តំបន់អាស៊ី គឺជាគោលដៅ​ ទេសចរណ៍ របស់ពលរដ្ឋខ្មែរ

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ ក្នុងការធ្វើ ដំណើរកំសាន្ត ចេញទៅក្រៅប្រទេស របស់ប្រជាជនកម្ពុជា តំបន់អាស៊ីគឺជាគោលដៅទេសចរណ៍ ដ៏មានសក្ដានុពលជាងគេ សំរាប់ទាក់ទាញ អ្នកទេសចរណ៍ខ្មែរឲ្យធ្វើដំណើរទៅតំបន់នេះ។
    លោក ហេង ហាក់ អនុប្រធានក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល (C.H.World Travel Co,LTD) បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលដើមឆ្នាំ២០១២នេះ មានភ្ញៀវទេសចរណ៍ខ្មែរជាច្រើនបានធ្វើដំណើរកំសាន្តទៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនរបស់លោក។
    លោកបានថ្លែងថា «ភាគច្រើននៃភ្ញៀវទេសចរណ៍ខ្មែរយើង ដែលធ្វើដំណើរកំសាន្តនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនខ្ញុំ គឺចេញទៅប្រទេសចិននិងមួយចំនួន ទៅម៉ាឡេស៊ី សាំងហ្កាពួ និងថៃជាដើម»។
    លោក ហេង ហាក់ បានបន្ថែមថា គ្រាន់តែក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ មានអ្នកទេសចណ៍ខ្មែរប្រមាណជាង៣០០នាក់ បានធ្វើដំណើរកំសាន្តនៅទីក្រុងហុងកុង និងប្រទេសចិន។
    លោក អៀង សុផល ប្រធានផ្នែកសេវាកម្មក្រៅប្រទេសរបស់ក្រុមហ៊ុនទេសចរណ៍ សេនស៍ ជើនី(Senses Journeys Travel Cambodia) បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលភ្ញៀវទេសចរណ៍ខ្មែរដែលធ្វើដំណើរកំសាន្តទៅក្រៅប្រទេសដែលភាគច្រើនគឺធ្វើដំណើរកំសាន្តនៅក្នុងតំបន់អាស៊ានយើងនេះ។
    លោកថ្លែងថា «ភ្ញៀវដែលចេញដំណើរកំសាន្តតាមរយៈក្រុមហ៊ុនខ្ញុំ ភាគច្រើនចេញទៅប្រទេសវៀតណាមច្រើនជាងគេ និងបន្ទាប់មកគឺថៃ ម៉ាឡេស៊ី និងសាំងហ្កាពួ»។
    បើតាមលោក អៀង សុផល ក្នុងរយៈពេលដើមឆ្នាំ២០១២នេះ ចំនួនភ្ញៀវទេសចរណ៍ខ្មែរដែលធ្វើដំណើរកំសាន្តនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនរបស់លោក មានការកើនឡើងប្រមាណជា១០ភាគរយ។
    លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា តាមរយៈក្រុមហ៊ុនទេសចរណ៍មួយចំនួន ដែលនៅក្នុងសមាគមរបស់លោក បានប្រាប់លោកថា ចំនួនភ្ញៀវទេសចរណ៍ខ្មែរដែលធ្វើដំណើរកំសាន្តនៅក្រៅប្រទេសមានការកើនឡើងច្រើន ជាពិសេសគឺទៅប្រទេសថៃ «ក្នុងរយៈពេលដើមឆ្នាំ២០១២នេះ មានអ្នកទេសចរណ៍ខ្មែរយើងជាច្រើនបានចេញទៅលេងនៅក្រៅប្រទេស ហើយទៅថៃ គឺមានការកើនឡើងប្រមាណជា១៥ភាគរយទៅ២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន»។
    បើតាមលោក អាង គឹមអៀង ការចេញទៅកំសាន្តរបស់ខ្មែរយើងភាគច្រើននៅប្រទេសជិតខាងមានការការកើនឡើងបែបនេះ ដោយសារតែប្រទេសទាំងអស់នោះមានសន្តិសុខ សុវត្ថិភាពល្អ និងម្យ៉ាងទៀតដោយសារតែយើងមានទំនាក់ទំនងល្អឡើងវិញជាមួយប្រទេសថៃ។
    លោក ទឹត្យ ចន្ថា អគ្គនាយកក្រសួងទេសចរណ៍មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងទៅនឹងបញ្ហានេះ ដោយទូរស័ព្វរបស់លោក ហៅចូលហើយ តែមិនមានអ្នកទទួល៕​ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.