ពិធីសម្ពោធ ជាផ្លូវការ នៃពាណិជ្ជសញ្ញា បញ្ជាក់ពីប្រភពដើម ផលិតផល សម្រាប់ផលិតផល សិប្បកម្ម ក្នុងស្រុក

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • សៀមរាបៈ ពាណិជ្ជសញ្ញា បញ្ជាក់ពីប្រភពដើម ផលិតផល សម្រាប់ផលិតផល សិប្បកម្ម ក្នុងស្រុក ត្រូវបានដាក់សម្ពោធ ជាផ្លូវការហើយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ នៅ សួនច្បារ មុខព្រះរាជដំណាក់ ខេត្តសៀមរាប ។ ដោយកិច្ចខិតខំប្រឹងប្រែង របស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិអាឡឺម៉ង់ (GIZ) តាមរយ:កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវាត់ ប៉ៃតង សៀមរាប (RED-Green Belt-SR) ដែលបានឧបត្ថម្ភគាំទ្រ ទាំងថវិកា បច្ចេកទេស និងការរៀបចំ នូវពិធីសម្ពោធ និងផ្សព្វផ្សាយក្នុងថ្ងៃនេះផងដែរ ។
    ពិធីនេះ មានការចូលរួម ក្រោមអធិបតីភាព លោក ស៊ូ ភិរិន្ទ អភិបាល នៃគណ:អភិបាល ខេត្តសៀមរាប លោក អ៊ុក សូមេត្ថ អគ្គនាយករង អាជ្ញាធរអប្សរា និងជាអ្នកសម្របសម្រួល កម្មវិធីសេដ្ឋកិច្ច តំបន់ក្រវាត់ប៉ៃតង សៀមរាប និងលោក ម៉ាទីន អ៊ដ (Martin Orth) ព្រម ទាំងមានការចូលរួម ពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ អាជ្ញាធរ អង្គការជាតិ / អន្តរជាតិ អាជីវករ សិប្បករ និងប្រជាពលរដ្ឋ ជាច្រើនរូប ។ ពិធីនេះ មានការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ ចំនួនពីរ-បីថ្ងៃ ដែលមានស្ដង់ជាង ៥០ ស្តង់ផងដែរ។
    លោកតំណាង សមាគមសិប្បកម្មអង្គរ (Angkor Handicraft Association) ថ្លែងថា សមាគម បានខិតខំ ក្នុងការចូលរួមចំណែក លើកកម្ពស់ផលិតផល សិប្បកម្មខ្មែរ ស្នាដៃសិល្ប:ខ្មែរ ហើយផលិតផល សិប្បកម្មមានបោះត្រា ស្លាកសញ្ញាសម្គាល់ ដូចជា សិប្បកម្មប្រាក់ ចំណាក់សំរិទ្ធ សិល្ប:ថ្ម ផលិតផលឬស្សី រួមទាំងវត្ថុអនុស្សាវរីយ៍ ធ្វើពីសរសៃសូត្រ កំប្លោក និងវាយនភណ្ឌមួយចំនួនទៀតផងដែរ ។ ហើយយើងត្រូវសម្គាល់ នូវស្លាកសញ្ញាឲ្យបានច្បាស់ ដែលបានបោះ នៅលើមុខទំនិញរបស់យើង ព្រោះយើងបានទទួល ច្បាប់អនុញ្ញាត និងចុះបញ្ជីជាផ្លូវការ តាមច្បាប់រួចរាល់ហើយ ជាមួយស្ថាប័នរដ្ឋាភិបាល សម្រាប់ផលិតផលសិប្បកម្ម ដែលជាកិច្ចការរួមជាមួយ អារ៍ទីសាន្ស (Artisans) នៅខេត្តសៀមរាប ។
    លោក ម៉ាទីន អ៊ដ ប្រធានកម្មវិធី អភិវឌ្ឍសេដ្ឋកិច្ច តំបន់បៃតងក្រវ៉ាត់សៀមរាប បានមាន ប្រសាសន៍ថា រដ្ឋាភិបាលអាឡឺម៉ង និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ (GIZ)  មានមោទនភាព ក្នុងការគាំទ្រ ចំពោះ រដ្ឋបាលសាលាខេត្ត និងប្រជាជននៃខេត្តសៀមរាប ដែលបានរួមគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយ នូវភាពក្រីក្រ ។ តាំងពីឆ្នាំ ២០០៧ យើងមានកម្មវិធីអភិវឌ្ឍ តំបន់ក្រវាត់ប៉ៃតង ដោយបំពេញកិច្ចការរួមគ្នា ជាមួយដៃគូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុកគោលដៅ ដើម្បីពង្រីកនូវផលិតផល កសិកម្ម ហើយធ្វើឲ្យបានប្រសើរឡើង ចំពោះស្ថាប័ន នៅតាម មូលដ្ឋាន និងរាល់ភ្នាក់ងារ ផ្ដល់សេវាកម្មសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ។
