តើ​អ្វី​ជា​ចំណុច​ពិសេស​លើស​គេ​ក្រោយ​ការ​ច្នៃ​ប្រឌិត​ថ្មី​របស់​រថយន្ត Ford Explorer 2012

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ រថយន្ត Ford Explorer ២០១២ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ធ្វើ​ការ​កែច្នៃ​ថ្មី​ទាំង​ស្រុង និង​បំពាក់​បន្ថែម​នូវ​បច្ចេក​វិទ្យា​ទំនើប​ចុង​ក្រោយ បាន​និង​កំពុង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​។
    រថយន្ត​ដែល​មើល​ទៅ​សឹង​តែ​ល្អ​ឥតខ្ចោះ​មួយ​នេះ ត្រូវ​បាន​អ្នក​បច្ចេក​ទេស​រថយន្ត​ឲ្យ​ដឹង​ថា រថយន្ត Ford Explorer ត្រូវ​បាន​រចនា​រូប​រាង​ថ្មី​ទាំង​ស្រុង​ទាំង​ក្នុង និង​ខាង​ក្រៅ​រថយន្ត ដោយ​ធ្វើ​ការ​បំពាក់​នូវ​​បរិក្ខារ​ដែល​ជា​បច្ចេក​វិទ្យា​ទំនើប​ៗ​ដើម្បី​ សុវត្ថិភាព និង​សុខុមាលភាព​អ្នក​បើក​បរ និង​អ្នក​ធ្វើ​ដំណើរ​។
    ជាមួយ​នឹង​កំណែ​ទម្រង់​ថ្មី​ទាំង​ស្រុង​បែប​នេះ តើ​រថយន្ត Ford Explorer មាន​លក្ខណៈ​ពិសេស​បែប​ណា​? ហើយ​អ្វី​ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​មាន​ទំនុក​ចិត្ត​របស់​Ford Explorer សម្រាប់​អតិថិជន​របស់​ខ្លួន​?
    អ្នក​ឯក​ទេស​រថយន្ត Ford Explorer បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​គំនិត​នៅ​ក្នុង​ការ​ច្នៃ​ប្រឌិត​រូប​រាង​ខាង​ក្រៅ​ដ៏​ស្រស់​សង្ហា​ អ្នក​ឯកទេស​បាន​គិត​អំពី​ការ​បំពាក់​ប្រព័ន្ធ​អេឡិច​ត្រូនិក​ដ៏​ទំនើប​នៅ​ ក្នុង​ផ្ទៃ​ខាង​ក្នុង​ ដោយ​រួម​ទាំង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គ្រប់​ទីកន្លែង​ទាំង​ក្នុង និង​ក្រៅ​រថយន្ត​។
    លោក David Simpson នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា លក្ខណៈ​ពិសេស​របស់​ Ford Explorer រួម​មាន ពោង​សុវត្ថិភាព​នៅ​ក្នុង​ខ្សែ​ក្រវាត់​សម្រាប់​កៅអី​ជួរ​ទី​២។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ Ford បាន​ផលិត​ពោង​សុវត្ថិភាព​បែប​នេះ​ដែល​ជា​ចំណុច​ពិសេស​លើស​គេ​។ ពោង​សុវត្ថិភាព​មិន​ធ្លាប់​មាន​នេះ​អាច​ការពារ​ក្បាល ទ្រូង និង​ក អ្នក​អង្គុយ​ខាង​ក្រោយ​មិន​ឲ្យ​រង​របួស​នៅ​ពេល​ជួប​នឹង​គ្រោះ​ថ្នាក់​។ ប្រព័ន្ធ​ថយ​ចត​រថ​យន្ត​នៅ​ក្នុង​ប្រអប់​ដោយ​ស្វ័យ​ប្រវត្តិ​ Ford Explorer មាន​ន័យ​ថា លោក​អ្នក​គ្រាន់​តែ​ចុច​ទៅ​លើ​កន្លែង​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្តិ​ នោះ​រថយន្ត​ប្រភេទ​នេះ នឹង​ស្វែង​រក​កន្លែង​ចូល​ចត​ខ្លួន​ឯង​ដោយ​សុវត្ថិភាព។
    ប្រព័ន្ធ SYNC និង Ford Touch គឺ​លោក​អ្នក​អាច​ប្រើ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង ឬ​ក៏​អាច​ Touch នៅ​លើ​ប្រព័ន្ធ​អេក្រង់​ LCD ដើម្បី​បញ្ជា​ទៅ​លើ​ផ្នែក​ជា​ច្រើន​នៃ​រថយន្ត។
