ក្រុមហ៊ុន Eastman Kodak ដែលបានដាក់ពាក្យសុំការការពារក្ស័យធនកាលពីខែមករាកន្លងទៅថ្មីៗនេះបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនយល់ព្រមលក់ជំនួញសេវាកម្មរូបថតOnline Gallery ឲ្យក្រុមហ៊ុន Shutterfly ក្នុងតម្លៃ ២៣,៨លានដុល្លារអាមេរិកហើយ។ នេះដោយយោងតាមគេហទំព័រ bangkokpost ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ។
Kodakបានឲ្យដឹងថាគណនេយ្យ Kodak Gallery និងរូបភាពនៅប្រទេសកាណាដានិងសហរដ្ឋអាមេរិកទាំងអស់នឹងត្រូវផ្ទេរទៅឲ្យ Shutterfly ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់អាចរក្សាទុក និងចែករំលែករូបភាពរបស់ខ្លួននៅលើអ៊ីនធឺណិតបាន។ ចំណែកអ្នកប្រើប្រាស់ទាំងឡាយណាដែលមិនចង់ឲ្យរូបរបស់ពួកគេផ្ទេរចូលទៅ Shutterfly នោះពួកគេអាចទាញយករូបទាំងនោះដោយឥតគិតថ្លៃទុកក្នុងកុំព្យូទ័រ ឬDVD បាន។
យោងតាមក្រុមហ៊ុន Kodak បានឲ្យដឹងថារហូតមកទល់ពេលនេះ Kodak Gallery មានចំនួនអ្នកចុះឈ្មោះប្រើប្រាស់សរុប ៧៥លាននាក់ ហើយក្រុមហ៊ុននឹងដាក់ពាក្យសុំការអនុញ្ញាតលក់សេវាកម្មនេះទៅតុលាការការពារការក្ស័យធនអាមេរិកនៅចុងខែមិនាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែមុនក្រុមហ៊ុន Eastman Kodak បានប្រកាសបញ្ឈប់ការផលិតកាមេរ៉ាឌីជីថលដើម្បីផ្ដោតទៅលើផលិតផលបោះពុម្ព(printing products) វិញ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.