ខេត្តបន្ទាយមានជ័យ៖ សពពលករ ខ្មែរចំនួន៦ នាក់ដែល ស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ កាលពី៤ថ្ងៃមុន ត្រូវបានគេបញ្ជូន មកដល់កម្ពុជាហើយ កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១២ វេលាម៉ោង ៧យប់ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដើម្បីយកមកប្រគល់ ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី នៅស្រុកកំណើត រៀងៗខ្លួន។
ការបញ្ជូនសាកសពពលករខ្មែរទាំងនោះមកកម្ពុជា វិញគេសង្កេតឃើញមានការអន្តរាគមន៍ ពីសំណាក់មន្ត្រី ស្ថានទូត និង លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោក ផុន សុវណ្ណរឹទ្ធ អគ្គនាយកក្រុមហ៊ុន Right Natural Co..ltd និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបផងដែរ ក្រៅពីនេះនៅច្រកទា្វរអន្តរជាតិប៉ោយប៉ែត ក៏មានកងកម្លាំងប្រដាប់អាវុធរួមមាន នគរបាល អ ហ ជួយអន្តរាគមន៍និងធ្វើចរាចរណ៍ជូនផងដែរ។
សពពលករខ្មែរ ដែលគេបញ្ជូនមកកម្ពុជាកាលពីព្រលប់ម្សិលមិញមានចំនួន៦នាក់ ក្នុងនោះមានប្រុសម្នាក់ ត្រូវបានគេបញ្ជូនមកវិញតាមរយះរថយន្ត Mini Bus ចំនួន៦គ្រឿង ដោយឡែកជនរគ្រោះ របួសធ្ងន់មាន ចំនួន៤នាក់ជាមនុស្សស្រីទាំងអស់ បច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យពីយ៉ាមីន ខេត្តបាងណា ប្រទេសថៃ។
សពពលករខ្មែរប្រុសស្រីទាំង៦នាក់ គឺជាពលករស្របច្បាប់ព្រោះពួកគាត់ សុទ្ធតែមានលិខិតឆ្លងដែន គ្រប់ៗគ្នា ជាអ្នករស់នៅក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងម្នាក់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងនោះមានពលករម្នាក់ត្រូវបានមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឲ្យដឹងថាទៅ ធ្វើការតាមរយៈក្រុមហ៊ុនម៊ីយ៉ន តែក្រុមហ៊ុនមួយនេះ នៅពេលដែលដឹងថាពលកររបស់ខ្លួនស្លាប់មិនឃើញអើពើ និងចេញមុខមកដោះស្រាយឡើយ។
គួរបញ្ជាក់ថា ការបញ្ជូនសពពលករខ្មែរទាំង៦នាក់មកកម្ពុជាគេសង្កេតឃើញមានក្រុមហ៊ុនមួយឈ្មោះ Right Natural Co..ltd បានសហការណ៍ជាមួយខាងកុងស៊ុលចំណាយលើការដឹក ជញ្ជូនសពពីទឹកដីថៃមកកម្ពុជា។ ហើយការដឹកជញ្ជូនពីព្រំដែនទៅស្រុកកំណើតក្រុមហ៊ុននេះបានឧបត្ថម្ភដល់ក្រុមគ្រួសារសពម្នាក់ចំនួន១២.០០០ បាតផងដែរ បើទោះបីពលករទាំងនោះមិនមែនជាពលករទៅធ្វើការតាមរយះក្រុមហ៊ុនរបស់ខ្លួនក៏ដោយ លោក ផុន សុវណ្ណរឹទ្ធ បាននិយាយថា សកម្មភាពទាំងនេះលោកធ្វើឡើងក្នុងការងារមនុស្សធម៌ និងបញ្ជាក់ ពីទឹកចិត្ត ថាខ្មែរស្រលាញ់ ខ្មែរ។អំឡុង ពេលដែលក្រុមគ្រួសារសាច់ញាតិ សពកំពុងលើកសពដាក់ រថយន្តរៀងៗខ្លួន ដើម្បីនាំយកទៅស្រុកកំណើត ភ្លាមនោះស្រាប់តែមានភាគីខាងក្រុមហ៊ុនម៊ីយ៉ន បានលើកគ្នាចំនួន៤ទៅ៥ នាក់ខឹងសម្បារ មកច្រានទ្រូង និង ស្រែកជេរខ្លាំងៗដាក់ខាងក្រុមហ៊ុន Right Natural Co..ltd ទាំងកំរោល ដោយ ចោទប្រកាន់ថា ក្រុមហ៊ុន Right Natural Co..ltd បរិហារក្រុមហ៊ុនរបស់ខ្លួន ខណៈដែលក្រុមអ្នកសារព័ត៌មាន សួរទៅខាងក្រុមហ៊ុន Right Natural Co..ltd ថា ពលករដែលស្លាប់ទាំងនេះជាពលករទៅ ធ្វើកាតតាមរយៈ ក្រុមហ៊ុនណា? ដោយឃើញមានការឈ្លោះប្រកែកគ្នារវាងក្រុមហ៊ុនទាំងពីរ រហូតដល់តឹងសរសៃក រៀងៗខ្លួន លោក នេត្រ សេរីអគ្គកុងស៊ុលប្រចាំប្រទេសថៃ បានចេញមុខមកសម្របសម្រួល ឲ្យក្រុមហ៊ុន ទាំងពីរ ដោះស្រាយគ្នាតាមរយះស្ថានទូតវិញ ទើបបញ្ហាស្ងប់ទៅវិញ៕ប្រភព
(បុរសនិយាយទូរស័ព្ទ) ប្រធានក្រុមហ៊ុនម៊ីយ៉ន និងស្រ្តីជាប្រពន្ធ (រូបកណ្តាល) ដែលមិនអើពើ និងទទួលខុសត្រូវលើពលករ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.