គ្រូពេទ្យទី ក្រុងហមស៍ៈ គ្រប់គ្នា កំពុងរង់ចាំ សេចក្តីស្លាប់

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ស៊ីអិនអិន៖ សាកសពជាច្រើន ចាប់ផ្តើមដឹកជញ្ជូនសន្សឹមៗ ចូលមកទីក្រុងហមស៍ មុនពេលដែលព្រះអាទិត្យរះឡើងលើវេហា។ សាកសពមួយចំនួនបានមកដល់ ទីនេះដោយខ្លួនគ្មានក្បាល, ខ្លះទៀតមានដងខ្លួន ដាច់ដោចចេញពីគ្នា ដូចសត្វដែលត្រូវបានគេសម្លាប់ និងកាប់សាច់លក់ ហើយអវៈយវៈផ្សេងៗទៀត ត្រូវបានដាច់ដោច ដោយសារតែការវាយប្រហារ ដោយគ្រាប់បែក និងកម្ទេចកម្ទីនានាបង្កឡើងដោយគ្រឿងផ្ទុះនោះ។
    លោក អាលី ត្រូវបានគេបង្ហាត់ឲ្យទៅជាគ្រូពេទ្យមួយរូប ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ តើ អ្វីខ្លះដែលលោកអាចជួយបានប្រសិនបើមនុស្សទាំងនោះ ស្លាប់បាត់អស់ទៅហើយ? លោកបានប្រឈមមុខនឹងអ្នកជម្ងឺប្រមាណជា ១០០នាក់ ឬអាចច្រើនជាងនេះ ដែលពួកគេបានមក គ្លីនិកបណ្តោះអាសន្នរបស់លោក ស្ថិតនៅចំណុចក្តៅនៃតំបន់ បាបាអាម ក្នុងទីក្រុងហមស៍ ដើម្បីសុំការជួយសង្គ្រោះជាបន្ទាន់។ ប៉ុន្តែអ្វីដែលលោកអាចធ្វើបាននៅពេលនេះ គឺត្រឹមតែ ជួយរុំរបួសឲ្យពួកគេតែប៉ុណ្ណោះ។
    លោក អាលី បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ថាអ្វីដែល លោកមាននៅពេលនេះគឺ ស្បៃ, បង់រុំរបួស, និង ថ្នាំសម្លាប់មេរោគ មួយចំនួនតែប៉ុណ្ណោះ។ ជាងនេះទៅទៀត គ្លីនិករបស់លោកមិនមានឧបករណ៍សម្រាប់វះកាត់នោះទេ ដូច្នេះហើយ លោកមិនអាចជួយដល់ជនរងគ្រោះ ដែលបាត់បង់អវៈយវៈ ឬត្រូវកាត់អវៈយវៈណាមួយចេញនោះទេ។
    ក្រុមមន្ត្រីអឌ្ឍចន្ទក្រហមរបស់ប្រទេសស៊ីរី បានព្យាយាមចូលទៅកាន់តំបន់ បាបាអាមនេះ ដើម្បីផ្តល់ជំនួយថ្មី ពេទ្យដែលត្រូវការជាបន្ទាន់ ប៉ុន្តែលោក អាលី បានបញ្ជាក់ប្រាប់ព័ត៌មានឲ្យដឹងថា រថយន្តរបស់មន្ត្រីទាំងនោះត្រូវបានគេវាយប្រហារហើយ។ ពួកគេមិនអាចចូលមកដល់ តំបន់រងគ្រោះនេះឡើយដោយសារតែ កម្លាំងរដ្ឋាភិបាលស៊ីរី បានវាយសង្គ្រប់ទៅលើទីក្រុង ហមន៍នេះ ដូច្នេះពួកគេមានតែបង្ខំចិត្តរង់ចាំស្ថានការណ៍ប្រសើរឡើងតែប៉ុណ្ណោះ។
    គួរបញ្ជាក់ផងដែរថា តែរយៈពេលមួយថ្ងៃ នាថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះប៉ុណ្ណោះ មនុស្សជាង ១០០ នាក់ត្រូវបានគេសម្លាប់នៅទីក្រុងហមស៍។ នេះបើតាមការបញ្ជាក់ របស់គណកម្មាធិការសម្របសម្រួលប្រចាំតំបន់ ដែលជាបណ្តាញរបស់ក្រុមសកម្មជនប្រឆាំងនៅប្រទេសស៊ីរី។ ទីក្រុង ហមស៍ ជាទីក្រុងធំ លំដាប់ទី៣ នៅប្រទេសស៊ីរី ដែលក្នុងរយៈពេល ៥ថ្ងៃកន្លងទៅនេះត្រូវបាន កងកម្លាំងរបស់អាស្សាដ វាយបង្ក្រាបយ៉ាងចាស់ដៃ បណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់ ។
