ចេកអាំងជាអាហារ ដែលមានលក់ មិនថានៅទីក្រុងឬទីជនបទទេ។ ចេកអាំងជាអាហារដែលងាយធ្វើ គឺយកចេកដែលជិតទុំ មកអាំងតែម្ដងជាការស្រេច។ ចេកអាំងនៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនសាមញ្ញទូទៅ។
អ្នកលក់ចេកអាំង នៅពេជ្រនិលបាននិយាយថា ចេកអាំងរបស់គាត់លក់ដាច់ហូរហែរ។ អ្នកលក់រូបនេះបញ្ជាក់ថា មួយថ្ងៃអាចលក់បាន១០០ចង្កាក់ឯណោះ។ អ្នកលក់រូបនេះ បានប្រាប់ Sabay ថា “អ្នកទិញចេកអាំងភាគច្រើនគឺជាអ្នកដំណើរ ព្រោះមានរស់ជាតិឆ្ងាញ់ អាចហូបឆ្អែត និងមានតម្លៃថោក…មួយចង្កាក់លក់ក្នុងតម្លៃតែ៥០០រៀលប៉ុណ្ណោះ”។
សុភ័ក្ត្រ អ្នកចូលចិត្ត និងជាអ្នកទិញម្នាក់ បានឲ្យដឹងថា រូបគេចូលចិត្តហូបចេកអាំង ពីព្រោះថាឆ្ងាញ់ និងមានតម្លៃថោក ហើយអាចរកទិញនៅទីណាក៏បាន។ “ឆ្ងាញ់ ហើយថោក…ទីណាក៏មានលក់ដែរ”។
រតនា បន្ទាប់ពីបានចុះពីរថយន្តឈ្នួល ដើរសំដៅទៅទិញចេកអាំង នៅផ្លូវជាតិលេខ៤ បាននិយាយថា “…ទិញចេកអាំងញ៉ាំ ព្រោះចាស់ៗបានប្រាប់ថា ញ៉ាំចេកជួយដល់ក្រពះផង និងពោះវៀនផង”។
យូរៗទៅជាទំលាប់ទៅហើយដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ តែងឈប់ទិញចេកអាំង។ លោក សំ ភារុណ អ្នកបើកតាក់ស៊ី បាននិយាយថា ជាទម្លាប់របស់លោកទៅហើយ ក្នុង១ថ្ងៃអ្នករត់តាក់ស៊ីរូបនេះ ហូបអស់៤ចង្កាក់ ក្រោយហូបបាយព្រឹករួច និងថ្ងៃ។ លោក បានអះអាងដូច្នេះថា ”មិនដឹងរកអីហូបក្រៅពីចេកអាំងទេ ឆ្ងាញ់ហើយថោកទៀត …ធ្លាប់ហូបតាំងពីក្មេងមកហើយ”។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.