ភ្នំពេញៈ កាលពីរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ តារាបង្ហាញម៉ូដ និងសម្តែង ម៉ាដូណា បានប្រារព្ធពិធីសម្ពោធន៍ ហាងថ្មីរបស់ខ្លួន ដែលមាន អាសយដ្ឋាន ស្ថិតនៅខាងក្រោយ ធនាគារជាតិនៃកម្ពុជា ដោយមានសិល្បករ-សិល្បការិនី ជាច្រើននាក់ ចូលរួមយ៉ាងអធិកអធម ។
ម៉ា ដូណា ត្រូវបានទស្សនិកជន ស្គាល់រូបលោក តាមរយៈ សិល្បៈនៃការសម្តែងដ៏ប៉ិនប្រសព្វ នៃចម្រៀងបែបជប៉ុន ដែលធ្វើឲ្យរូបលោក មានការគាំទ្រ យ៉ាងខ្លាំង ចំពោះការតុបតែងខ្លួន របៀបជាសិល្បៈជប៉ុន ។ មួយវិញទៀត ការបង្ហាញម៉ូដ តាមស្ទីលប្លែកៗ និងតាមរយៈមនុស្សភេទទីបី ក៏ ម៉ា ដូណា ទទួលបាន នូវចំណាប់អារម្មណ៍ខ្លាំង ពីមហាជននោះដែរ ។ ស្របពេលជាមួយនឹងកេរ្តិ៍ឈ្មោះ កាន់តែស្ទុះឡើង ជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃនេះ ម៉ា ដូណា បានសម្រេចចិត្ត បើកសម្ពោធ នូវហាងលក់សំលៀកបំពាក់ លក់កាបូប ស្បែកជើង ខ្សែក្រវាត់ និងហាងកាត់សក់របស់ខ្លួន ដែលក្នុងចំណោម ហាងទាំងពីរនេះ ត្រូវបានគេបង្ហើប ឲ្យដឹងថា បានចំណាយដើមទុនអស់ជិត ៣ម៉ឺនដុល្លារ ។
ម៉ា ដូណា បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៤ ខែកុម្ភៈ នេះថា “និយាយទៅហាងរបស់ខ្ញុំ ទាំង៤សាខានេះ គឺចំណាយ ដើមទុនអស់ ជាង៥ម៉ឺនដុល្លារ ចំណែកហាង ដែលទើបសម្ពោធ ល្ងាចមិញនេះ បូកទាំងការជួសជុល និងកែលំអផ្សេងៗ គឺអស់ប្រមាណ ជាង ២ម៉ឺនដុល្លារ ប៉ុន្តែទម្រាំ រហូតមកដល់ថ្ងៃសម្ពោធនេះ បើគិតរាល់ចំណាយទាំងអស់ គឺខ្ទង់ក្បែរ ៣ម៉ឺនដុល្លារ” ។
ជាទូទៅគេសង្កេតឃើញថា តារាខ្មែរជាច្រើនដួង តែងតែបង្កើតមុខរបរ ផ្សេងមួយទៀត ក្រៅពីអាជីពជាអ្នកសិល្បៈ ហើយមុខរបរនោះ អ្នកខ្លះក៏ទទួល បានជោគជ័យ ឯអ្នកខ្លះទៀត ក៏បរាជ័យបះជើងខាតឡុងចុង បង្ខំចិត្តសេងហាង ទាំងពាក់កណ្តាលទី ។ ចុះចំណែក ម៉ា ដូណា តារាដែលគេស្គាល់ ច្រើន តាមរយៈ ការសម្តែងសិល្បៈ រាំបែបជប៉ុន រូបនេះសង្ឈឹមថា នឹងទទួលជោគជ័យ ឬយ៉ាងណា ?