    អ្នកដែលរស់នៅ ទីក្រុងហមស៍ និងបានឃើញ ឮ សង្គ្រាមហែកហួរនេះដោយផ្ទាល់ បាននិយាយថា គ្រាប់រ៉ូកែត, កាំភ្លើងត្បាល់, កាំភ្លើងធំ, រថក្រោះ និង អាវុធជាច្រើនប្រភេទទៀត បានបាញ់ស្រោចលើតំបន់ បាបាអាម ស្ថិតនៅទីក្រុងហមស៍ ប្រៀបដូចភ្លៀងធ្លាក់ដូច្នោះដែរ។ លោក អូម៉ារ អ្នកឃើញហេតុការណ៍នេះ ផ្ទាល់បាននិយាយថា លោកបានមើលឃើញផ្ទាល់ភ្នែក នូវយន្តហោះចម្បាំងចំនួន ២ បានហោះទំលុះមេឃនៃរដូវរងារ ហើយបានទម្លាក់មកវិញ នូវគ្រាប់រ៉ូកែតចំនួន ៥គ្រាប់។ នេះបើតាមការរាប់របស់លោកតែម្តង។
    លោក អូម៉ារ ដែលជាសកម្មជន, អ្នកកាសែត និងជាប្រជាជនរស់នៅទីក្រុងហមស៍ផងនោះ បានជឿជាក់ថា រដ្ឋាភិបាលគឺកំពុងតែបង្ក្រាបតំបន់នេះ ពីព្រោះតែលោកបានបង្កើតនូវផ្កាយរណបមួយ ដែលភ្ជាប់នឹងផ្លូវបង្វាងទៅកាន់ទំនាក់ទំនងថ្មីមួយទៀត ព្រោះថាលោកចង់ឲ្យពិភពលោកដឹងឲ្យកាន់តែច្បាស់ និងពិតប្រាកដថា មានអ្វីខ្លះដែលបានកើតឡើងនៅទីនេះ។
    លោក អូម៉ារ បាននិយាយថា តំបន់ បាបាអាម គឺត្រូវបានរំដោះហើយប្រជាជននៅទីនេះ មិនដែលចង់បោះបង់ចោល ឬដើរថយក្រោយនោះទេ។ លោក បានបញ្ជាក់ថា លោកបានយល់ ឮ និងឃើញផ្ទាល់ភ្នែកហើយនូវសង្គ្រាម ហើយលោកក៏បានត្រៀមខ្លួនរួចរាល់ដែរដើម្បីវា ព្រោះថា លោកបានប្រៀបធៀបខ្លួនឯងដូចជាថ្មមួយដុំ ដូច្នោះឯង។
    ចំពោះសកម្មជនមួយចំនួនទៀតបាននិយាយថា ពួកគេចង់ឲ្យអង្គការសហប្រជាជាតិចូលធ្វើអន្តរាគមន៍ទៅលើបញ្ហានេះ ព្រោះថាពួកគេហាក់ដូចជាកំពុងតែរង់ចាំ សេចក្តីស្លាប់ ដែលមិនដឹងថាមកដល់នៅពេលណាទេ។ ប្រជាជនខ្លះបាននិយាយប្រាប់ទូរទស្សន៍ CNN ថាពួកគេ បានអង្គុយមើលការវាយប្រហារគ្នាតាមមាត់បង្អួច ដោយភាពតក់ស្លុក ហើយបានត្រឹមតែបន់ស្រន់កុំឲ្យគ្រាប់ទាំង នោះធ្លាក់ចំកន្លែងដែលពួកគេរស់នៅតែប៉ុណ្ណោះ។
    ចំពោះស្ថានការណ៍នៅប្រទេសស៊ីរីនេះដែរ គឺលំបាកខ្លាំងណាស់នៅក្នុងការរកដំណោះស្រាយ ដោយសារតែប្រទេសស៊ីរីមានសម្ព័ន្ធមិត្តរបស់ខ្លួនយ៉ាងរឹងមាំដូចជាចិន និង រុស្ស៊ី ហើយប្រទេសទាំងពីរនេះ នឹងជំទាស់ជានិច្ចទៅលើសេចក្តីសម្រេចណាមួយ ដែលចង់ឲ្យអង្គការសហប្រជាជាតិ ចូលធ្វើអន្តរាគមន៍នៅប្រទេសស៊ីរីនោះ ហើយបើយើងនិយាយពីបញ្ហារំលោភ សិទ្ធិមនុស្ស ដែលកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ីរី ទៅកាន់ប្រទេសចិន និងរុស្ស៊ីនោះ វាពិតជា មិនបានទទួលការយកចិត្តទុកដាក់ នោះឡើយ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.