ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្ទាប់ពីគាស់ផ្ទះគេលួចយកទ្រព្យសម្បត្តិបានហើយព្យាយាមគេចខ្លួនបាន៥ថ្ងៃត្រូវម្ចាស់តាមរកឃើញបាញ់ធ្លាយជើងទើបចាប់ប្រគល់ឲ្យប៉ូលិសចាត់ការទៅតាមផ្លូវច្បាប់។
ហេតុការណ៍នេះបាញ់ឲ្យរបួសចាប់ជនសង្ស័យម្នាក់បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១២ នៅចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនសង្ស័យរូបនោះឈ្មោះ អ៊ុំ ណារ៉ុង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរស៊ីឈ្នួលបើកបរស្នាក់នៅផ្ទះលេខ១៨៥ ផ្លូវ២១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានរបួសធ្លាយប្រអប់ជើងខាងស្ដាំ។
ជនរងគ្រោះឈ្មោះ នូ សុភ័ក្ដ្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ១៦១Eo ផ្លូវលេខ៦៣ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ត្រូវចោរគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិបាត់បង់ទូរស័ព្ទដៃ២គ្រឿង និង វិទ្យុទាក់ទងមួយគ្រឿង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១២នេះជនរងគ្រោះបានមកប្ដឹងថាមានចោរចូលកាត់របងសំណាញ់ ផ្នែកខាងក្រោយផ្ទះគាត់ចូលលួចយកទូរស័ព្ទ២គ្រឿង និង IDមួយគ្រឿង។ លុះដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១២ វេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រជនរងគ្រោះបានទទួលព័ត៌មានថា មានគេចង់លក់ID នៅផ្លូវលេខ៦៣ ពេលនោះជនរងគ្រោះទៅដល់ឃើញជនសង្ស័យជាមុខសញ្ញាដែលលួចទ្រព្យសម្បត្តិរបស់គាត់។ ខណៈនោះជនសង្ស័យឃើញជនរងគ្រោះក៏បានព្យាយាមគេ តែត្រូវជនរងគ្រោះដេញតាមពីក្រោយព្រមទាំងដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ឡើងលើមួយគ្រាប់។ ពេលនោះជនល្មើសក៏បានស្រែកឲ្យបក្ខពួកគេ២នាក់ទៀតមកជួយ។ រួចជនល្មើសក៏បាញ់មួយគ្រាប់ទៀតចំប្រអប់ជើងជនល្មើសរូបនោះបណ្ដាលឲ្យដួលនៅនឹងកន្លែង។ ចំណែកបក្ខពួក២នាក់ទៀតពេលឃើញមិត្តភក្ដិត្រូវជនរងគ្រោះបាញ់របួសរួចមកក៏បានរត់គេចបាត់អស់។ បន្ទាប់មកជនរងគ្រោះក៏ចាប់ឃាត់ខ្លួនជនល្មើសដឹកតាមឡានយកប្រគល់ជូនប៉ូលិសប៉ុស្ដិ៍ចតុមុខខណ្ឌដូនពេញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ផងដែរ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.