    វិស្វករ​ផ្នែក​រថយន្ត​រូប​នេះ​បាន​បន្ត​ថា Ford Explorer មាន​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​នៅ​ពេល​បើក​បរ​ផ្លូវ​កោង​ និង​ការពារ​ក្រឡាប់​។ ប្រព័ន្ធ​នេះ​ទោះ​បី​ជា​លោក​អ្នក​បើក​បរ​ក្នុង​ល្បឿនលឿន​នៅ​ត្រង់​ចំណុច​ ផ្លូវ​កោង​ខ្លាំង​ តែ​ Ford Explorer នឹង​មាន​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​ផ្អៀង ឬ​ទេរ​ទៅ​ម្ខាង​ដូច​រថយន្ត​ធម្មតា​នោះ​ទេ​។ ប្រព័ន្ធ​បញ្ជា​បញ្ចេះ​រថយន្ត​ពី​ចម្ងាយ​ដើម្បី​បន្ថយ​កំដៅ​មុន​ពេល​ធ្វើ​ ដំណើរ រថយន្ត​ធម្មតា​ទាល់​តែ​លោក​អ្នក​ចូល​ក្នុង​ទើប​បញ្ឆេះ​វា​ ពេល​នោះ​លោក​អ្នក​បែក​ញើស​ពេញ​ខ្លួន​បាត់​ទៅ​ហើយ តែ​សម្រាប់ Ford Explorer អ្នក​អាច​បញ្ឆេះ​ពី​ចម្ងាយ​ នោះ​មុន​ពេល​អ្នក​ឡើង​រថយន្ត​កំដៅ​ត្រូវ​បាន​បន្ថយ​១០០​ភាគរយ ។
    អ្នក​ឯកទេស​រថយន្ត​ផ្នែក​អភិវឌ្ឍន៍​ការ​ផលិត​លោក Derrick Kuzak បាន​និយាយ​ថា Ford Explorer មាន​ប្រព័ន្ធ​ផ្តល់​សញ្ញា​ស្ថានភាព​ជុំវិញ​រថយន្ត​ក្នុង​ពេល​បើកបរ​ មាន​ន័យ​ថា រថយន្ត​នោះ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​នៅ​ជុំវិញ​ដូច​ជា​ប្រព័ន្ធ កាមេរ៉ា​ជា​ដើម ដើម្បី​ផ្តល់​សញ្ញា​ពី​ស្ថានភាព​ផ្លូវ​ដូចជា​ចង្អៀត​ពេក ឬ​ក៏​រថយន្ត​កៀក​នឹង​របស់​អ្វី​មួយ​ខ្លាំង​ពេក​ដែល​សញ្ញា​នោះ​នឹង​អាច​ឲ្យ ​អ្នក​បើកបរ​មាន​ការ​ប្រុងប្រយ័ត្ន​ជា​មុន​។ ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​លើ​៤​ស្ថានភាព​ផ្លូវ​ ដែល​ក្នុង​នោះ​មាន​ការ​បើក​ចុះ​ចំណោត​ដោយ​ស្វ័យ​ប្រវត្តិ ការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​រអិល ការ​បើក​បរ​លើ​ស្ថានភាព​ផ្លូវ​ដី​ខ្សាច់ និង​ការ​បើកបរ​លើ​ស្ថាន​ភាព​ដី​ភក់​។ ក្រៅ​ពី​នោះ Ford Explorer មាន​ប្រព័ន្ធ Wifi ដែល​អាច​ឲ្យ​លោក​អ្នក​ប្រើ​អ៊ីនធឺណិត​បាន​នៅ​ពេល​ធ្វើ​ដំណើរ ​ជាមួយ​នឹង​ការ​បំពាក់​ដោយ​ម៉ាស៊ីន​បញ្ចាំង DVD ចំនួន​ពីរ​អាច​ស្តាប់​ដោយ​កាស Blue​tooth និង​មាន​ធុង​បាស់​ម៉ាក Sony ចំនួន​១២​គ្រាប់​ទៀត​ផង​។
    អ្នក​បច្ចេក​ទេស​រថយន្ត​បាន​បន្ថែម​ថា ក្រៅ​ពី​នោះ Ford Explorer 2012 នៅ​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​ទៀត​ដូច​ជា Ford Explorer ជា​រថយន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​ហើយ​ស៊ី​ប្រេង​តិច កៅអី​នៅ​ជួរ​ទី​៣​របស់​រថយន្ត​នេះ អាច​បត់​បាន​ជា​ផ្ទៃ​រាប​ស្មើ​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​ ភ្លើង​នៅ​ក្នុង​រថយន្ត​ផ្តល់​នូវ​ភាព​ស្រទន់​ដែល​អាច​ផ្លាស់​ប្តូរ​បាន​ ចំនួន​៧​ពណ៌​។ ទ្វារ​ក្រោយ​នៃ​រថយន្ត​អាច​បិទបើក​ដោយ​ប៊ូតុង​បញ្ជា ប្រព័ន្ធ​កាមេរ៉ា​ស្វ័យ​ប្រវត្តិ ប្រព័ន្ធ​ផ្តល់​សញ្ញា​ពី​សម្ពាធ​ខ្យល់ និង​មាន​ប្រព័ន្ធ​លេខ​សម្ងាត់​ជាដើម​។
    ដើម្បី​ជ្រាប​ច្បាស់ និង​ទទួល​បាន​ព័ត៌មាន​កាន់​តែ​លម្អិត​អំពី​រថយន្ត Ford Explorer ស៊េរី​ឆ្នាំ​២០១២​នេះ លោក​អ្នក​អាច​សាក​សួរ​បន្ថែម​នៅ​គ្រប់​សាខា​តាំង​បង្ហាញ​រថយន្ត Ford (Showroom) ទាំង​២​ទី​តាំង​នៅ​ភ្នំពេញ និង​មួយ​ទីតាំង​នៅ​ខេត្ត​សៀមរាប៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.