    រាល់កិច្ចខិតខំប្រឹងប្រែង របស់យើងកន្លងមក បានទទួលផ្លែផ្កា គួរជាទីពេញចិត្ត គឺ ការនាំ ផលិតផល បន្លែបង្ការទៅទីផ្សារ មានការទ្វេឡើង ហើយសម្រាប់ផលិតផលអង្គរ មានការ កើនឡើង ទាំងបរិមាណ និងគុណភាព ធ្វើឲ្យគ្រួសារកសិករ នៅតាមជនបទរាប់ពាន់គ្រួសារ មានចំណូលកើនឡើង។ ស្ថាប័នតាមមូលដ្ឋាន និងសេវាកម្មនានា មានភាពប្រសើរ និង សកម្មជាងមុន ក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ នៅតាមស្រុក មួយចំនួន នៃខេត្តសៀមរាប ។ ហើយជាបន្តបន្ទាប់ ប្រជាពលរដ្ឋ តាមជនបទ បានទទួល ប្រយោជន៍ ពីកម្មវិធី និងរួមចំណែក នូវការរីកចម្រើនលូតលាស់ខាងវិស័យឧស្សាហកម្ម ទេសចរ នៅក្រុងសៀមរាបផងដែរ ។ យើងបានអបអរសាទរ ចំពោះ ផលិតផល ដែលមាន បោះស្លាកសញ្ញា ត្រឹមត្រូវតាមផ្លូវច្បាប់ សម្រាប់ផលិតផល សិប្បកម្មក្នុងតំបន់ធ្វើដោយដៃ ព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យនេះ គឺដើម្បីបន្តការអភិវឌ្ឍ នូវវិស័យសិប្បកម្ម ព្រោះ ផលិតផលសិប្បកម្ម បានដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស សម្រាប់ ប្រភពចំណូលរបស់គ្រួសារក្រីក្រ តាមជនបទ ។
    លោក អ៊ុក សូមេត្ថ បានមានប្រសាសន៍ថា គម្រោងបែបនេះ មានការភ្ញាក់ផ្អើលជាច្រើន មិន ត្រឹមតែស្រុកខ្មែរយើងនោះទេ នៅបរទេសក៏មានដែរ ហើយមានដៃគូជាច្រើនទៀត ចង់ ប្រលូក ក្នុងការគាំទ្រគម្រោងនេះតទៅទៀត ដូច្នេះយើងអាចនឹងសន្មតថា គម្រោងនេះមានការល្អប្រសើរបំផុត ក្នុងការនាំប្រជាជនយើង មិនមែនត្រឹមតែនាំឲ្យមានការចេះដឹង និងមាន ថវិកាចូលគ្រួសារទេ គឺឲ្យចេះរៀបចំ និងគ្រប់គ្រងគម្រោងខ្លូនឯង ទៅថ្ងៃអនាគត នេះហើយ ជាទ្រឹស្ដីមួយ របស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់ក្រវាត់ប៉ៃតងសៀមរាប មិនដូច គម្រោង មួយចំនួន គេយកគម្រោង ឬ ជំនួយមកឲ្យនោះទេ ។ យើងសង្ឃឹមថា សម្រាប់គម្រោងនេះ ពេលដែលគម្រោងអាឡឺម៉ង ដកចេញទៅវិញ យើងមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្ត គម្រោងតទៅទៀត ប្រកបដោយចេរភាព ។
    លោកបានបញ្ជាក់ថា ហេតុអ្វី បានជាពេលនេះ ដាក់ពាណិជ្ជសញ្ញា ព្រោះជាបុព្ធហេតុខ្មែរ យើង មានកេរ្តិ៍ឈ្មោះច្រើនណាស់ ទាំងប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី សិលាចរិក ភាសា អក្សរ គំនូរ ជំនឿ សាសនា សិល្ប: ល្ខោនស្បែក និងសម្បត្តិធម្មជាតិ ដ៏មានតម្លៃជាច្រើនទៀត។ ទាំងនេះជាវប្បធម៌ខ្មែរ ហើយយើងក៏មានការប្រកូតប្រជែង និងបង្ហាញនូវស្មាដៃ ក៏ដូចជាគុណភាព និងជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរយើង រក្សាទុកឲ្យ ។ ហើយយើងរួមគ្នា