ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្នុងគណបក្សសិទិ្ធមនុស្ស ១០នាក់បានសម្រេចចិត្តផ្តាច់ខ្លួនទៅរស់នៅក្រោមឆត្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចកាលពីម្សិលមិញបន្ទាប់ពីពួកគេបានផ្តាច់ខ្លួនពីគណបក្ស សមរង្ស៊ី រួចហើយ ដែលជាចំណុចផ្តើមផ្តាច់ខ្លួនប្រហែល៥នាទី។
លោក យឹម សុវណ្ណ បានចាត់ទុកពួកគេជាស្លឹកឈើចាស់ ហើយបានសម្តែងភាពរីករាយដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានទទួលយកពួកគេជាសមាជិកថ្មី ហើយថា គណបក្សសិទិ្ធមនុស្សជាអន្តរកាលសម្រាប់ពួកគេទៅចូលរួមគណបក្សប្រជាជន ហើយគណបក្សសិទិ្ធមនុស្ស ជាគណបក្សដែលបង្កើតឡើងជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។
លោក យឹម សុវណ្ណ បញ្ជាក់ថា៖ «គណបក្សសិទិ្ធមនុស្ស ជាអាយ៉ងគណបក្សប្រជាជនកម្ពុជា ដែលបង្កើតវាឡើងដើម្បីបំបែកគណបក្ស សមរង្ស៊ី។ ជាធម្មតា គេផ្តាច់ខ្លួនទៅគណបក្សលោក កឹម សុខា ហើយលោក កឹម សុខា ធ្វើជារិះគន់គណបក្សប្រជាជនខ្លាំងៗ»។
លោក យឹម សុវណ្ណ បានលើកឡើងថា ៖ «ពួកគេជាមនុស្សរកប្រាក់មនុស្សរកតំណែង។ ពួកគេជាស្លឹកឈើដែលជ្រុះ ដែលត្រូវបានប្រមូលឲ្យចាកចេញជាក្រុម។ សូមទៅចុះ ... ចេញពីគណបក្សសមរង្ស៊ី ទៅធ្វើការឲ្យបានស្រួល។អរគុណសម្តេច[ហ៊ុន សែន] ដែលទទួលយកពួកគេ»។
លោក កឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទិ្ធមនុស្ស បានច្រានចោលការចោទប្រកាន់នេះ ដោយបាននិយាយថា គណបក្សសិទិ្ធមនុស្ស មិនបង្កើតឡើងដើម្បីបំបែកគណបក្សសមរង្ស៊ីទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីស្វែងរកការគាំទ្រពីប្រជាជន។
លោក ប៉ុល ហំម បានថ្លែងថា៖ «គ្មានប្រយោជន៍នឹងបំបែកគណបក្ស សម រង្ស៊ី ទេ។ គេផ្តាច់ខ្លួនទៅគណបក្សណា ក៏ជាសិទិ្ធរបស់ពួកគេ។ យើងគោរពសិទិ្ធពួកគេ»។
លោកបានបន្ថែមថា គណបក្ស សិទិ្ធមនុស្ស មិនបានដឹងថាតើអ្នកទាំងនោះនឹងត្រូវតែងតាំងក្នុងជួររដ្ឋាភិបាលឬយ៉ាងណាទេ?
លោកបញ្ជាក់ថា៖ «យើងមិនដឹងថា ពួកគេទៅគណបក្សប្រជាជនកម្ពុជាដើម្បីអ្វី ប៉ុន្តែយើងកំពុងរង់ចាំមើលថា តើពួកគេទទួលបានតំណែងអ្វីពីរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលផ្តល់តំណែងដល់ពួកគេ វាជាការបង់ប្រាក់រដ្ឋឲ្យពួកគេ ដូច្នេះវាជាការដោះដូរនឹងការផ្តាច់ខ្លួននេះ»។
ពេលទាក់ទងកាលពីម្សិលមិញ លោក វណ្ណ ស៊ីវឿន អតីតព្រឹទ្ធសមាជិកពីគណបក្សសមរង្ស៊ី ដែលបានដឹកនាំក្រុមទៅចូលរួមគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រឆាំងតែងតែចោទប្រកាន់អ្នកផ្តាច់ខ្លួន ពេលគេផ្តាច់ខ្លួនទៅគណបក្សមួយទៀត និងថា លោកបានបម្រើគណបក្សប្រឆាំងជាយូរមកហើយ ប៉ុន្តែគ្មានប្រយោជន៍អ្វីទេ។
លោក ស៊ីវឿន បានបន្តថា៖ «វាគ្មានប្រយោជន៍ទេក្នុងការរស់នៅជាមួយគណបក្សទាំងពីរ។ គេតែងតែវាយប្រហារគ្នាទៅវិញទៅមក។ ខ្ញុំទៅចូលរួមនឹងគណបក្សប្រជាជន ដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិ។ កែពីខុសទៅត្រូវពីក្រទៅមាន។ យើងចូលរួមការអភិវឌ្ឍទាំងអស់គ្នា»។
ប៉ុន្តែលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនតែងបើកជើងមេឃ ទទួលជនណា ឲ្យតែស្ម័គ្រចិត្ត និងយល់ថាគេអាចរស់នៅជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយគេមានសិទិ្ធពេញលេញធ្វើអ្វីក៏បាន បើទោះជាពួកគេមកពីគណបក្សផ្សេងក៏ដោយ គណបក្សប្រជាជនកម្ពុជា នឹងទទួលពួកគេ។
លោកថ្លែងថា៖ «បុគ្គលទាំងនោះមានសតិ។ គេមិនមែនជាមនុស្សធម្មតាទេ។ ពេលគេមិនពេញចិត្តនឹងគណបក្សគេ [គណបក្សប្រឆាំង] ចោទប្រកាន់ពួកគេថា [លក់ខ្លួន]។ អ្នកណាដែលនិយាយបែបនេះមានន័យថាមើលងាយពួកគេ។ ដូច្នេះ គេអាចងាកមកគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនបន្តទៀត។ គណបក្ស ប្រជាជនកម្ពុជា មិនមានប្រាក់ទិញអ្នកណាម្នាក់ឡើយ»៕source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.