ប្រទេសវៀតណាមពង្រឹងទីផ្សារ​ក្នុងស្រុក​ដើម្បី​កាត់​បន្ថយអតិ​ផរណា

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • រដ្ឋាភិបាល​ប្រទេសវៀត​ណាមនៅ​ថ្ងៃចន្ទ ទី​៩ មករា បាន​បង្ហាញនូវ​​ចក្ខុវិស័យ​​ទៅ​​លើវិស័យ​​ពាណិជ្ជ​កម្ម និងឧស្សាហ​កម្ម ដើម្បីធ្វើ​ការ​​បំពេញ​​តម្រូវ​​ការ​ក្នុង​​ស្រុក ព្រោះជា​ផ្លូវតែ​មួយគត់​ក្នុង​​ការកាត់​បន្ថយ​អតិផរណា​ក្នុងឆ្នាំ២០១២ នេះ​។ លោកស្រីHo Thi Kim Thoa អនុរដ្ឋមន្ត្រី​​ក្រសួង​​​ពាណិជ្ជកម្ម និងឧស្សាហ​កម្ម ថ្លែង​ថា​ ពេល​តម្រូវ​​ការក្នុងស្រុក​ត្រូវបានគ្រប់​គ្រង វានឹង​មាន​ភាព​ងាយស្រួល​ដើម្បីគ្រប់គ្រង​​តម្លៃ។
    យោង​តាម​លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជ​កម្ម​​វៀតណាម​ បណ្តា​​ឧស្សាហ​កម្ម និងក្រុមហ៊ុន​​នានា​ ត្រូវតែ​​​​​បង្កើន​​សមត្ថភាព​ដើម្បី​បំពេញ​​តាម​​តម្រូវ​ការ​​ជា​មូល​ដ្ឋាន​​ចាំបាច់ ហើយ​បញ្ចៀស​ការ​កេង​​កម្រៃ​ និងការប្រែ​ប្រួលលើការ​​បំប៉ោង​តម្លៃ​​ហួស​​​ហេតុ។ លោកស្រី Kim Thoa ធានាលើ​សមត្ថភាព​របស់​​ក្រសួងលោក​ស្រី ក្នុងការបំពេញ​តម្រូវ​ការ​ផលិត​ផល​​ក្នុងស្រុកសម្រាប់​ទំនិញមូលដ្ឋាន ហើយ​ក៏​ផ្តល់​កម្លាំងលើក​ទឹក​ចិត្តលើ​ការ​​នាំ​ចេញ ដើម្បីកាត់​បន្ថយ​ឱន​ភាព​ពាណិជ្ជ​កម្ម។
    លោកស្រី​ក៏អំពាវ​នាវឲ្យមានគោល​នយោ​បាយ​រដ្ឋាភិបាល​ក្នុង​ការ​ជួយគាំទ្រ​ទីផ្សារក្នុងស្រុក ដែលនាំ​ផល​​​ប្រយោជន៍ដល់​ការធ្វើឲ្យ​មាន​​ស្ថិរភាពនៃ​អត្រា​​ផ្លាស់ប្តូររូបិយ​វត្ថុ ដែល​បង្កើត​ឡើង​​ដោយ​ធនា​គា​រ​​រដ្ឋវៀតណាម។ អតិផរណាកើន​ឡើងក្នុងរយៈ​៧ខែដំបូង​នៃ​ឆ្នាំ​២០១១ ដោយសា​រតម្លៃកើនឡើង​នៃអង្ករ និង​​ស្បៀងមូល​ដ្ឋានផ្សេងៗ ហើយនៅ​​ឆ្នាំ​២០១១​ផ្សារ​ហ៊ុនមានអត្រា​១៨,៥៨ភាគរយ។
    លោក​Nguyen Tien Thoa ប្រធាន​នាយក​ដ្ឋានគ្រប់គ្រង​តម្លៃនៃក្រសួង​ហិរញ្ញវត្ថុកត់ សម្គាល់ថា ទិសដៅ​នេះកើតឡើង​​ដោយ​សារ​ការធ្លាក់ចុះទាប​ចំពោះការ​ប្រកួត​ប្រជែង​នៃ​សេដ្ឋ កិច្ចជាតិ និងគោល​នយោបាយឥណ​ទាន​ដែល​គ្មាន​ប្រសិទ្ធភាព។ សម្រាប់​ឆ្នាំ២០១២​នេះ រដ្ឋា​ភិបាល​ស្នើ​​កាត់​បន្ថយ​​អតិផរណា​ឱ្យ​​នៅក្រោម​១០​​ភាគរយ កំណើន​​សេដ្ឋកិច្ច​កើនឡើង​ឱ្យ​បាន​៦,៥​​ភាគរយ និង​កំណើន​​ការនាំចេញ​​ឱ្យ​បាន​​១៣​ភាគរយ៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.