ប្រទេស​ណានិយមជិះកង់ជាង​គេ?

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • កង់​ជា​យាន​ជំនិះ ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដ៏​ល្អ​ស័ក្ដិសម និង​ដែល​អាច​ប្រើ​ជំនួស​យាន​ជំនិះ​ផ្សេងៗ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ កង់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ សម្រាប់​ការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិច​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។
    តើ​ទីក្រុង​ណា​ខ្លះ​លើ​លោក ដែល​និយម​ជិះ​កង់​ច្រើន​ជាង​គេ?
    ប៉េកាំង ប្រទេស​ចិន
    ប៉េកាំង ជារដ្ឋធានី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ក៏​ជា​មជ្ឈមណ្ឌល​វប្បធម៌ នយោបាយ និង​ការ​អប់រំ។ ប្រជាជន​ចូលចិត្ត​ប្រើប្រាស់​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ស្រប​ពេល​ដែល​ទីក្រុង​នេះ​ទទួល​សិទ្ធ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​២០០៨។ ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់​ត្រូវ​បាន​គេ​ស្ថាបនា​យ៉ាង​ច្រើន ក្នុង​គោលបំណង​ជួយ​សម្រួល​និង​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​ប្រើប្រាស់​កង់​មាន​ចំនួន​កើន​ឡើង​បន្ថែម​ទៀត។
    ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ
    ប៉ាសេឡូណា​ជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស​អេស្ប៉ាញ។ ទីក្រុង​នេះ​ត្រូវ​បាន​គេ​ផ្ដល់​ភាព​សំខាន់​ដោយ​សារ​វា​ជា​កន្លែង​ប្រមូល​ផ្ដុំ​នៃ​សេដ្ឋកិច្ច កម្សាន្ត​ សិល្បៈ ការ​អប់រំ​និង​ទេសចរណ៍។ ក្រុមប្រឹក្សាភិបាល​ក្រុង ប៉ាសេឡូណា បាន​បង្កើត​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា “ជិះកង់​ដើម្បី​សហគមន៍” ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​កាត អាច​ប្រើប្រាស់​កង់​បាន​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​នៅ​គ្រប់​ស្ថានីយ​ទាំង ១០០ ដែល​អាជ្ញាធរ​បាន​បង្កើត​នៅ​គ្រប់​ច្រក​ល្ហក​ក្នុង​ទី​ក្រុង។
    ប៉ូគូតា ប្រទេស​កូឡុំប៊ី
    ប៉ូគូតា​ជា​រដ្ឋ​ធានី​របស់​ប្រទេស​កូឡុំប៊ី និង​ជា​ទីក្រុង​ដែល​មាន​ផ្ទៃដី​ធំ​ជាង​គេ​ក្នុង​ចំណោម​ទីក្រុង​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ។ ថ្វី​បើ​ទីក្រុង​នេះ​ប្រឈម​មុខ​បញ្ហា​ចរាចរណ៍​កក​ស្ទះ ប៉ុន្តែ​វា​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ថា​ជា​ទីក្រុង​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជិះ​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។ គេ​ប៉ាន់​ប្រមាណ​ថា​មាន​ការ​ជិះកង់​ជា​ប្រចាំ​រៀង​រាល់​ថ្ងៃ​ចន្លោះ​ពី ៣០០,០០០ ទៅ ៤០០,០០០ លើក​នៅ​ក្នុង​ទីក្រុង​នេះ។
    កូប៉េនហាហ្គេន ប្រទេស​ដាណឺម៉ាក
    កូប៉េនហាហ្គេន​ជា​រដ្ឋធានី​របស់​ប្រទេស​ដាណឺម៉ាក។ ប្រជាជន​ប្រហែល ៣៦ ភាគរយ​ក្នុង​ទីក្រុង​នេះ​ប្រើ​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មិន​ថា​ទៅ​កន្លែង​ធ្វើការ សាលារៀន​ឬ​ទីកន្លែង​ដទៃ​ផ្សេង​ទៀត។ នៅ​ក្នុង​ទីក្រុង​ ផ្លូវ​សម្រាប់​កង់​ត្រូវ​គេ​បែង​ចែក​ដាច់​ពី​ផ្លូវ​ធំៗ​របស់​យានជំនិះ។ បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​តែ​អភិវឌ្ឍ​ប្រព័ន្ធ​ធ្វើ​ដំណើរ​ថ្មី​មួយ​ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​កង់​អាច​ធ្វើ​ដំណើរ​កាន់​តែ​ងាយស្រួល លឿន និង​រីករាយ។
    អាស្ត៊ែរដាំ ហុល្លង់
    អាស្ត៊ែរដាំ​ជា​រដ្ឋធានី​និង​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ហុល្លង់ និង​ជា​មជ្ឈមណ្ឌល​វប្បធម៌​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជិះកង់។ កង់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ក្រុម​សង្គម​សេដ្ឋកិច្ច ហើយ​សម្រាប់​ការ​ប្រើប្រាស់​យាន​ជំនិះ​ដូច​ជា​រថយន្ត​ជា​ដើម គឺ​មិន​ត្រូវ​បាន​គេ​លើកទឹកចិត្ត​នោះ​ទេ។
    ស្រប​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ហក់​ឡើង​យ៉ាង​ខ្លាំង​នោះ ការ​ប្រើប្រាស់​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក៏​ជា​ជម្រើស​មួយ​ដ៏​ល្អ​ដែល​អាច​ជួយ​សន្សំ​សំចៃ​ថវិកា​បាន​យ៉ាង​ច្រើន ជា​ពិសេស​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​បាន​យ៉ាង​ប្រសើរ។
    តើ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​របស់​យើង អាច​ងាក​មក​ប្រើប្រាស់​កង់​វិញ​ដែរ​ឬ​យ៉ាង​ណា​បើ​សិន​ម្នាក់ៗ​កំពុង​រអ៊ូរទាំ​ពី​បញ្ហា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ដ៏​គំហុក​នោះ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.