល់អាចបង្កជាជំងឺគាំងបេះដូងបាន ទោះបីជាយើងស្រូបខ្យល់កខ្វក់នោះតិចតួចក៏ដោយ។
នេះគឺជាកត្តាថ្មីមួយទៀតដែលទើបរកឃើញ បន្ថែមលើកត្តាដែលបង្កជាជំងឺគាំងបេះដូងដែលយើងធ្លាប់បានដឹងរួចមកហើយ ដូចជា ការលើសឈាម ការជក់បារី និងជំងឺទឹកនោមផ្អែម។ ប៉ុន្ដែមូលហេតុថ្មីនេះ គឺអាក្រក់ជាង ដោយសារតែមនុស្សជាច្រើន បានស្រួបយកខ្យល់កខ្វក់ ដែលធ្វើឲ្យជំងឺបេះដូងបាននាំមុខគេនៅប្រទេសឧស្សាហកម្មជឿនលឿន។
លោក Hazrije Mustafic មកពីសាកលវិទ្យាល័យ Paris Descartes ដែលជាវេជ្ជបណ្ឌិតដឹកនាំការស្រាវជ្រាវនេះ បានឲ្យដឹងថា ការកែលម្អគុណភាពខ្យល់ គឺពិតជាជះផលល្អដល់សុខភាពសាធារណៈ។
អ្នកស្រាវជ្រាវដដែលនេះ បានបន្ថែមទៀតថា កង្វក់ខ្យល់គឺត្រូវបានគេដឹងថប៉ះពាល់ដល់សុខភាពជាយូរណាស់មកហើយ ប៉ុន្ដែនេះគឺជាការសិក្សាលើកដំបូង ដែលបង្ហាញថា ស្រួបខ្យល់កខ្វក់ក្នុងរយៈពេលខ្លីណាមួយ ក៏គ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងជំងឺគាំងបេះដូងនោះដែរ។
ដើម្បីចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើលទ្ធផលនៃការស្រាវជ្រាវមុនៗចំនួន ៣៤ ផ្សេងគ្នា ដូច្នេះអាចចាត់ទុកបានថា នេះគឺការស្រាវជ្រាវដ៏ធំមួយ ដែលអាចជឿទុកចិត្តបាន។
ផ្អែកតាមការស្រាវជ្រាវថ្មីនេះ នឹងធ្វើឲ្យមនុស្សគ្រប់រូប យកចិត្តទុកដាក់បន្ថែមទៅលើកង្វក់ខ្យល់ ដោយការពារនៅពេលចេញទៅណាមកណា ដូចជាពាក់ម៉ាសការពារជាដើម។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.