បញ្ជាក់ប្រាប់បរទេសឲ្យដឹងថា រាល់ផលិតផលទាំងនេះចេញពីដូងចិត្ត និងជាផលិតដោយ ខ្លួនឯងជាខ្មែរ ដែលមានវប្បធម៌ខ្ពង់ខ្ពស់ ហើយខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងខ្លាំងថា និមិត្តសញ្ញានេះ នឹងធ្វើឲ្យយើងមានលទ្ធភាពនៅទីផ្សារ ហើយទេសចរណ៍ មានភាពកើនឡើង រួចពួកគេនឹងមានក្ដីសោមនស្ស ដោយបាននាំទៅស្រុកគេវិញ នូវវត្ថុអនុស្សាវរីយ៍ ដែល ច្បាស់លាស់ធ្វើពីស្នាដៃខ្មែរ ដូច្នេះ យើងជាខ្មែរ ត្រូវនាំគ្នាគាំទ្រផលិតផលខ្មែរ ព្រោះវារួម ចំណែក លើកកម្ពស់ជីវភាពប្រជាជន និងមុខមាត់ប្រទេសជាតិ ។
    លោកអភិបាលខេត្ត បានថ្លែងថា នេះជាព្រឹត្តការណ៍ថ្មីមួយ ក្នុងគោលបំណងបញ្ជាក់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដោយផលិតផល សិប្បកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុក ត្រូវបានលើក កម្ពស់ ការពារ និងជំរុញ ដើម្បីប្រកួតប្រជែង លើទីផ្សារ ហើយវាក៏ជាវិធានការ ទប់ស្តាត់នូវទំនិញដែលគ្មានប្រភព និងនាំចូលពីក្រៅប្រទេស មកលក់ដូរតាមទីផ្សារ ក្នុងខេត្តសៀមរាប និងបញ្ជាក់បង្ហាញ ឲ្យអតិថិជនមានទំនុកចិត្ត។
    លោកបានបន្តថា យើងបានចូលរួមអនុវត្ត តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ ពិសេសការផ្សារភ្ជាប់ វិស័យទេសចរណ៍ ទៅនឹងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ហើយដោយផ្អែកតាមកិច្ចព្រមព្រៀង រវាងរាជ រដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ នៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ក្រវាត់ ប៉ៃតងសៀមរាប ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ជីវភាព ពលរដ្ឋក្រីក្រតាមជនបទ ក្នុងការទទួលផលប្រយោជន៍ ពីតម្លៃបន្ថែម ដែលកើតមាននៅលើទីផ្សារនានា ក្នុងខេត្តសៀមរាប។
    កម្មវិធីនេះអនុវត្តដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ និងមានការសម្រប សម្រួល ដោយអាជ្ញាធរមូលដ្ឋាន ខេត្តសៀមរាប ដំណាក់កាលទី១ ចាប់ពី២០០៧ និងដំណាក់កាលទី២ ឆ្នាំ២០១១ ដល់ ២០១៣ ។ ហើយកន្លងទៅ មានភ្ញៀវទេសចរ ជាច្រើន បានទិញវត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្ម ដែលតាមការប៉ាន់ប្រមាណ ភ្ញៀវទេសចរ បានចំណាយថវិកា ប្រមាណ ៧០ លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់ទិញ វត្ថុអនុស្សាវរីយ៍ ផលិតផលសិប្បកម្មទាំងនោះ ភ្ញៀវចូលចិត្តទិញទំនិញដែលមានប្រភពដើម ផលិតនៅក្នុងស្រុក ជាស្នាដៃរបស់ខ្មែរយើង ។ លោកបានអំពាវនាវ ដល់សិប្បករទាំងឡាយ ចូលរួមសហការគាំទ្រ ព្រមទាំងប្រើប្រាស់ ស្លាកសញ្ញាសម្គាល់ប្រភពដើម ដើម្បីលើក កម្ពស់ស្នាដៃ រក្សាបាននូវតម្លៃវប្បធម៌ គុណភាព និងរួមចំណែកគាំទ្រ វិស័យសិប្បកម្ម ឲ្យ ទទួលបានលទ្ធផលល្អប្រសើរ ជាផលប្រយោជន៍ របស់ប្រជាជន និងប្រទេសកម្ពុជា ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.