តារាដែលចូលចិត្ត បញ្ចេញឫកពាម្ញ៉ិកម្ញ៉ក់ ដូចស្រីរូបនេះ បានលើកឡើងទៀតថា “តាមការពិត សម្រាប់អាជីពសិល្បៈ ជួនកាលមានពេលខ្លះ ត្រូវ មមាញឹកច្រើន និងពេលខ្លះទំនេរច្រើន ដូច្នេះឆ្លៀតពេលទំនេរ ពីការដើរម៉ូដ ឬសម្តែង ត្រូវមកគិតគូរពីអាជីវកម្ម ផ្ទាល់ខ្លួន និងមានពេលវេលា គ្រប់គ្រាន់ ដើម្បីពិនិត្យមើល ឲ្យគ្រប់ជ្រុងជ្រោយ ក្នុងមុខរបររកស៊ី ។ ម្យ៉ាងទៀតខ្ញុំគិតថា សិល្បៈគឺបានតែយើង នៅមានសម្រស់ស្រស់ស្អាត ក្មេងខ្ចី នោះទេ ទើបគេត្រូវការយើង ពេលយើង ឈានដល់វ័យចំណាស់ គឺមិនអាចប្រឡូក ឲ្យជោកជាំ ដូចកាលនៅពីក្មេងបានទេ ដូចនេះមានតែមុខ របររកស៊ីទាំងអស់នេះហើយ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ទៅថ្ងៃអនាគត ។
ខ្ញុំគិតថា ការបើកហាង រកស៊ីរបស់ខ្ញុំនេះ ពិតជាទទួលបានជោគជ័យ ព្រោះខ្ញុំមានមិត្តភក្តិ ជាអ្នកសិល្បៈ និងក្រៅសិល្បៈច្រើន មិនតែប៉ុណ្ណោះ តាមរយៈកេរ្តិ៍របស់ខ្ញុំ ក៏អាចជាចំណែកមួយ នៃភាពជោគជ័យនេះដែរ” ។ ម៉ា ដូណា និយាយបន្ត “ខ្ញុំយល់ថា អ្នកសិល្បៈបើ ចាំតែពឹងផ្អែកលើចំណូល ពីការងារសម្តែង ឬច្រៀង តែមួយមុខ គឺមិនអាចទប់ទល់ ការចំណាយគ្រប់គ្រាន់ ដូចជាថ្លៃទឹកថ្លៃភ្លើង សំលៀកបំពាក់ គ្រឿងសម្អាង និងការ តុបតែងខ្លួន នោះបានឡើយ ដូច្នេះមិនថាខ្ញុំ មិនថាគេ ចាំបាច់ត្រូវតែមានមុខរបររកស៊ី ផ្សេងមួយទៀត ក្រៅពីសិល្បៈ” ។
មានការពិនិត្យឃើញថា ចូលមកដល់ដើមឆ្នាំ២០១២នេះ គេសង្កេតឃើញ មានតារាខ្មែរជាច្រើនដួង បាននិងកំពុងតែមមាញឹក ក្នុងអជីពរបស់ខ្លួន ទាំងការសម្តែង និងច្រៀងជាដើម ដោយមានទាំងការច្រៀង នៅក្នុងទីក្រុង និងតាមបណ្តាខេត្តនានា ។ ចំណែកឯតារាខ្លះទៀត ក៏ពួកគេមិនភ្លេច ពីរបររកស៊ី ដែលមានរួចជាស្រេច និងអ្នកខ្លះកំពុងបន្តបើកថ្មីៗ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ទាក់ទាញអតិថិជន ឲ្យមានចំណាប់អារម្មណ៍ និងចូលចិត្ត នូវមុខរបររបស់ខ្លួន ហើយត្រូវបានគេ ប៉ាន់ប្រមាណឃើញថា មានតារាខ្លះ អាចរកចំណូលបាន រហូតដល់ខ្ទង់រាប់ម៉ឺនដុល្លារ ក្នុងមួយ ខែៗ តាមរយៈមុខរបរខាងក្រៅនេះឯង ។ ទស្សនិកជន កំពុងទន្ទឹងរង់ចាំមើល ពីការបោះទុនដ៏ច្រើនគួរសម របស់តារាបង្ហាញម៉ូដ ម៉ា ដូណា ថាតើការ ដាក់ទុនរកស៊ីនេះ ទទួលបានការគាំទ្រ និងជោគជ័យដល់ កម្រិតណានោះទេ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.