ភ្នំពេញ៖ នៅក្នុងឆ្នាំថ្មីនេះ តារាទឹកភ្នែករូបស្រស់កញ្ញា នី មុន្នីនាថ ហាក់បីដូចជាត្រូវប៉ាន់ ក្នុងអាជីពជាតារាសម្តែង ដែលមានបណ្តាផលិតកម្មជាច្រើន បានទាក់ទង នាងឲ្យថតរឿងថ្មីជាបន្តបន្ទាប់ ប៉ុន្តែនាងបែរជាខកខាន មិនបានទទួលថតទៅវិញ ដោយសារតែនាងចង់បញ្ចប់ការងារ ដែលនៅសល់ ដើម្បីត្រៀមខ្លួនចេញទៅសម្តែង នៅប្រទេសបារាំង នាពាក់កណ្តាលខែមីនាខាងមុខនេះ ។
ជួបជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ នេះ នាងបានប្រាប់ថា បច្ចុប្បន្ននេះនាងរវល់ខ្លាំងណាស់ ព្រោះត្រូវសម្រុកថត បញ្ចប់រឿង ”គុកកម្មប្រចាំស្នេហ៍” ឲ្យស្ថានីយទូរទស្សន៍បាយ័ន ឲ្យចប់មុនពេលដែលនាងចេញទៅសម្តែង នៅប្រទេសបារាំងនៅពាក់កណ្តាល ខែមីនាខាងមុខនេះ ទើបមិនអាចទទួលថតរឿងថ្មីៗ ឲ្យផលិតកម្មដទៃទៀតបាន ។
បុប្ផារូបស្រស់ សំដីស្រទន់បង្កប់មន្តស្នេហ៍រូបនេះ បន្តទៀតថា ”តាមការពិតទៅក្នុងខែនេះ មានម្ចាស់ផលិតកម្ម ក៏ដូចជាស្ថានីយទូរទស្សន៍នានា បានទាក់ទងឲ្យនាង សម្តែងរឿង២ទៅ៣រឿងដែរ ប៉ុន្តែដោយសារតែខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីថតរឿងឲ្យពួកគេ ព្រោះខ្ញុំត្រូវចេញទៅសម្តែងដល់ទៅ២ខែឯណ្ណោះ អញ្ចឹងបើ ខ្ញុំទទួលថត ខ្លាចធ្វើឲ្យគេរង់ចាំយូរ ប៉ុន្តែនៅពេលដែលខ្ញុំត្រឡប់មក ពីសម្តែងនៅបារាំងវិញ នាងខ្ញុំនឹងចាប់ផ្តើមទទួលការងារ វិញជាធម្មតា” ។
មុន្នីនាថ បានប្រាប់ទៀតថា នៅក្នុងឆ្នាំថ្មីនេះ គឺនាងមានការងារច្រើនមែនទែន ទាំងការថតស្ពត,ថតរឿងជាលក្ខណៈអប់រំ, ធ្វើជាពិធីការិនី ថតចម្រៀង និងថតរឿងផ្សេងៗទៀត គ្មានពេលទំនេរសោះ ហើយនាងក៏មានការសោកស្តាយណាស់ ដែលខកខានមិនបានទទួលថតរឿងថ្មីនេះ ហើយអ្វីដែលជាចំណងដៃ ដែលនាងបន្សល់ទុក សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូននោះ គឺខ្សែភាពយន្តមួយរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន រឿង ”គុកកម្មប្រចាំស្នេហ៍” ដែលគ្រោង នឹងដាក់បញ្ជាំង នៅក្នុងពេលឆាប់ៗខាងមុខនេះ ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.