យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ថា កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃទី១០ មករា ពីការលើកលែងទោសឱ្យដល់ពួកអ្នកទោសក្នុងចំនួនមិនទាន់ដឹងនៅឡើយ ខណៈជិតដល់បុណ្យខួបកំណើតរបស់មេដឹកនាំ២រូបដែលទទួលមរណភាពបាត់។ ក្រិត្យមួយរបស់សភាបានកំណត់យកថ្ងៃទី១ កុម្ភៈ សម្រាប់ការលើកលែងទោសនោះស្របតាមនយោបាយប្រោសប្រណីរបស់លោកគីម អ៊ីលស៊ុង(១៩១២-១៩៩៤) និងកូនប្រុសលោកគីម ជុងអ៊ីល(១៩៤២-២០១១)។
ក្រិត្យនេះគូសបញ្ជាក់ថា ការលើកលែងទោសនោះនឹងផ្តល់ឱ្យបណ្តាអ្នកទោស តែពុំបញ្ជាក់ពីចំនួនមនុស្ស ឬក៏បទឧក្រិដ្ឋដែលពួកគេប្រព្រឹត្តឡើយ។ បណ្តាអង្គការការពារសិទ្ធិមនុស្សវាយតម្លៃថា បុរស នារី និងកុមារប្រមាណជា២០០.០០០នាក់ជាប់ឃុំឃាំងក្នុងបណ្តាពន្ធនាគារ និងជំរំការងារកែប្រែខ្លួននៅកូរ៉េខាងជើង ពិសេសពួកអ្នកជាប់ចោទខាងនយោបាយ។
ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធធ្វើនាថ្ងៃទី១៥ មេសា ខាងមុខនេះនូវបុណ្យខួបកំណើតលើកទី១០០របស់លោកគីម អ៊ីលស៊ុង ស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បន្ទាប់ពីសង្គ្រាមកូរ៉េ(១៩៥០-១៩៥៣)។ ចំណែកលោកគីម ជុងអ៊ីល ដែលទទួលមរណភាពកាលពីថ្ងៃទី១៧ ធ្នូ កន្លងមកនេះដោយសារ គាំងបេះដូងមានអាយុគម្រប់៧០ឆ្នាំនាថ្ងៃទី១៦ កុម្ភៈ ខាងមុខនេះ។
យោងតាម KCNA ថា ក្នុងឆ្នាំ២០១២នេះកូរ៉េខាងជើងនឹងប្រារព្ធធ្វើបុណ្យខួបកំណើតទី១០០របស់លោកគីម អ៊ីលស៊ុង និងបុណ្យខួបកំណើតទី៧០របស់លោកគីម ជុងអ៊ីល ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.